Hyundai/KIA បញ្ជាក់ថា ពួកគេមិនបានពិភាក្សាជាមួយ Apple ដើម្បីសហការគ្នាផលិតរថយន្តអគ្គិសនី Apple Car នោះឡើយ​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ដំណឹងពាក់ព័ន្ធទៅនឹង Apple Car (ឈ្មោះមិនទាន់ផ្លូវការ) របស់ Apple ត្រូវបានលេចឡើងមកជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ Apple ត្រូវបានគេរាយការណ៍មកថា កំពុងតែពិភាក្សារជាមួយ Hyundai/KIA ដើម្បីសហការគ្នាផលិតរថយន្តអគ្គិសនី Apple Car។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺកាលពីប៉ុន្មានមុននេះ មានរបាយការណ៍មួយរាយការណ៍មកថា គម្រោងពិភាក្សាផលិតរថយន្ដ Apple Car ជាមួយ Hyundai/KIA ត្រូវបានបានផ្អាកជាបណ្តោះអាសន្នសិន។

ដោយឡែកមុននេះបន្តិច តាមរយៈគេហទំព័រ Nikei Asia យើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា កាលពីព្រឹកមិញនេះ Hyundai/KIA បានបញ្ជាក់ថា ពួកគេមិនបានពិភាក្សាជាមួយ Apple ដើម្បីសហការគ្នាផលិតរថយន្តអគ្គិសនី Apple Car ដូចទៅនឹងពាក្យចចាមអារ៉ាមដែលបានលើកឡើងមកនោះឡើយ។ ជាមួយគ្នានេះដែរ Hyundai/KIA ក៏បានបញ្ជាក់បន្ថែមទៀតថា ពួកគេទទួលបានសំណើរពីក្រុមហ៊ុនជាច្រើនទៀត ដើម្បីចូលរួមសហការគ្នាផលិតរថយន្តអគ្គិសនី ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តថាទទួលសំណើរពីក្រុមហ៊ុនណាមួយនៅឡើយនោះទេ ព្រោះវាគ្រាន់តែស្ថិតនៅក្នុងតំណាក់កាលចរចាគ្នាតែប៉ុណ្ណោះ។

គួររំលឹកផងថា កាលពីពេលកន្លង មានប្រភពផ្ទៃក្នុងមួយចំនួនធ្លាប់បានលើកឡើងមកថា ខណៈពេលនេះ Apple កំពុងតែចរចាគ្នាជាមួយក្រុមហ៊ុនជប៉ុនយ៉ាងហោចណាស់ក៏ 6 ក្រុមហ៊ុនដែរ ដើម្បីស្វែងរកដៃគូសហការគ្នាផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ផ្អែកទៅតាមរបាយការណ៍មុនៗ បានចង្អុលបង្ហាញថា Apple មានគម្រោងបញ្ចេញលក់អគ្គិសនីរបស់ខ្លួនជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2024 ខាងមុនេះ។ ប៉ុន្ដែវាអាចនឹងប្រែប្រួលវិញក៏ថាបាន ព្រោះបើយោងទៅតាមការលើកឡើងរបស់កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming Chi-Kuo បានធ្វើឲ្យយើងដឹងថា Apple Car អាចនឹងត្រូវការពេលចន្លោះពី 5 ទៅ 7 ឆ្នាំទៅមុខទៀត ទើបអាចចូលទៅក្នុងសង្វាក់ផលិតកម្មបាន។ 

ដោយ​ ៖ Nikkei Asia
អត្ថបទទាក់ទង