លេចឮថា Apple នឹងវិនិយោគប្រមាណជា 3.6 ពាន់លានដុល្លារជាមួយ KIA ដើម្បីឲ្យគេផលិតរថយន្តឲ្យខ្លួនខ្ទង់ 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ជាច្រើនលើកច្រើនសារដែរហើយ ដែលយើងទទួលបានដំណឹងលេចធ្លាយ និយាយទាក់ទងនឹងរថយន្តអគ្គិសនីរបស់ Apple ដោយមានប្រភពជាច្រើនបានអះអាងថា រថយន្តនោះអាចនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ 2024 ខាងមុខនេះ។ ក្រោយមកទៀត ក៏មានការបញ្ជាក់ថា Apple បានពិភាក្សាជាមួយ Hyundai ដើម្បីពឹងឲ្យគេ ជួយផលិត ក៏ដូចជាសហការគ្នាសិក្សាលើ ម៉ាស៊ីនរថយន្តអគ្គិសនីឲ្យខ្លួន ខណៈពេលនេះ យើងក៏លេចឮដំណឹងបន្តទៀត ដោយកាន់តែបញ្ជាក់ច្បាស់ជាងមុន ថែមមួយកម្រិតទៀត។

មិនខុសទេ បើតាមដំណឹងថ្មី ដែលយើងទើបទទួលបាន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា Apple និង KIA (KIA ជាក្រុមហ៊ុនស្ថិតក្រោមអាណាព្យាបាលរបស់ Hyundai) គឺកំពុងតែខិតជិតទៅរក ការចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយ ដែលនិយាយពីការវិនិយោគរបស់ Apple ប្រមាណជាខ្ទង់ 3.6 ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនខាងលើ ដើម្បីឲ្យគេធ្វើការផលិតរថយន្តឲ្យខ្លួន ឲ្យបានខ្ទង់ 100,000 គ្រឿង ក្នុងរយៈពេលមួយឆ្នាំ។ យោងតាមរបាយការណ៍ថ្មី ចេញពីប្រទេសកូរ៉េខាងត្បូងនោះ ក៏បញ្ជាក់បន្ថែមថា គម្រោងនៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរ គឺនឹងធ្វើឡើងនៅក្នុងថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2021 ខាងមុខនេះតែម្ដង។ នៅក្នុងការវិនិយោគពីសំណាក់ Apple នោះដែរ គឺផ្តោតសំខាន់ទៅលើរោងចក្ររបស់ KIA នៅក្នុងរដ្ឋ Georgia នៃសហរដ្ឋអាមេរិកនោះឯង ដើម្បីរោងចក្ររបស់គេ ធ្វើការផលិតរថយន្តឲ្យ Apple ដំណាក់កាលដំបូង ក្នុងឆ្នាំ 2024 ឲ្យបានខ្ទង់ 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈពេលដែលរោងចក្រនោះ មានលទ្ធភាពអាចបង្កើនការផលិតបានដល់ 40 ម៉ឺនគ្រឿង ក្នុងមួយឆ្នាំផងដែរ។

គួរបញ្ជាក់ដែរថា បើតាមការរំពឹងទុកចេញពីសំណាក់លោក Ming-Chi Kuo កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា Apple នឹងធ្វើការសហការជាមួយ Hyundai ទៅលើការរចនា និងផលិតម៉ាស៊ីន សម្រាប់រថយន្តអគ្គិសនីរបស់គេ ហើយក្នុងនោះ ក្រុមហ៊ុនអាមេរិកនេះ ក៏អាចនឹងប្រើប្រាស់ Platform ដែលគេហៅថា E-GMP របស់ Hyundai ផងដែរ។ ក្រៅពីនេះ Apple ក៏អាចធ្វើការរ៉ាប់រងដោយខ្លួន ចំពោះផ្នែកការអភិវឌ្ឍន៍ Software និង Hardware ទាក់ទងនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង, ការផ្គត់ផ្គង់ឈីប, បច្ចេកវិទ្យារបស់ថ្ម ឬអាគុយ ក៏ដូចជាធ្វើការរចនាបទពិសោធន៍ប្រើប្រាស់ ដោយខ្លួនឯងតែម្ដង។ 

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង