Xiaomi ប្រាប់ច្បាស់ហើយថា ខ្លួនមិនទាន់បានសម្រេចលើគម្រោងផលិតរថយន្ដអគ្គិសនីទេក្នុងពេលនេះ​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

កាលពីថ្មីៗ នេះមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតទូរសព្ទលំដាប់ថ្នាក់លេខ 3 លើពិភពលោក Xiaomi កំពុងតែមានគម្រោងក្នុងការផលិតរថយន្ដទំនើបដំបូងរបស់ខ្លួន។ តែនៅពេលនេះ មានការអះអាងជាផ្លូវការពីក្រុមហ៊ុន Xiaomi ដោយផ្ទាល់ថា គម្រោងមួយនេះមិនទាន់បានសម្រេចចេញជាផ្លូវនោះទេ។

យោងទៅតាមសារព័ត៌មាន TechSina បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរសព្ទនៅប្រទេសចិនមួយនេះកំពុងតែលេចលឺនូវពាក្យចចាមអារ៉ាម អំពីគម្រោងក្នុងការផលិតរថយន្ដដំណើរការដោយថាមពលអគ្គិសនី តែមិនទាន់ប្រភពណាមួយចេញមកបញ្ជាក់ឲ្យច្បាស់លាស់នោះទេ។ យ៉ាងណាមិញ Xiaomi ពិតជាធ្លាប់បានផ្ដល់ដំណឹងដល់សារព័ត៌មានអំពីគម្រោងក្នុងការដាក់លក់រថយន្ដអគ្គិសនីរបស់ខ្លួននៅលើទីផ្សារប្រាកដមែន ក៏ប៉ុន្ដែគម្រោងមួយនេះគ្រាន់តែជាលើកឡើងសិនប៉ុណ្ណោះ ដោយក្រុមហ៊ុនផ្ទាល់មិនទាន់បានសម្រេចធ្វើជាផ្លូវការ ឬដំណើរការនៅឡើយទេ។ ម្យ៉ាងវិញទៀត តាមដែលសារព័ត៌មានបានបង្ហាញមក ពាក្យចចាមអារ៉ាមនេះ បានលេចលឺតាំងពីឆ្នាំ 2014 មកម្ល៉េះ ទើបតែពេលនេះមានការលើកយកមកផ្សព្វផ្សាយសារជាថ្មី។ ដូច្នេះ Xiaomi ក៏ចេញមុខអះអាងម្ដងទៀតថា គម្រោងមួយនេះមិនទាន់នឹងចេញជារូបរាងអ្វីបន្ដិចឡើយ ពោលគឺនៅពេលនេះ Xiaomi អាចនឹងទើបតែធ្វើការសិក្សាក្នុងដំណាក់កាលដំបូងសិនប៉ុណ្ណោះ។

សរុបមកវិញ យើងឃើញថាមួយរយៈនេះ ក្រុមហ៊ុនបច្ចេកវិទ្យានានា តែងតែលេចលឺពាក្យចចាមអារ៉ាមជារឿយៗ ទាក់ទងនឹងការបង្កើតរថយន្ដប្រើប្រាស់កម្លាំងថាមពលអគ្គិសនី។ ដោយក្នុងនោះមានរាប់បញ្ចូលទាំងក្រុមហ៊ុនមានផ្លាកយីហោល្បីៗ ដូចជា Baidu, Ali, និង Apple ជាដើម។ តែគួរឲ្យស្ដាយ មកដល់ពេលនេះមិនទាន់ក្រុមហ៊ុនណាមួយចេញមុខប្រកាសជាផ្លូវការថានឹងផលិតនោះទេ។ ដូច្នេះមានតែរងចាំមើលបន្ដទៀត ថាតើក្រុមហ៊ុនណាមួយអាចមានសមត្ថភាពបញ្ចេញលក់នូវរថយន្ដអគ្គិសនីដំបូងរបស់ខ្លួន។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង