របៀបលុបទិន្នន័យទាំងអស់ចេញពីទូរសព្ទឆ្លាត Android ដែលបានបាត់ មិនអាចរកឃើញវិញ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ ក៏ដូចជាធ្លាប់បានដឹងពីរបៀបប្រើប្រាស់ មុខងារ Find My Device នៅលើឧបករណ៍ Android រួចមកហើយ ដោយមុខងារនេះ វាអាចជួយឲ្យអ្នកប្រើប្រាស់ ធ្វើការស្វែងរកទូរសព្ទឆ្លាត ឬឧបករណ៍ Android របស់គេដែលបានបាត់ ដោយប្រើប្រាស់ Google Account។ យ៉ាងណាក៏ដោយ មុខងារខាងលើ មិនប្រាកដថា នឹងអាចជួយឲ្យអ្នកដែលបាត់ឧបករណ៍ Android នោះ រកឃើញវិញមួយរយភាគរយឡើយ ដូច្នេះពេលនេះ យើងណែនាំពីរបៀប នៃការលុបទិន្នន័យចេញពីឧបករណ៍ដែលបាត់នោះ ដើម្បីរក្សាសុវត្ថិភាពដល់ម្ចាស់ដើម។

មិនខុសទេ របៀបនៃការលុបទិន្នន័យចេញពីទូរសព្ទឆ្លាត ឬថេប្លេតដែលបាត់ ក៏ស្ថិតក្នុងមុខងារ Find My Device នោះដែរ ប៉ុន្តែមុននឹងចូលដល់ដំណាក់លុបទិន្នន័យ យើងក៏សូមបង្ហាញអ្នកទាំងអស់ ពីរបៀបស្វែងរកឧបករណ៍ Android ដែលបានបាត់ជាមុនសិន ក្រែងមានប្រិយមិត្តមួយចំនួន គាត់មិនទាន់បានដឹង។ ត្រូវចាំថា ដើម្បីឲ្យមុខងារដែលយើងនឹងរៀបរាប់ខាងក្រោមនេះ ដំណើរការទៅបាន អ្នកទាំងអស់គ្នាត្រូវប្រាកដថាមុខងារ Find My Device ក្នុង Setting នៃទូរសព្ទឆ្លាត ឬថេប្លេត Android ដែលបាត់របស់អ្នក គឺបានបើករួចជាស្រេច ហើយទន្ទឹមគ្នានឹងការបើកមុខងារនេះ ឧបករណ៍ Android ដែលអ្នកបានបាត់នោះ ក៏ចាំបាច់ស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោមដែរ៖

• ឧបករណ៍ដែលបាត់នោះ កំពុងបើកដំណើរការធម្មតា 

• បានភ្ជាប់ជាមួយគណនី Google របស់អ្នករួចជាស្រេច

• ឧបករណ៍ដែលបាត់នោះ កំពុងភ្ជាប់ទៅកាន់អ៊ីនធើណេត (Mobile Data ឬ Wi-Fi)

• ឧបករណ៍ដែលបាត់នោះ ក៏ចាំបាច់ត្រូវមានបើក Location ស្រេចដែរ។

ពិតណាស់ បើចង់ស្វែងយកទូរសព្ទឆ្លាត ឬឧបករណ៍ដែលអ្នកបានបាត់នោះ អ្នកអាចយកឧបករណ៍ផ្សេងណាមួយ (កុំព្យូទ័រ, ទូរសព្ទឆ្លាត, ថេប្លេត...) ចូលទៅកាន់វេបសាយ Find My Device ក្នុង Google (ឬុកម្មវិធីដែលទាញយកចេញពី Play Store) ប៉ុន្តែត្រូវប្រាកដថា ឧបករណ៍ដែលអ្នកបានប្រើដើម្បីចូលទៅវេបសាយខាងលើ ក៏បានភ្ជាប់ជាមួយគណនី Google ដូចគ្នានឹង គណនីគោលលើឧបករណ៍ ដែលអ្នកបានបាត់នោះដែរ។ បន្ទាប់ពីចូលទៅកាន់វេបសាយនោះហើយ អ្នកនឹងឃើញឈ្មោះឧបករណ៍ ដែលបាត់នោះ (បើឃើញឧបករណ៍ច្រើនម៉ូឌែល អ្នកត្រូវជ្រើសយកឧបករណ៍ដែលបានបាត់) ជាមួយនឹងផែនទីបង្ហាញពីទីតាំងចុងក្រោយ នៃឧបករណ៍របស់អ្នក ដើម្បីឲ្យអ្នកអាចធ្វើដំណើរតាមទីតាំងនោះ ទៅរកឧបករណ៍ដែលបាត់បាន (ក្នុងករណីដែលវាអាចចាប់ទីតាំងបាន)។ ប៉ុន្តែបើសិនជាផែនទីនោះ មិនផ្តល់ផលមកវិញនោះទេ  អ្នកត្រូវបន្តទៅមើលជម្រើស 3 នៅផ្នែកខាងក្រោមនោះ (ស្ថិតផ្នែកខាងក្រោម សម្រាប់ទូរសព្ទឆ្លាត រិឯកុំព្យូទ័រជម្រើសទាំង 3 ស្ថិតនៅខាងកៀនវិញ) ដោយមានដូចជា Play Sound, Secure Device និងចុងក្រោយគឺ Erase Device ដែលជាមុខងារ យើងចង់ណែនាំហ្នឹងឯង។ 

