Disney ត្រៀមបិទទ្វារផលិតកម្ម Blue Sky Studios ដ៏ល្បីល្បាញមួយ នៅក្នុងពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ខ្សែភាពយន្ដគំនូរជីវចលប្រមាណជាង 13 ដោយរួមមានបញ្ចូលទាំងរឿង Ice Age គ្រប់វគ្គ និងបក្សីខៀវ Rio គឺសុទ្ធតែត្រូវបានផលិតឡើងមក នៅក្នុងផលិតកម្មដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា Blue Sky Studios និងមានដើមកំណើតតាំងពីឆ្នាំ 1987 ឯណោះ។ រហូតមកដល់ពេលឆាប់ៗនេះ ពួកគេនឹងត្រូវបិទទ្វារជាផ្លូវការហើយ បន្ទាប់ពីបានស្ថិតក្រោម ការគ្រប់គ្រងដោយ Disney ក្នុងឆ្នាំ 2019 កន្លងមក។

នាពេលដំបូងៗឡើយ ផលិតកម្ម Blue Sky Studios ស្ថិតនៅក្រោមផលិតកម្ម 20th Century Fox ផ្នែកខាងគំនូរជីវចលនោះទេ មុននឹង Disney ទិញយកផលិតកម្ម 20th Century Fox នៅក្នុងឆ្នាំ 2019 ដូចបានបញ្ជាក់ពីខាងលើ។ ប្រសិនបើយោទៅតាម ក្រុមសារព័ត៌មាន Deadline ទទួលបានដំណឹងពីអ្នកនាំពាក្យឲ្យ Blue Sky Studios និយាយប្រាប់មកថា ការស្រេចចិត្តបិទទ្វារនេះ គឺដោយសារតែ ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ទើបធ្វើឲ្យឧស្សាហកម្មភាពយន្ត មានការផ្លាស់ប្ដូរច្រើនជាងធម្មតា។

ចំពោះមូលហេតុចម្បងវិញ ក៏អាចមកពីវីរុសកូវីដ 19 ដែលធ្វើឲ្យមានភាពលំបាក ស្ទើរតែគ្រប់វិស័យទាំងអស់ទៅហើយ មិនត្រឹមតែផ្នែកផលិតខ្សែភាពយន្ដទេ។ ចំណែកឯពេលវេលាបិទទ្វារមែនទែន សម្រាប់ផលិតកម្ម Blue Sky Studios នេះ គឺកំពុងតែត្រូវបាន Disney កំណត់ឲ្យចាប់ផ្ដើមខែមេសា ឆ្នាំ 2021 ខាងមុខតទៅហើយ។

លើសពីនេះ ផលិតកម្ម Blue Sky Studios ក៏កំពុងតែផលិតខ្សែភាពយន្ដថ្មីដែរ ប៉ុន្ដែអាចនឹងរំសាយចោលវិញ ក្រោយពីត្រូវបានបិទទ្វារបែបនេះ។ តើអ្នកទាំងអស់គ្នាធ្លាប់ទស្សនាខ្សែភាពយន្ដបែបគំនូរជីវចលរបស់ផលិតកម្ម Blue Sky Studios ពីមុនមកដែរឬទេ? ហើយខ្សែភាពយន្ដមួយណា ដែលអ្នកចូលចិត្តខ្លាំងជាងគេទៅ?

ដោយ​ ៖ Deadline
អត្ថបទទាក់ទង