Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ហាក់បីដូចជា ព័ត៌មានដែលក្រុមការងារយើងទទួលបាន អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ៊ីចឹង ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft នឹងក្លាយទៅជាអ្នកផ្គត់ផ្គង់វ៉ែនតា AR (Augmented Reality) ទៅឲ្យកងទ័ពសហរដ្ឋអាមេរិក ចាប់ពីពេលបច្ចុប្បន្ននេះ រហូតដល់ពេល 10 ឆ្នាំខាងមុខទៀត។ បើយោងតាមព័ត៌មានបរទេស CNBC បានចុះផ្សាយឲ្យដឹងថា Microsoft នឹងផ្គត់ផ្គង់វ៉ែនតា AR ជាមួយបច្ចេកវិទ្យា HoloLens ទៅដល់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងចំនួនរហូតដល់ទៅ 12 ម៉ឺនគ្រឿងឯណោះ។

ជាការពិតណាស់ វ៉ែនតា AR របស់ Microsoft នឹងក្លាយជាជំនួយការដល់ កងទ័ពសហរដ្ឋអាមេរិក នៅក្នុងសមរភូមិ ដោយផ្នែកផ្ទៃកញ្ចក់អេក្រង់ នៅលើឧបករណ៍ HoloLens គឺមានភ្ជាប់មកនូវត្រីវិស័យ សម្រាប់បង្ហាញទិសដៅ ទៅកាន់តំបន់ណាមួយ និងអាចធ្វើការបង្ហាញពីទីតាំង របស់កងទ័ពណាម្នាក់ ទៅឲ្យមិត្តកងទ័ពផ្សេងៗ ថែមទៀតផង។ លើសពីនេះ វាក៏អាចបង្ហាញជានិមិត្តសញ្ញា សំដៅទៅកាន់ទីតាំងណាមួយ ដែលកងទ័ពបានតម្រង់កាំភ្លើង ទៅកាន់ទីនោះតែម្ដង ដើម្បីជួយឲ្យបាញ់ចំត្រឹមត្រូវល្អ។

ចំណែកឯកញ្ចក់អេក្រង់នោះ គឺជាប្រភេទ FLIR ដូច្នេះ វ៉ែនតា HoloLens អាចជួយឲ្យកងទ័ពអាមេរិក មើលនៅពេលងងឹតបាន (Night Vision) និងអាចមើលឃើញសត្រូវបាន នៅក្នុងតំបន់ព្រៃ ហើយព្រមទាំងពេលមានផ្សែងច្រើន ជាដើម។ ចំពោះទឹកប្រាក់ដែល Microsoft ទទួលបានលើការផ្គត់ផ្គង់វ៉ែនតា AR របស់ខ្លួននេះ ត្រូវបានគេរាយការណ៍មកថាបានចំនួនខ្ទង់ 21.88 ពាន់លានដុល្លារ ជាមួយកិច្ចសន្យាផ្គត់ផ្គង់ 10 ឆ្នាំនោះ។

ហេតុដូច្នេះហើយ បច្ចេកវិទ្យានៅក្នុងវ៉ែនតា HoloLens របស់ក្រុមហ៊ុន Microsoft ប្រាកដជាឧបករណ៍ជំនួយដ៏ល្អមួយ សម្រាប់ក្នុងពេលសង្រ្គាម នៅពេលអនាគតខាងមុខនេះ។ ទាំងអស់នេះជាព័ត៌មាន ដែលយើងទទួលបាន ក្នុងពេលបច្ចុប្បន្ននេះ ដោយសង្ឃឹមថា Microsoft នឹងចែករំលែកបន្ថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខទៅចុះ។

ដោយ​ ៖ CNBC
អត្ថបទទាក់ទង