SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ យើងបានឃើញការបង្ហើបមួយរបស់ Elon Musk ទាក់ទងនឹងគម្រោងនៃការបង្ហោះសាកល្បងយានអវកាសថ្មីរបស់ SpaceX ពោលគឺគេបានបង្ហាញពីរូបភាពនៃរ៉ុកកែត Starship SN9 និង SN10 ដែលត្រូវបានយកទៅដាក់រួចរាល់ នៅក្នុងកន្លែងសម្រាប់តេស្តបង្ហោះ។ ដោយឡែក ម្សិលមិញនេះ SpaceX បានធ្វើការបង្ហោះសាកល្បងយាន Starship SN9 របស់គេរួចរាល់ហើយ ប៉ុន្តែលទ្ធផលដែលទទួលបាន គឺមិនខុសពី Starship SN8 កន្លងទៅប៉ុន្មានទេ ដោយនៅតែមានបញ្ហាពេលចុះចតដដែល។

មិនខុសទេ កាលពីម្សិលមិញនេះ SpaceX បានបង្ហោះសាកល្បង Starship SN9 ជាថ្មីម្ដងទៀត បន្ទាប់ពីបង្ហោះសាកល្បង SN8 កាលពីខែធ្នូឆ្នាំ 2020 កន្លងទៅ ហើយជាលទ្ធផលមកវិញ Starship SN9 វាអាចធ្វើដំណើរហោះផុតពីផ្ទៃផែនដីបានកម្ពស់ 10Km បានដោយជោគជ័យ តាមការគ្រោងទុក ប៉ុន្តែបន្ទាប់ពីនោះមក វាចាប់ផ្តើមដំណើរការ ក្នុងការបង្វិលតួខ្លួនផ្តេក ដើម្បីត្រៀមលក្ខណៈសម្រាប់ចុះចតវិញ ហើយនៅពេលដែលជិតដល់ផ្ទៃដី វាមិនបានបង្វិលតួខ្លួន ឲ្យចុះមកដោយបញ្ឈរល្អនោះទេ ហើយក៏មិនបានបន្ថយល្បឿន សម្រាប់ចតដែរ ជាហេតុដែលធ្វើឲ្យវា ប៉ះទង្គិចជាមួយផ្ទៃដីមួយទំហឹង និងផ្ទុះតែម្ដង។ គួរបញ្ជាក់ដែរថា គោលដៅនៃការបង្ហោះ Starship កន្លងមក រួមទាំង Starship SN9 របស់ SpaceX លើកនេះ ចំណុចសំខាន់បំផុត គឺព្យាយាមធ្វើយ៉ាងណា ឲ្យវាអាចហោះទៅកាន់លំហ និងចុះចតមកតំបន់ដើមរបស់វាវិញ បានដោយស្វ័យប្រវត្តិ និងសុវត្ថិភាពហ្នឹងឯង ដើម្បីឲ្យគេអាចប្រើប្រាស់វាម្ដងទៀតបាន។

យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេ ដែល SpaceX ទទួលបរាជ័យក្នុងការបង្ហោះសាកល្បង Starship របស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះនៅតែបន្តស្រាវជ្រាវ និងបង្កើតយានសម្រាប់តេស្តសាកល្បង ជាបន្តបន្ទាប់រហូតមកដល់ SN9 នេះឯង។ បើតាមវីដេអូដែល SpaceX បង្ហាញលើ YouTube ទាក់ទងនឹងការបង្ហោះសាកល្បង Starship SN9 នោះ អាចនិយាយបានថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការបង្ហោះសាកល្បង Starship SN10 ទៀតហើយ ព្រោះជាក់ស្ដែងយើងក៏ឃើញវត្តមានរបស់វា ត្រូវបានដាក់ក្បែរគ្នានឹង SN9 នោះដែរ។

ដោយ​ ៖ SpaceX
អត្ថបទទាក់ទង