លោក Pedro Pascal និងកញ្ញា Bella Ramsey នឹងត្រូវសម្តែងជាតួឯកក្នុងរឿងភាគ The Last of Us ប្រភេទ Live Action​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

ត្រលប់ទៅកាលពីខែមីនា ឆ្នាំមុន ប៉ុស្តិ៍ទូរទស្សន៍ និងសេវាកម្មកំសាន្ដ HBO បានផ្តល់ភាពភ្ញាក់ផ្អើលទៅឲ្យមហាជន ជាពិសេសអ្នកគាំទ្រហ្គេម The Last of Us យ៉ាងខ្លាំង។ ដោយ HBO បានប្រកាសជាផ្លូវការថា ពួកគេនឹងសហការគ្នាជាមួយក្រុមហ៊ុន Naughty Dog ដើម្បីធ្វើការផលិតរឿងភាគ The Last of Us ជាប្រភេទ Live Action ដែលនឹងត្រូវចាក់បញ្ចាំងនាពេលអនាគត។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រដ៏ល្បីឈ្មោះ The Hollywood Reporter យើងទទួលបានរបាយការណ៍ថ្មីមួយ ដែលបង្ហាញឲ្យយើងដឹងយ៉ាងច្បាស់ថា កញ្ញា Bella Ramsey ដែលធា្លប់បានសម្តែងនៅក្នុងរឿងភាគ Game of Thrones នឹងត្រូវសម្តែងជាតួអង្គឯក (Ellie) នៅក្នុងរឿងភាគ The Last of Us ប្រភេទ Live Action។ ជាមួយគ្នានេះ លោក Pedro Pascal ដែលមនុស្សមួយចំនួនស្គាល់គាត់តាមរយៈរឿងភាគ The Mandalorian ក៏នឹងត្រូវចូលរួមសហការគ្នាជាមួយនឹងកញ្ញា Bella Ramsey ដើម្បីសម្តែងនៅក្នុងរឿងភាគថ្មីរបស់ HBO នេះផងដែរ ដោយគាត់នឹងត្រូវសម្តែងជាតួអង្គឯក (Joel) តែម្តង។ ជាងនេះទៅទៀត តាមរយៈប្រភពដដែលនេះ ក៏ធ្វើឲ្យយើងបានដឹងផងដែរថា រឿងភាគ The Last of Us ប្រភេទ Live Action នេះ នឹងមានសាច់រឿងដូចនៅក្នុងហ្គេមអញ្ចឹងដែរ ដោយវាមិនសូវជាមានការកែប្រែច្រើននោះឡើយ។

ផ្អែកទៅតាមការប៉ាន់ស្មានបានបង្ហាញថា មូលហេតុដែល HBO សម្រេចចិត្តយកហ្គេម The Last of Us មកផលិតជារឿងភាគប្រភេទ Live Action នោះ ក៏ព្រោះតែពួកគេឃើញថា ហ្គេមមួយនេះទទួលបានភាពជោគជ័យ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមតែម្តង។ ជាក់ស្តែង The Last of Us ដែលបានដាក់ឲ្យលេងជាផ្លូវការ លើកដំបូងនៅលើម៉ាស៊ីនហ្គេម PlayStation 3 របស់ Sony កាលពីឆ្នាំ 2013 កន្លងទៅ ទទួលបានពាន់រង្វាន់ច្រើនស្ទើរតែចាំមិនអស់ទៅហើយ។ កាន់តែពិសេសនោះ The Last of Us ក៏ជាប់ឈ្មោះជាហ្គេមកំពូលប្រចាំឆ្នាំ (Game of the Year) ថែមទៀតផង។

ដោយ​ ៖ The Hollywood Reporter
អត្ថបទទាក់ទង