Microsoft ទើបប្រកាសចេញកាសក្តោបឥតខ្សែ Xbox Wireless Headset ជាមួយតម្លៃ 40 ម៉ឺនរៀល ឬ 99 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មួយរយៈធំដែរហើយ ដែល Microsoft បានប្រកាសចេញម៉ាស៊ីនហ្គេមជំនាន់ថ្មី Xbox របស់ខ្លួន និងចាប់ផ្តើមដាក់លក់វានៅលើទីផ្សារ ដោយក្នុងនោះ យើងឃើញថា វាក៏ទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ដែរ។ ដោយឡែក កាលពីយប់មិញនេះ Microsoft បានធ្វើការប្រកាសចេញផលិតផលថ្មីរបស់ខ្លួនមួយប្រភេទទៀត ដែលស្ថិតក្នុងយីហោ Gaming របស់ខ្លួន និយាយឲ្យចំទៅ គេទើបប្រកាសចេញកាសក្តោបឥតខ្សែម៉ូឌែលថ្មីហៅថា Xbox Wireless Headset នេះឯង។

មិនខុសទេ បើតាមការបង្ហាញចេញពី Microsoft ផ្ទាល់បានឲ្យដឹងថា Xbox Wireless Headset នោះ ត្រូវបានរចនាឡើងឲ្យសមគ្នាជាមួយ Xbox Series X និង S តែម្ដង ដោយវាមានទម្ងន់ស្រាល មានស្បែកទ្រាប់ត្រចៀកធំល្អ និងមានដងកាស អាចឲ្យអ្នកប្រើកែតម្រូវតាមចំណូលចិត្តបាន។ ពិតណាស់ វាអាចដំណើរការបានជាមួយគ្រប់ឧបករណ៍ទាំងអស់ ជាក់ស្ដែងគឺ ម៉ាស៊ីនហ្គេម Xbox ចាប់ពីជំនាន់ Xbox One ឡើង, កុំព្យូទ័រ ថែមទាំងទូរសព្ទឆ្លាត ឬក៏ថេប្លេត ហើយសម្រាប់ការតភ្ជាប់របស់វា គឺពឹងផ្អែកលើ Bluetooth ហ្នឹងឯង។ កាន់តែពិសេស យើងឃើញថា កាសក្តោបខាងលើ ក៏ត្រូវបាន Microsoft នាំយកបទពិសោធន៍ស្រដៀងគ្នានឹងកាសក្តោបឥតខ្សែ Surface Headphone របស់គេមកដែរ ជាក់ស្ដែងគឺជាមុខងារ ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការបង្វិលតួខ្លួនរបស់វា ដើម្បីបន្ថយ ឬតម្លើងសម្លេង ក៏ដូចជាកែតម្រូវសម្លេង Audio Chat ពេលលេងហ្គេមផងដែរ។ 

ក្រៅពីនេះ Xbox Wireless Headset ក៏គាំទ្រជាមួយបច្ចេកវិទ្យាសម្លេង Windows Sonic, Dolby Atmos និង DTS Headphone:X Spatial ជាដើម។ Microsoft ក៏បានយកចិត្តទុកដាក់ទៅលើឧបករណ៍ស្រូបសម្លេងនៅលើនោះដែរ ដោយគេបានដាក់ឧបរករណ៍ស្រូបសម្លេងជាច្រើនគ្រាប់ ហើយក៏អាចជួយធ្វើការកាត់បន្ថយនូវសម្លេងរំខានពី Background បានកាន់តែប្រសើរ។ រឹតតែពិសេសថែមទៀតនោះ អ្នកប្រើប្រាស់ក៏អាចធ្វើការភ្ជាប់កាសខាងលើ ទៅកាន់ម៉ាស៊ីនហ្គេម Xbox និងទូរសព្ទឆ្លាតបានក្នុងពេលតែមួយ ដើម្បីអនុញ្ញាតឲ្យអ្នកទាំងអស់គ្នា អាចស្ដាប់សម្លេងផ្សេងៗ ឬការ Call ចេញពីទូរសព្ទឆ្លាតរបស់អ្នកបាន ពេលកំពុងលេងហ្គេម។ សម្រាប់ថាមពលថ្មវិញ Microsoft បញ្ជាក់ថា វាអាចប្រើបានចំនួន 15 ម៉ោង និងអាចធ្វើការសាកចូលវិញមួយពេញ ចំណាយពេលដល់ទៅខ្ទង់ 3 ម៉ោងឯណោះ។ យ៉ាងណាក៏ដោយ សម្រាប់ការសាក 30 នាទី យើងអាចបន្តប្រើវិញបាន 4 ម៉ោង ហើយការសាកថ្មនោះដែរ គឺប្រើប្រាស់រន្ធសាក USB-C ហ្នឹងឯង។

គួរបញ្ជាក់ដែរថា Microsoft ក៏បានធ្វើការអាប់ដេតកម្មវិធី Xbox Accessories ដើម្បីអនុញ្ញាតឲ្យអ្នកប្រើ អាចធ្វើការកំណត់កម្រិតសម្លេងផ្សេងៗ នៅលើកាសនោះបាន ជាក់ស្ដែងដូចជាកំណត់ Equalizer, Bass Boost, Auto-mute Sensitivity, Mic Monitoring និងរួមមានទាំងកំណត់លើកម្រិតពន្លឺ នៃភ្លើង LED ពេលដែលអ្នកប្រើបិទឧបករណ៍ស្រូបសម្លេងទៀតផង។ Xbox Wireless Headset នឹងត្រូវ Microsoft ចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 16 ខែមីនាខាងមុខទៅ ជាមួយតម្លៃ 40 ម៉ឺនរៀល ឬ 99 ដុល្លារ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង