ខ្សែភាពយន្ដខ្នាតធំ Godzilla vs Kong រកចំណូលសរុបបានខ្ទង់ 122 លានដុល្លារក្នុងសប្ដាហ៍ដំបូង
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

បើទោះបីជាខ្សែភាពយន្ដ Godzilla vs Kong លក្ខណៈខ្នាតធំរបស់ផលិតកម្ម Warner Bros. Pictures និង Legendary Entertainment មិនទាន់ត្រូវបានចាក់បញ្ចាំងនៅស្រុកយើង និងនៅសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្ដែវាត្រូវបានចាក់បញ្ចាំងជាផ្លូវការ នៅរោងកុនប្រទេសចិន និងប្រទេសមួយចំនួនទៀតហើយ។ ចំពោះមួយសប្ដាហ៍ដំបូង នៃការចាក់បញ្ចាំងនោះ ពួកគេអាចរកប្រាក់ចំណូលបាន សរុបរហូតដល់ទៅខ្ទង់ 122 លានដុល្លារឯណោះ ដោយមួយចំណែកធំនៅក្នុងនោះ បានមកពីប្រទេសចិនតែម្ដង។

ខណៈពេលដែល ការបូករួមសរុបជុំវិញពិភពលោក ខ្សែភាពយន្ដខ្នាតធំ Godzilla vs Kong ទទួលបានសរុបខ្ទង់ 122 លានដុល្លារក្នុងសប្ដាហ៍ដំបូង ដោយឡែក ចំនួនទឹកប្រាក់ខ្ទង់ 70 លានដុល្លារក្នុងចំណោមនោះ ត្រូវទទួលបានមកពី អ្នកទស្សនានៅក្នុងប្រទេសចិន។ ជាការពិតណាស់ នេះពិតជាខ្សែភាពយន្ដមួយ ដ៏កម្រនឹងមានផលិតឡើងមែនទែន ព្រមទាំងធ្វើឲ្យអ្នកទស្សនាចង់ដឹងថា នរណាគេជាអ្នកឈ្នះការប្រយុទ្ធគ្នានេះ ថែមទៀតផង។

ប្រសិនបើប្រិយមិត្តអ្នកអានមួយចំនួន មិនទាន់បានទស្សនាខ្សែភាពយន្ដ ទាក់ទងទៅនឹង មេសត្វចម្លែកទាំងពីរនេះនៅឡើយទេ ដូច្នេះអ្នកអាចទស្សនាចាប់ផ្ដើមពី Godzilla (2014) > Kong: Skull Island (2017) > Godzilla: King of the Monsters (2019) និងចុងក្រោយ Godzilla vs. Kong (2021) នេះ។

ចំណែកឯចម្លើយដ៏ពិសេសមួយ ថាតើ Godzilla ឬក៏ Kong ជាអ្នកឈ្នះក្នុងការប្រកួតនេះ នោះគឺយើងមានតែធ្វើការ រង់ចាំតាមដានទស្សនា នៅពេលខាងមុខនេះប៉ុណ្ណោះ។ ក្រុមការងារយើងក៏សង្ឃឹមថា ស្ថានភាពអាចត្រឡប់ទៅល្អវិញ ក្នុងពេលឆាប់ៗនេះទៅចុះ ដើម្បីអាចឲ្យចេញទៅក្រៅ បានដោយសុវត្ថិភាពដូចពីមុន។

ប្រភព ៖ Screen Rant
អត្ថបទទាក់ទង