នេះជាវីដេអូគំរូបង្ហាញពីចក្ខុវិស័យសម្រាប់វ៉ែនតា AR របស់ Samsung ទើបតែបែកធ្លាយ
ដោយ​ ៖ មុនិនាថ | 9 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា បចេ្ចកវិទ្យាកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ និងមានភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ។ ជាក់ស្តែង ក្រុមហ៊ុនធំៗជាច្រើនបាននាំយកនូវឧបករណ៍ ក៏ដូចជាបចេ្ចកវិទ្យាថ្មីៗមកបង្អួតគ្នា ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឲ្យងាកទៅប្រើប្រាស់ផលិតផលរបស់ខ្លួនឲ្យកាន់តែច្រើន។ ក្នុងនោះ Samsung គឺមានចំណែកយ៉ាងធំក្នុងការប្រកួតប្រជែងនេះផងដែរ។ ជាក់ស្តែង Samsung តែងតែបង្កើតនូវអ្វីឧបករណ៍បច្ចេកវិទ្យាថ្មីៗពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឲ្យការប្រកួតប្រជែងកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ ដោយឡែកថ្មីៗនេះដែរ យើងបានប្រទះឃើញវីដេអូគំរូថ្មីមួយ ដែលបង្ហាញពីចក្ខុវិស័យសម្រាប់វ៉ែនតា AR របស់ Samsung ជាលើកដំបូង

មិនខុសនោះទេ តាមរយៈគណនី Twitter របស់ខ្លួន អ្នកចែកចាញព័ត៌មានបែកធ្លាយ WalkingCat បានបង្ហោះនូវវីដេអូចំនួន 2 ដែលបានបង្ហាញឲ្យយើងបានឃើញចក្ខុវិស័យសម្រាប់វ៉ែនតា AR របស់ Samsung ជាលើកដំបូង។ បើមើលទៅតាមរយៈវីដេអូទី 1 យើងឃើញថាវ៉ែនតាឆ្លាត AR នោះមានឈ្មោះថា  Samsung Glasses Lite ដែលមានរូបរាងស្រដៀងទៅនឹងវ៉ែនតារបស់យើងពាក់ធម្មតាអញ្ចឹងដែរ ប៉ុន្តែវាមានកម្រាស់រាងក្រាស់បន្តិច។ បន្ថែមពីនេះទៅទៀត យើងអាចប្រើប្រាស់ Glasses Lite នោះដើម្បីបំពេញការងារ, លេងហ្គេម ឬទស្សនាភាពយន្ត ដោយគ្រាន់តែបញ្ជាចេញពីនាឡិការឆ្លាតរបស់ Samsung បន្ទាប់មក Glasses Lite នឹងបង្ហាញរូបភាពទាំងនោះចេញមក ដោយមិនត្រូវការប្រើប្រាស់នូវទូរទស្សន៍ ឬឧបករណ៍បង្ហាញរូបភាពអ្វីនោះឡើយ។ មួយវិញទៀត យើងក៏ឃើញថាវាអាចភ្ជាប់ជាមួយនឹងឧបករណ៍ក្រៅផ្សេងៗទៀតផងដែរ។

ចំណែកឯវីដេអូទី 2 វិញ គឺវាស្រដៀងទៅនឹងវីដេអូទី 1 ដែរ ប៉ុន្តែវាបង្ហាញរូបភាពជាលក្ខណៈ 3D វិញម្តង ដោយយើងឃើញថា វាមិនត្រឹមតែបង្ហាញរូបភាពប៉ុណ្ណោះនោះទេ ដោយឡែកយើងក៏អាចបញ្ជារូបភាព 3D នោះតាមចំណង់ចំណូលចិត្តរបស់យើង ដោយគ្រាន់តែប្រើប្រាស់ដៃដើម្បីបញ្ជានូវអ្វីដែលយើងឃើញបន្ទាប់ពីពាក់ Glasses Lite នោះរួចហើយ។ សរុបមកវិញ នេះជាវីដែអូបែកធ្លាយថ្មី ដែលបង្ហាញចក្ខុវិស័យសម្រាប់វ៉ែនតា AR របស់ Samsung តែប៉ុណ្ណោះ។ ដូច្នេះយើងមិនទាន់ដឹងថា ពេលណាទើប Samsung ចាប់ផ្តើមផលិត ក៏ដូចជាបញ្ចេញលក់វេនតា AR របស់ខ្លួននោះទេ។ ដើម្បីដឹងឲ្យកាន់តែច្បាស់អាចចុចមើលវីដេអូតាមរយៈតំណរភ្ជាប់ខាងក្រោមនេះបាន។

វីដេអូទី 1 : https://streamable.com/8xiot5

វីដេអូទី 2 : https://streamable.com/znub5d

ប្រភព ៖ 9to5google
អត្ថបទទាក់ទង