ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ដើម្បីជាការពង្រីកអាជីវកម្មហ្គេមរបស់ខ្លួន ByteDance ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី TikTok ដ៏ល្បីឈ្មោះមួយ បានសម្រេចចិត្តធ្វើការទិញយក Moonton Technology ត្រូវជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ដ៏ល្បីល្បាញមួយទៀតដែរ។ បើយោងទៅតាមប្រភពរបស់ សារព័ត៌មានបរទេស Reuters បានលើកឡើងមកឲ្យដឹងថា ByteDance បានចំណាយទឹកប្រាក់សរុបខ្ទង់ 4 ពាន់លានដុល្លារ សម្រាប់ការទិញយក Moonton Technology ផងដែរ។

ក្រុមហ៊ុន Moonton Technology ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ 2014 កន្លងទៅនេះ ដោយអតីតបុគ្គលិកធ្លាប់ធ្វើការនៅ Tencent ម្នាក់ ហើយទទួលបានជោគជ័យមែនទែន ជាមួយហ្គេម Mobile Legends របស់ពួកគេ។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ 2017 មក ក្រុមហ៊ុន Tencent និង Riot Games (បង្កើតហ្គេម League of Legends) បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់ Moonton Technology អំពីការលួចចម្លងគំនិតរបស់គេ ថែមទៀតផង។

រហូតទៅដល់ឆ្នាំ 2018 ទើបក្រុមហ៊ុនទាំងពីរបានឈ្នះក្ដី ហើយទទួលបានទឹកប្រាក់សំណងចំនួនខ្ទង់ 2.89 លានដុល្លារ ពីក្រុមហ៊ុន Moonton Technology វិញ។ សម្រាប់គម្រោងថ្មីៗបន្ទាប់ពី ត្រូវបានទិញយកដោយ ByteDance រួចមកហើយ គឺនៅមិនទាន់ប្រកាសប្រាប់នៅឡើយទេ ដូច្នេះយើងមានតែរង់ចាំតាមដានបន្ដទៀត។

ហេតុដូច្នេះហើយ នេះពិតជាបានធ្វើឲ្យ ByteDance នឹងក្លាយទៅជាគូប្រជែងមួយកាន់តែធំទៀត សម្រាប់ Tencent តែម្ដង ដោយក្រុមហ៊ុនទាំងពីរនេះ មិនសូវជាពេញចិត្តគ្នាប៉ុន្មានឡើយ។ ចំណែកឯអ្នកនិយមលេងហ្គេម Mobile Legends នឹងគួរតែមិនអ្វីដែលត្រូវប៉ះពាល់នោះទេ គឺគ្រាន់តែក្រុមហ៊ុនផលិតហ្គេមនេះ ត្រូវផ្លាស់ប្ដូរអ្នកគ្រប់គ្រងប៉ុណ្ណោះ។

ដោយ​ ៖ Reuters
អត្ថបទទាក់ទង