សម្រាប់ជម្រើសដំបូង Play Sound គឺមាននាទីធ្វើឲ្យឧបករណ៍កំពុងបាត់នោះ រោទិ៍សម្លេងឡើងក្នុងរយៈពេល 5 នាទី ខណៈពេលដែលជម្រើសទី 2 ហៅថា Secure Device នោះវិញ គឺអនុញ្ញាតឲ្យអ្នកដាក់បញ្ចូលនូវសារខ្លីមួយ ព្រមទាំងលេខទូរសព្ទ ដើម្បីបង្ហាញលើឧបករណ៍ដែលបាត់នោះ សម្រាប់ឲ្យអ្នកដែលរើសបាន អាចទំនាក់ទំនងមកកាន់អ្នកវិញ។ ជារឿយៗនៅពេលបាត់ទូរសព្ទឆ្លាត ឬឧបករណ៍ Android ផ្សេងៗនោះ គឺយើងមានសង្ឃឹមតិចមែនទែនថា អាចនឹងរកឃើញវាវិញ ដូច្នេះបើសិនជាអ្នក បានប្រើវិធីខាងលើអស់ហើយ នៅតែមិនបានផល ជម្រើសចុងក្រោយ គឺជាចំណុច Erase Device នេះឯង។ 

ជម្រើស Erase Device នេះ វាអាចឲ្យអ្នកលុបទិន្នន័យទាំងស្រុង ចេញពីឧបករណ៍ដែលបាត់នោះបាន បើទោះជាពេលដែលអ្នកកំណត់យកមុខងារនេះ ឧបករណ៍នោះ មិនមានបើក Location ឬមួយក៏មិនបានភ្ជាប់អ៊ីនធើណេតក៏ដោយ ដោយវានឹងធ្វើការលុបភ្លាមៗ ពេលដែលឧបករណ៍នោះ បានភ្ជាប់ទៅកាន់អ៊ីនធើណេតជាថ្មីម្ដងទៀត។ 

ដូច្នេះហើយជម្រើសចុងក្រោយ គឺជាវិធីការពារសុវត្ថិភាពដល់ម្ចាស់ដើមនៃឧបករណ៍ Android ក្នុងករណីដែលគេអស់លទ្ធភាព ក្នុងការស្វែងរកឧបករណ៍នោះហើយ មួយវិញទៀត នៅពេលដែលអ្នកបានកំណត់យកមុខងារលុបទិន្នន័យនេះ  បន្ទាប់ពីលុបហើយ ឧបករណ៍ដែលបាត់ វានឹងទាមទារឲ្យដាក់បញ្ចូលនូវគណនី Google របស់អ្នកសារជាថ្មី ដូច្នេះអ្នកដែលរើសបាន គេនឹងមិនអាចប្រើទូរសព្ទឆ្លាតនោះបានឡើយ ព្រោះគេមិនដឹងពីគណនី Google ព្រមទាំងពាក្យសម្ងាត់របស់អ្នកនោះទេ (អាចប្រើបានលុះត្រាតែ ពួកគេដឹងពីរបៀបក្នុងការ Factory Reset ទូរសព្ទឆ្លាតនោះដោយផ្ទាល់ តាមរយៈប៊ូតុង)។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង