រូបភាពមួយសន្លឹកថតដោយយាន Perseverance Rover មើលទៅស្រដៀងនឹងរូបឥន្ធនូនៅលើភពអង្គារ​
ដោយ​ ៖ ធានស៊ីញ | 3 ខែមុន SHARE

 

តាមតែយើងបានដឹងមក បរិយាកាសនៅលើភពអង្គារ គឺមិនមានអំណោយផល សម្រាប់ការមានជីវិតរស់នៅបានឡើយ ក៏ព្រោះតែភពមានសភាពហួតហែង និងមិនមានប្រភពបន្តិចណាសោះ។ ដោយឡែក កាលពីថ្ងៃទី 4 ខែមេសា ថ្មីៗនេះ យាន Perseverance Rover ដែលកំពុងតែបំពេញបេសកកម្ម នៅលើភពអង្គារនោះ បានផ្ដិតយករូបភាពមួយសន្លឹក ដែលមើលទៅហាក់បីដូចជា ពន្លឺឥន្ធនូ អញ្ចឹង។ តែក៏ត្រូវបដិសេធវិញ ដោយអង្គការ NASA ផ្ទាល់តែម្ដង ថាវាមិនមែនជាពន្លឺឥន្ធនូអ្វីនោះឡើយ។

មិនខុសទេ រូបភាពមួយសន្លឹកនោះ ក៏ត្រូវបានចាកចាយពាសពេញអ៊ីនធើរណេត ដែលបានធ្វើឲ្យមនុស្សជាច្រើនបានចោទជាសំណួរ ថាតើវាជាការពិត ឬយ៉ាងណា ការដែលនៅលើភពអង្គារ អាចមានពន្លឺឥន្ធនូ បែបនេះ។ យ៉ាងណាមិញ ខាងអង្គការ NASA ក៏បានចេញមុខបកស្រាយថា វាមិនអាចទៅរួចទេ ដែលថានៅលើភពអង្គារអាចមានពន្លឺឥន្ធនូ នៅទីនោះ ព្រោះថាពន្លឺឥន្ធនូអាចកើតឡើងបាន លុះត្រាតែមានតំណក់ទឹក បូករួមជាមួយចំណាំងផ្លាតនៃពន្លឺប៉ុណ្ណោះ។ ជាក់ស្តែង នៅលើភពអង្គារ គឺមានសីតុណ្ហភាពត្រជាក់ខ្លាំង ហើយអាចធ្វើឲ្យអង្គធាតុរាវផ្សេងៗ កកបាន ដូច្នេះវាមិនអាចមានវត្តមាន របស់តំណក់ទឹកបាននោះឡើយ។ ចំណែកឯ រូបភាពដែលមើលទៅដូចជា ពន្លឺឥន្ធនូនោះ គឺវាគ្រាន់តែជាចំណាំងផ្លាត នៃលែនកាមេរ៉ា (Lens Flare) របស់យាន Perseverance Rover ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ យាន Perseverance Rover ក៏ទើបតែទម្លាក់ កូនឧទ្ធម្ភាគចក្រខ្នាតតូចមួយ របស់ខ្លួន ហើយបានបញ្ជាហោះសាកល្បង នៅលើភពពណ៌ក្រហមនេះផងដែរ។ ចំណែក យាន Perseverance Rover វិញ ក៏កំពុងតែខិតខំប្រមូលយក និងសិក្សាអំពីព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងការស្វែងតម្រុយជីវិតភាវៈរស់ ពីអតីតកាលដដែល។ រហូតមកដល់ពេលនេះ ការបំពេញបេសកកម្ម នៅលើភពអង្គារនោះ បានរយៈពេលជាង 2 ខែមកហើយ។

ដោយ​ ៖ Space
អត្ថបទទាក់ទង