Panasonic បានបញ្ចេញ Robot មានរូបរាងស្រដៀងសត្វឆ្មារ ផលិតជាពិសេសសម្រាប់កំដរការអផ្សុក​
ដោយ​ ៖ មុនិនាថ | 1 ខែមុន SHARE

 

ដោយសារតែមានបញ្ហាជម្ងឺឆ្លងកូវីដ-19 បានធ្វើឲ្យមនុស្សជាច្រើនត្រូវធ្វើការនៅផ្ទះ ក៏ដូចជាសិក្សាតាមរយៈអនឡាញ។ ជាមួយគ្នានេះដែរ យើងក៏កាត់បន្ថយការធ្វើដំណើរទៅខាងក្រៅ និងជួបជុំមិត្តភក្តិផងដែរ។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុន Panasonic បានបញ្ចេញនូវ Robot មួយដែលវាមានរូបរាងស្រដៀងទៅនឹងសត្វឆ្មា ក្នុងគោលបំណងសម្រាប់កំដរយើងពេលនៅផ្ទះអផ្សុក និងជួយកាត់បន្ថយភាពតឹងតែងផ្សេងៗរបស់មនុស្សផងដែរ។

ជាការពិតណាស់ ក្រុមហ៊ុន Panasonic បានសហការជាមួយនឹងសាកលវិទ្យាល័យ Toyohashi University of Technology Michio Oka Laboratory នៅឯប្រទេសជប៉ុន ក្នុងការផលិត និងអភិវឌ្ឍន៍ Robot មួយដែលស្រដៀងទៅនឹងសត្វឆ្មារ ហើយវាត្រូវបានគេហៅថា Nicobo ។ សម្រាប់ Nicobo នេះដែរ វាមានរូបរាងគួរឲ្យស្រឡាញ់មែនទែន ជាពិសេសសម្រាប់អ្នកដែលស្រលាញ់សត្វចិញ្ចឹមតែម្តង ដោយរូបរាងរបស់វាមើលទៅគឺដូចទៅនឹងសត្វឆ្មារ ដែលជាប់នៅក្នុងស្រោមជើងអញ្ចឹង។ យ៉ាងណាក៏ដោយ យើងមិនអាចសង្ឃឹមថា Nicobo អាចធ្វើអ្វីបានច្រើននោះទេ ដោយវាអាចត្រឹមតែនៅបានមួយកន្លែងបង្វិលខ្លួនចុះឡើង, បិទបើកភ្នែក និងក្រវីកន្ទុយតែប៉ុណ្ណោះ។ យ៉ាងណាមិញ Nicobo ក៏ជា Robot វ័យឆ្លាតមួយដែរ ដែលវាអាចបញ្ចេញនូវអារម្មណ៍ផ្សេងៗដូចជា នៅពេលដែលយើងប៉ះខ្លួនវាថ្នមៗ Nicobo នឹងបង្ហាញពីអារម្មណ៌ពេញចិត្តរបស់វាមកកាន់យើង តាមរយៈការបក់កន្ទុយ និងបិទបើកភ្នែកជាដើម។ មួយវិញទៀត Nicobo ក៏អាចបញ្ចេញសំឡេងផោមភ្លាមៗ នៅពេលណាដែលវាមានអារម្មណ៌មិនល្អអ្វីមួយកើតឡើង។

លើសពីនេះទៅទៀត Nicobo ក៏ចេះនិយាយ និងអាចស្តាប់យើងបានផងដែរ ប៉ុន្តែវាមិនអាចនិយាយសន្ទនាជាមួយយើងបានច្រើននោះទេ ដោយវាអាចត្រឹមឆ្លើយ និងនិយាយជាមួយយើងបានតែប៉ុន្មានពាក្យក្នុងភាសាជប៉ុនប៉ុណ្ណោះ។ Nicobo បានបំពាក់នូវកាមេរ៉ាដែលភ្ជាប់មកជាមួយមុខងារសម្រាប់ចង់ចាំមុខរបស់យើង, ប្រដាប់ស្រូបសំឡេងសម្រាប់ចាប់សំឡេងរបស់អ្នកដែលនិយាយទៅកាន់វា, Touch Sensors សម្រាប់ឲ្យវាដឹងនៅពេលដែលយើងប៉ះ ឬអោបវាផងដែរ។ សរុបមកវិញ Nicobo គឺជា Robot ដែលផលិតឡើងមានរូបរាងស្រដៀងទៅនឹងសត្វឆ្មារអញ្ចឹង ដែលវានឹងដើរតួក្នុងការកាត់បន្ថយភាពអផ្សុករបស់យើង។ យ៉ាងណាក៏ដោយ Nicobo ត្រូវបានផលិតឡើងមកត្រឹមចំនួន 320 គ្រឿង ហើយមានលក់តែនៅក្នុងប្រទេស ជប៉ុន តែប៉ុណ្ណោះ និងមានតម្លៃ 360 ដុល្លា ក្នុងមួយគ្រឿង។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង