Netflix បានសហការជាមួយផលិតកម្ម I.G. Production ដើម្បីផលិតរឿងភាគ The Terminator បែបគំនូរជីវចល​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

សម្រាប់អ្នកដែលនិយមគាំទ្រខ្សែភាពយន្ដហូលីវូដ បែបលក្ខណៈវិទ្យាសាស្ដ្របាញ់ ប្រហារ និងលាយឡំជាមួយការប្រយុទ្ធគ្នារវាងមនុស្ស និង មនុស្សយន្ដ កន្លងមកនោះ ប្រាកដជាធ្លាប់បានទស្សនាខ្សែភាពយន្ដ The Terminator រួចមកហើយ។ ដោយរឿងនេះត្រូវបានផលិតរហូតដល់ទៅ 6 រឿង គិតចាប់ពីឆ្នាំ 1984 មក ហើយនៅពេលនេះ Netflix ក៏កំពុងតែរួមគ្នាសហកាណ៍ជាមួយផលិតកម្ម I.G. Production ក្នុងការផលិត The Terminator ទៅជាខ្សែភាពយន្ដភាគបែបគំនូរជីវចល (Anime) វិញម្ដង។

មិនខុសទេ ក្រុមហ៊ុន Netflix កំពុងតែសហការជាមួយផលិតកម្ម I.G ប្រទេសជប៉ុនក្នុងការផលិតនូវរឿងភាគបែប Anime ដែលដកស្រង់ចេញពីខ្សែភាពយន្ដហូលីវូដដ៏ល្បីមួយ The Terminator។ ដោយមានការចូលរួមសហការពីលោក Matt Tomlin ដែលគេស្គាល់ថាជាអ្នកនិពន្ធរឿងលក្ខណៈបែបវីរបុរសឲ្យក្រុមហ៊ុន Netflix គឺរឿង Project Power ហើយក៏ជាសហអ្នកនិពន្ធរឿង Batman និងខ្សែភាពយន្ដភាគដទៃទៀតផងដែរ។ នេះក៏មិនមែនជាលើកទីមួយទេដែរ Netflix សហការណ៍ជាមួយផលិតកម្ម I.G. ក្នុងការផលិតខ្សែភាពយន្ដភាគ ដោយកន្លងមកយើងឃើញមានខ្សែភាពយន្ដ Anime មួយចំនួនដូចជា B: The Beginning ដែលបានដាក់ឲ្យទស្សនាដំបូងនៅលើ Netflix ក្នុងឆ្នាំ 2018 ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមលោក John Derderian អនុប្រធាន Netflix នៃប្រទេសជប៉ុនបានឲ្យដឹងថា នៅក្នុងខ្សែភាពយន្ដភាគ The Terminator បែប Anime ថ្មីនេះ នឹងនាំអារម្មណ៍អ្នកទស្សនាឲ្យស្វែងយល់ពីពិភពរបស់ The Terminator បន្ថែមទៀត ដែលពុំធ្លាប់មាននៅក្នុងខ្សែភាពយន្ដបែប Live Action ពីមុនមកឡើយ។

ជាងនេះទៅទៀត យើងអាចនឹងបានទស្សនានូវឈុតឆាកថ្មីៗ ជាច្រើននៃការប្រយុទ្ធគ្នារវាងមនុស្ស និងគ្រឿងម៉ាស៊ីន ក្រោមការសហការណ៍ពីផលិតកម្ម Skydance Media ជាអ្នកដឹកនាំផលិតខ្សែភាពយន្ដ The Terminator កាលពី 2 រឿងចុងក្រោយកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Netflix កន្លងមកក៏បានសហការជាមួយផលិតកម្មនៅប្រទេសជប៉ុនចំនួន 4 ដោយក្នុងមានដូចជា ANIMA&COMPANY, Science SARU, MAPPA និង Studio Mir ក្នុងការផលិតខ្សែភាពយន្ដភាគបែប Anime សម្រាប់ដាក់ឲ្យអ្នកទស្សនានៅកម្មវីធី Netflix។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង