Apple សហការគ្នាជាមួយ TSMC ដើម្បីផលិតបន្ទះបង្ហាញ Micro OLED សម្រាប់ប្រើប្រាស់លើឧបករណ៍ AR និង VR របស់ខ្លួន​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

សម្រាប់ដំណឹងទាក់ទងជាមួយ AR និង VR របស់ Apple យើងធ្លាប់ទទួលបានច្រើនលើកច្រើនសារដែរហើយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានដំណឹងច្បាស់ការណាមួយ បញ្ជាក់ឲ្យច្បាស់ឡើយ ដោយមានប្រភពខ្លះបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកនេះ អាចនឹងប្រកាសចេញ នៅក្នុងអំឡុងឆ្នាំ 2022 ខាងមុខ ហើយមានប្រភពខ្លះទៀត បញ្ជាក់ថាទាល់ 2 ឬ 3 ឆ្នាំខាងមុខទៀតឯណោះ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានរបាយការណ៍ថា Apple សហការជាមួយ TSMC ដើម្បីធ្វើការផលិតអេក្រង់លំដាប់ខ្ពស់មួយដោយខ្លួនឯង ហើយអេក្រង់នោះ នឹងផលិតឡើង សម្រាប់ប្រើលើ AR និង VR តែម្ដង។

បើយោងទៅតាមរបាយការណ៍ ដែលយើងទើបទទួលបាន គឺបញ្ជាក់ឲ្យដឹងថា Apple កំពុងតែសហការគ្នាជាមួយក្រុមហ៊ុនផលិត TSMC ដើម្បីធ្វើការសិក្សា និងអភិវឌ្ឍន៍នូវគម្រោងផលិតអេក្រង់កម្រិតខ្ពស់មួយ ដោយខ្លួនឯងផ្ទាល់ ដោយគេហៅអេក្រង់នោះថា Micro OLED តែម្ដង។ យ៉ាងណាក៏ដោយ អេក្រង់ដែលត្រូវបានរាយការណ៍ថា ជាគម្រោងរបស់ Apple និង TSMC នោះ គឺមិនមែនសម្រាប់ប្រើប្រាស់គ្រប់ឧបករណ៍ទូទៅនោះទេ ផ្ទុយទៅវិញ គេទំនងជាធ្វើឡើងសម្រាប់តែប្រើប្រាស់ នៅលើផលិតផល AR និង VR របស់ខ្លួនប៉ុណ្ណោះ។ ពិតណាស់ ចំពោះមូលហេតុដែលគេចាំបាច់ ត្រូវធ្វើការផលិតអេក្រង់ប្រភេទនោះ ដើម្បីប្រើប្រាស់លើ AR និង VR គឺដោយសារតែនោះជាអេក្រង់ ដែលសស្ថិតនៅកម្រិតខ្ពស់មួយទៀត ដោយវាមានកម្រាស់កាន់តែស្ដើង, តូច និងប្រើប្រាស់ថាមពលតិច និយាយឲ្យចំទៅ វាប្រើថាមពលតិចជាងបច្ចេកវិទ្យាអេក្រង់ផ្សេងៗទាំងអស់ទៀតផង។

សូមបន្ថែមដែរថា នៅក្នុងពេលបច្ចុប្បន្ននេះ Apple ទំនងជាកំពុងតែស្ថិតក្នុងដំណាក់កាល នៃការផលិតសាកល្បងនូវប្រភេទអេក្រង់ Micro OLED នោះហើយ មួយវិញទៀត បើគិតចាប់ពីពេលបច្ចុប្បន្ននេះទៅ ប្រហែលប្រមាណជា 3 ទៅ 4 ឆ្នាំទៀតឯណោះ ទើបគេអាចនឹងទៅដល់ដំណាក់កាល នៃការផលិតទ្រង់ទ្រាយធំ នៃអេក្រង់ខាងលើបាន។ អញ្ចឹងហើយ បើរបាយការណ៍ ដែលយើងទទួលបានខាងលើនេះ ជាការពិតមែន អាចនិយាយបានថា Apple កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយ TSMC ថែមមួយកម្រិតទៀត ព្រោះថាកន្លងទៅ TSMC គឺជាក្រុមហ៊ុនផ្តាច់មុខ ដែលធ្វើការផលិតបន្ទះឈីបទៅឲ្យ Apple ខណៈពេលនេះវិញ ពួកគេបានចាប់ដៃគ្នាផលិតអេក្រង់បន្ថែមទៀត។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង