រឿង Mortal Kombat ប្រភេទ Live-Action ត្រូវបានពន្យាពេលចាក់បញ្ចាំងទៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2021 វិញ
ដោយ​ ៖ មុនិនាថ | 5 ខែមុន SHARE

 

Mortal Kombat គឹជាឈ្មោះហ្គេមវៃគ្នាមួយទល់មួយ ដ៏ល្បីឈ្មោះមួយទូទាំងពិភពលោក ដែលត្រូវបានប្រកាសដាក់ឲ្យលេងដំបូងតាំងពីឆ្នាំ 1992 មកម្លេះ ហើយវានៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ វាក៏ត្រូវបានក្រុមហ៊ុន Warner Bros បានសុំសិទ្ធយកទៅផលិតជារឿង ប្រភេទ Live-Action។ ដំបូងឡើយ រឿងមួយនេះ ត្រូវបានគេកំណត់ថា នឹងត្រូវចាក់បញ្ចាំងក្នុងរោងកុន និងសេវាកម្ម HBO Max នៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2021 ខាងមុខនេះ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក៏មានដំណឹងមួយថា រឿង Mortal Kombat នឹងត្រូវលើកថ្ងៃបញ្ចាំងវិញ។

ជាការពិតណាស់ បន្ទាប់ពី Warner Bros ទើបតែបានបញ្ចេញរឿង Godzilla vs Kong ត្រឹមតែប៉ុន្មានម៉ោង នៅក្នុងសេវាកម្មរបស់ HBO Max រួចមក ពួកគេបានធ្វើការប្រកាសផ្លាស់ប្តូរថ្ងៃបញ្ចាំងរឿង Mortal Kombat ទៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2021 វិញ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងអំពីមូលហេតុអ្វី បានជា HBO ធ្វើការលើកថ្ងៃបញ្ចាំងរឿង Mortal Kombat នេះនៅឡើយទេ ប្រហែលជា Warner Bros មិនចង់បញ្ចាំងរឿងល្បីៗកៀកថ្ងៃគ្នាពេក ឬក៏អាចមកពីបញ្ហាផ្សេងទៀតក៏ថាបានដែរ។ គួររំលឹកផងដែរថា រឿង Mortal Kombat នេះ ត្រូវបានដឹកនាំដោយលោក Simon McQuoid ហើយវាយកលំនាំតាមហ្គេម Mortal Kombat តែម្តង។ បន្ថែមពីនេះ រឿងនេះក៏បានបញ្ចូលតួអង្គនៅក្នុងហ្គេមជាច្រើនមានដូចជា Sub-Zero, Scorpion, Liu Kang និងតួអង្គសំខាន់ៗជាច្រើនទៀត ដោយពួកគេត្រូវប្រយុទ្ធគ្នាមួយទល់មួយ ដើម្បីសម្រេចជោគវាសនារបស់ផែនដី។

សរុបមកវិញ នេះអាចថាជាដំណឹងគួរឲ្យសោកស្តាយមួយ សម្រាប់អ្នកគាំទ្រហ្គេម Mortal Kombat ដែលខំទន្ទឹមរងចាំរឿង Mortal Kombat ប្រភេទ Live-Action មួយនេះ អស់រយៈពេលយូរមកហើយ ប៉ុន្តែឥឡូវវាក៏ត្រូវបានលើកថ្ងៃបន្ថែមទៀត។ អញ្ចឹង យើងមានតែរង់ចាំរឿងនេះប៉ុន្មានថ្ងៃបន្ថែមទៀតប៉ុណ្ណោះ ហើយសង្ឃឹមថា Warner Bros មិនលើកថ្ងៃវាបន្តទៀតចុះ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង