រថយន្តអគ្គិសនីថ្មីរបស់ Audi ហៅថា E-Tron GT មានរូបរាងប្រណីត និងបានបំពាក់បច្ចេកវិទ្យាអគ្គិសនីរបស់ក្រុមហ៊ុន Porsche ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

បច្ចុប្បន្ននេះ រថយន្តអគ្គិសនីកាន់តែមានការរីកចម្រើនឡើងហើយ ដោយវត្តមានរបស់រថយន្តប្រភេទនេះ គឺកាន់តែមានភាពទូលំទូលាយជាងមុននៅលើទីផ្សារ នោះក៏ដោយសារតែ ក្រុមហ៊ុនផលិតជាច្រើន បានងាកទៅធ្វើការប្រកួតប្រជែង លើរថយន្តប្រភេទអគ្គិសនីវិញ ហើយមួយវិញទៀត ក៏ព្រោះតែមានអតិថិជនគាំទ្រច្រើនផងដែរ។ ដូច្នេះហើយ បានជាថ្មីៗនេះ Audi ជាយីហោរថយន្តល្បីឈ្មោះមួយ ក៏បានធ្វើការបញ្ចេញរថយន្តអគ្គសនីរបស់ខ្លួនមកដែរ ដោយគេហៅថា E-Tron GT ថែមទាំងជាប្រភេទរថយន្ត Sedan ទ្វា 4 និងមានការរចនាប្រណីតទៀត។

មិនខុសទេ Audi E-Tron GT នោះ យើងឃើញថា វាត្រូវបានគេរចនារូបរាងខាងក្រៅ ស្រស់ស្អាតបែបរថយន្ត Sport តែម្ដង ហើយសម្រាប់សមត្ថភាពរបស់វាវិញ ក៏ស្ថិតនៅកម្រិតខ្ពស់មួយដែរ។ Audi បានបែងចែករថយន្តអគ្គិសនីថ្មីរបស់ខ្លួននោះជា 2 ម៉ូឌែល ដោយមួយជាម៉ូឌែលកំពូលមានបន្ថែមជាមួយឈ្មោះ RS (RS E-Tron GT) និងមួយទៀតជាម៉ូឌែលធម្មតា ឬហៅថាជាម៉ូឌែលស្ដង់ដារ E-Tron GT ហ្នឹងឯង។ យ៉ាងណាក៏ដោយ វាទាំងពីរនេះសុទ្ធតែបានបំពាក់មកជាមួយម៉ូទ័រចំនួន 2 និងជាប្រភេទរថយន្ត AWD ដូចគ្នា (All-Wheel Drive ឬវិលកង់ទាំង 4) ហើយម៉ូទ័រទាំងពីររបស់វានោះ គឺបានផ្គត់ផ្គង់ថាមពលឲ្យដោយថ្ម ឬអាគុយទំហំ 93KWh (ថាមពលដែលអាចប្រើបានគឺ 85KWh)។ កាន់តែពិសេសអាគុយរបស់វា ក៏បានបំពាក់បច្ចេកវិទ្យា 800-Volt ដែរ ដើម្បីជួយឲ្យរថយន្តនោះ មានកម្លាំងខ្លាំង ថែមទាំងធ្វើឲ្យការសាកចូលវិញ មានល្បឿនកាន់តែលឿន និយាយឲ្យចំទៅ Audi ផ្ទាល់អះអាងថា ក្នុងការសាកត្រឹមតែ 5 នាទី អ្នកបើកបរអាចប្រើវាបានដល់ទៅ 100km ផងដែរ។ 

ម៉ូឌែល E-Tron GT វាមានកម្លាំងជាទូទៅប្រមាណជា 470hp (Horsepower) ប៉ុន្តែជាមួយមុខងារ Overboost ម៉ូទ័ររបស់វាអាចរត់បានដល់កម្លាំង 522hp ដោយកម្លាំងបែបនេះ ជួយឲ្យវាអាចស្ទុះពីល្បឿន 0 ដល់ 100km/h ដោយចំណាយពេល 4.1 វិនាទី។ ចំពោះម៉ូឌែល RS E-Tron GT វិញ វាមានសមត្ថភាពប្រសើរជាងម៉ូឌែលខាងលើ ពោលគឺវាមានកម្លាំងជាទូទៅ 590hp និងអាចឡើងដល់ទៅ 637hp ជាមួយមុខងារ Overboost ហើយកម្លាំងប៉ុននេះជួយឲ្យវា អាចស្ទុះពីល្បឿន 0 ទៅដល់ 100km/h ចំណាយពេលត្រឹម 3.3 វិនាទីប៉ុណ្ណោះ។ ទាំងពីរម៉ូឌែលខាងលើ មានទម្ងន់ប្រហាក់ប្រហែលគ្នា ដោយ Audi បញ្ជាក់ថា ទម្ងន់របស់វាគឺប្រមាណជា 2,313kg ផងដែរ។ 

គួរបញ្ជាក់ដែរថា បច្ចេកវិទ្យានៃម៉ូទ័រអគ្គិសនី ក៏ដូចជាបច្ចេកវិទ្យាលើអាគុយ ដែល Audi បានប្រើប្រាស់នោះ គឺមិនមានអ្វីប្លែកនោះទេ ព្រោះថានេះជាបច្ចេកវិទ្យា ដែលបង្កើតដោយក្រុមហ៊ុនរថយន្ត Porsche ហ្នឹងឯង (ដោយសារក្រុមហ៊ុនទាំងពីរនេះ ស្ថិតក្រោម Volkswagen Group ដូចគ្នា ហេតុនេះគេអាចចែករំលែកបច្ចេកវិទ្យាគ្នា  ដើម្បីប្រើប្រាស់បាន) ហើយមួយវិញទៀតនោះ យើងក៏ធ្លាប់បានឃើញ Porsche ប្រើប្រាស់បច្ចេកវិទ្យាខាងលើរួចហើយ នៅលើរថយន្តប្រណីតត្រកូល Taycan របស់ខ្លួន។

លើសពីនេះទៅទៀត Audi ក៏បានបញ្ជាក់ដែរថា នៅក្នុងការសាកថ្មមួយពេញ E-Tron GT អាចនឹងរត់បានដល់ចម្ងាយ 488km ដោយស្ថិតិនេះ ក៏យកចេញពីការវាស់ស្ទង់ជាក់ស្ដែង ពីសំណាក់ភ្នាក់ងារ European WLTP តែម្ដង។ សម្រាប់ផ្នែកខាងក្នុងវិញ វាក៏បានបំពាក់មកជាមួយអេក្រង់បង្ហាញចំនួន 2 ដែរ ដោយមួយមានទំហំ 12.3 អ៊ីញ ជាអេក្រង់បង្ហាញជូននូវដំណឹង នៃការបើកបរផ្សេងៗដូចជា កុងទ័រជាដើម ខណៈពេលដែលអេក្រង់មួយទៀត ជាប្រភេទអេក្រង់ ដែលអាចប៉ះបញ្ជាផ្ទាល់បាន និងមានទំហំ 10.1 អ៊ីញ សម្រាប់គ្រប់គ្រងនូវមុខងារសំខាន់ផ្សេងៗ ក៏ដូចជាគ្រប់គ្រងលើមុខងារកម្សាន្ត ហើយវាត្រូវបានដំណើរការដោយ Infotainment System របស់ Audi ផ្ទាល់តែម្ដង។ នៅក្នុងនោះ Audi ក៏បានអនុញ្ញាតឲ្យអ្នកប្រើ ដាក់ស៊ីមប្រភេទ LTE ចូលបាន ឬក៏មានភ្ជាប់មកជាមួយមុខងារ Wi-Fi ស្រាប់តែម្ដង ដូច្នេះអ្នកប្រើ អាចធ្វើការបើកនូវកម្មវិធី ទាមទារអ៊ីនធឺណេតជាច្រើនបាន ដោយងាយស្រួល ជាក់ស្ដែងដូចជាកម្មវិធីផែនទីជាដើម។ បន្ថែមពីនេះ វាក៏គាំទ្រជាមួយមុខងារបញ្ជាផ្សេងៗពីទូរសព្ទឆ្លាតបាន, គាំទ្រមុខងា Apple CarPlay ដោយមិនប្រើខ្សែ ព្រមទាំងមុខងារ Android Auto ផងដែរ។

ចំពោះតម្លៃវិញ ដោយសារតែនេះជាប្រភេទរថយន្តប្រណីត ហេតុនេះតម្លៃរបស់វា ក៏ខ្ពស់ទៅតាមនឹងដែរ ពោលគឺ Audi បានដាក់លក់វា ក្នុងទីផ្សារសហរដ្ឋអាមេរិក នៅក្នុងតម្លៃចាប់ផ្តើមប្រមាណជា 99,900 ដុល្លារ សម្រាប់ម៉ូឌែល E-Tron GT ហើយនឹងមានតម្លៃប្រមាណជា 139,900 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែល RS E-Tron GT។ 

និយាយរួមមកវិញ ខាងលើនេះជារថយន្តអគ្គិសនីថ្មីរបស់ Audi ស្ថិតក្នុងត្រកូល E-Tron GT ហើយយើងឃើញថា វាត្រូវបានគេរចនាមកបែបប្រណីត ថែមទាំងមានសមត្ថភាពខ្ពស់ទៀតផង អ្វីដែលពិសេសនោះ វាក៏បានប្រើប្រាស់បច្ចេកវិទ្យា ទាក់ទងនឹងផ្នែករថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Porsche ដែរ ដែលកន្លងទៅ Porsche ធ្លាប់បានដាក់លក់រថយន្តរបស់គេ ជាមួយបច្ចេកវិទ្យានោះ នៅលើទីផ្សាររួចហើយ ថែមទាំងទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ទៀតផង ពោលគឺម៉ូឌែល Porsche Taycan នេះឯង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង