Toyota ទើបបង្ហើបថា គេមានគម្រោងប្រកាសចេញរថយន្តអគ្គិសនីពេញលេញចំនួន 2 ម៉ូឌែល នៅក្នុងឆ្នាំនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

សព្វថ្ងៃយីហោ Toyota ជាយីហោរថយន្តធំបំផុតមួយ នៅក្នុងពិភពលោក ដោយរថយន្តរបស់គេ មានចរាចរណ៍នៅលើទីផ្សារជាច្រើន ហើយក៏កំពុងតែត្រូវបានប្រើប្រាស់ ចេញពីសំណាក់អ្នកប្រើរាប់លាននាក់ នៅជុំវិញសាកលលោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ យើងមិនទាន់បានឃើញរថយន្តអគ្គិសនីពេញលេញ ចេញពីយីហោខាងលើ បង្ហាញខ្លួនក្នុងទីផ្សារឡើយ ហើយទើបតែថ្មីៗនេះ Toyota បង្ហើបថា គេនឹងប្រកាសចេញរថយន្តអគ្គិសនីពេញលេញចំនួន 2 ម៉ូឌែល នៅក្នុងឆ្នាំនេះតែម្ដង។

មិនខុសទេ ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង ថ្មីៗនេះ Toyota ផ្ទាល់បានធ្វើការបញ្ជាក់ប្រាប់ថា គេមានគម្រោងប្រកាសចេញ និងនាំយករថយន្តអគ្គិសនីពេញលេញចំនួន 2 ម៉ូឌែល ទៅកាន់ទីផ្សារក្នុងឆ្នាំ 2021 នេះតែម្ដង ប៉ុន្តែគេចង់សំដៅតែទៅលើ ទីផ្សារអាមេរិកសិនប៉ុណ្ណោះ ដូច្នេះមានន័យថា ទីផ្សារផ្សេងៗទៀតក្រៅពីនោះ អាចនឹងមិនទាន់វត្តមានរថយន្តអគ្គិសនីរបស់ Toyota បង្ហាញខ្លួននោះទេ។ គួរបញ្ជាក់ដែរថា កន្លងទៅនេះ Toyota មិនធ្លាប់មានរថយន្តអគ្គិសនី នៅក្នុងខ្សែស្រឡាយរថយន្តរបស់ខ្លួនឡើយ ពោលគឺក្រុមហ៊ុននេះ ធ្លាប់មានតែប្រភេទរថយន្ត Hybrids, Plug-in Hybrids និង Hydrogen Fuel-cell Vehicle (មានតិចតួចបំផុតលើទីផ្សារ) ប៉ុណ្ណោះ ហេតុនេះអាចនិយាយបានថា រថយន្តអគ្គិសនីដែល Toyota គ្រោងនឹងប្រកាសនោះ គឺជាជំហានថ្មីមួយទៀតរបស់គេ ដើម្បីចូលទៅធ្វើការប្រកួតប្រជែងលើទីផ្សារ។

ក្រៅពីនេះក៏មានមុខសញ្ញាមួយចំនួន ធ្វើឲ្យគេដឹងដែរថា Lexus ទំនងជានឹងក្លាយជាយីហោដំបូងគេរបស់ Toyota ដែលបញ្ចេញរថយន្តអគ្គិសនីពេញលេញ ព្រោះថាកន្លងទៅ ក្រុមហ៊ុនដែស្ថិតក្រោមការគ្រប់គ្រងរបស់ Toyota នេះ គឺធ្លាប់បានបញ្ជាក់ប្រាប់ម្ដងរួចហើយថា គេនឹងមានរថយន្តអគ្គិសនីដាក់បង្ហាញ ក្នុងអំឡុងឆ្នាំ 2021 នេះ។ កាន់តែពិសេស Lexus ក៏មាន Electrification System សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួនដែរ ដោយប្រព័ន្ធរបស់គេនោះ គឺអាចគាំទ្រម៉ូទ័របានដល់ទៅ 4 និងគាំទ្រការបើកបរ ដែលទទួលបានកម្លាំងចេញពីកង់ទាំង 4 ផងដែរ (All-Wheel Drive)។ ម្យ៉ាងវិញទៀត Toyota ក៏មាន Platform នៃបច្ចេកវិទ្យាម៉ាស៊ីនអគ្គិសនីដែរ ដែលគេហៅថា e-TNGA ដែលជា Platform មួយ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់តម្រូវទៅតាមលក្ខណៈសម្បត្តិ របស់រថយន្តអគ្គិសនីពេញលេញតែម្ដង។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង