រឿង Resident Evil: Welcome to Raccoon City ត្រូវបានពន្យាពេលចាក់បញ្ចាំងទៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2021 វិញ​
ដោយ​ ៖ មុនិនាថ | 1 ខែមុន SHARE

 

Resident Evil គឺជាយីហោហ្គេមប្រភេទបាញ់ខ្មោច Zombie ដ៏ល្បីឈ្មោះមួយនៅជុំវិញពិភពលោក ដោយវាចេញវគ្គដំបូងតាំងពីឆ្នាំ 1996 មកម្លេះ និងកំពុងបន្តវគ្គមកដល់ពេលបច្ចុប្បន្ននេះផងដែរ។ មួយវិញទៀត Resident Evil មិនមែនមានតែហ្គេមមួយមុខនោះទេ វាក៏ត្រូវបានគេយកមកផលិតជារឿងប្រភេទ Live-Action និងជាប្រភេទ 3D Animation ថែមទៀតផង។ ជាក់ស្តែង កាលពីប៉ុន្មានខែមុននេះ Sony បានប្រកាសថា ពួកគេកំពុងផលិតជារឿងប្រភេទ Live-Action ថ្មីមួយទៀត មានឈ្មោះថា Resident Evil: Welcome to Raccoon City ហើយគ្រោងនឹងចាក់បញ្ចាំងក្នុងថ្ងៃទី 3 ខែកញ្ញា ឆ្នាំ2021 ខាងមុខនេះ។ ដោយឡែក ក្នុងថ្ងៃនេះមានដំណឹងគួរឲ្យសោកស្តាយមួយថា Resident Evil: Welcome to Raccoon City នឹងត្រូវលើកពេលចាក់បញ្ចាំងចំនួន 2 ខែ បន្ថែមទៀតទៅវិញ។

ជាការពិតណាស់ បើតាមរយៈគេហទំព័រ IGN បានឲ្យដឹងថាភាពយន្ត Resident Evil: Welcome to Raccoon City ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ2021 នេះ នឹងត្រូវលើកទៅចាក់បញ្ចាំងនៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ2021 វិញ។ យ៉ាងណាមិញ យើងមិនទាន់បានដឹងថា ហេតុអ្វីបានជា Sony លើកពេលចាក់បញ្ចាំងរឿង Resident Evil ថ្មីនេះឲ្យប្រាកដនោះទេ។ ប៉ុន្តែបើយោងតាមគេហទំព័រ Variety បានសន្និដ្ឋានថា Sony ធ្វើបែបនេះប្រហែលជាខ្លួនមិនចង់ចាក់បញ្ចាំងជាន់ថ្ងៃគ្នាជាមួយនឹងរឿងរបស់ Disney Marvel គ្រោងនឹងបញ្ចេញគឺ Shang-Chi and The Legend of the Rings។ គួររំលឹកផងថា រឿង Resident Evil: Welcome to Raccoon City នេះ ត្រូវបានដឹកដោយលោក Johannes Roberts ដែលសាច់រឿងគឺមិនយកលំនាំតាមភាពយន្ត Resident Evil ប្រភេទ Live-Action ដែលចេញកាលពីប៉ុន្មានឆ្នាំមុនរបស់លោក Paul W. S. Anderson នោះទេ។ ដោយលោក Johannes Robert ចង់ធ្វើឲ្យរឿងនេះមានលក្ខណៈរន្ធត់ខ្លាំង និងយកលំនាំតាមហ្គេម Resident Evil វគ្គ 1 និង 2 ដែលមាន Chris, Claire Redfield, Jill Valentine និង Leon S. Kennedy ជាដើម។

សរុបមកវិញ វាក៏ពិតជាដំណឺងគួរឲ្យសោកស្តាយមួយផងដែរ សម្រាប់អ្នកគាំទ្រយីហោហ្គេម និងភាពយន្ត Resident Evil មួយនេះ ដោយពួកគេត្រូវរង់ចាំរយៈពេល 2 ខែបន្ថែមទៀត ឯណោះ ទើបបានទស្សនា។ អញ្ចឹង យើងមានតែសង្ឃឹមថា Sony នឹងមិនលើកថ្ងៃទៀតទៅចុះ ព្រោះលើកថ្ងៃបញ្ចាំងចំនួន 2 ខែបន្ថែមទៀតនេះ វារាងយូរបន្តិចហើយ បើប្រៀបទៅនឹងរឿង Mortal Kombat វិញ គេលើកថ្ងៃបញ្ចាំងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

ដោយ​ ៖ IGN
អត្ថបទទាក់ទង