Ford បានសហការជាមួយ Google ដើម្បីនាំយក Android ទៅបំពាក់លើរថយន្តរបស់ខ្លួន ចាប់ពីឆ្នាំ 2023 ខាងមុខទៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

យើងបានស្គាល់ហើយ Ford ជាយីហោរថយន្តល្បីមួយ នៅក្នុងពិភពលោក ហើយកាលពីពេលថ្មីៗកន្លងទៅនេះ គេបានធ្វើការប្រកាសជាផ្លូវការមួយ នូវការចាប់ដៃគូរសហការគ្នាជាមួយ Google ហើយសម្រាប់គោលដៅនៃការសហការគ្នានោះដែរ គឺដោយសារតែ Ford ចង់នាំយកប្រព័ន្ធប្រតិបត្តិការ Android ទៅបំពាក់លើរថយន្តនាពេលអនាគតរបស់គេហ្នឹងឯង។ យ៉ាងណាក៏ដោយ ការសហការនោះ មិនមែនទាក់ទងតែនឹង Android មួយនោះទេ ពោលគឺ Ford ក៏មានគម្រោងក្នុងការប្រើប្រាស់សេវាកម្មរបស់ Google ជាច្រើនទៀតដែរ ដើម្បីធ្វើឲ្យបទពិសោធន៍ ក្នុងរថយន្តរបស់គេកាន់តែប្រសើរ។

មិនខុសទេ បើតាមការបង្ហាញចេញពី Ford កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា គេបានសហការគ្នាជាមួយនឹង Google ដើម្បីនាំយកប្រព័ន្ធប្រតិបត្តិការ Android ទៅបំពាក់នៅលើរថយន្តរបស់ខ្លួន ចាប់ពីឆ្នាំ 2023 ខាងមុខទៅ។ មិនត្រឹមតែ Android មួយទៀតនោះទេ Ford ក៏បានបញ្ជាក់ថា ពួកគេក៏នឹងប្រើប្រាស់សេវាកម្មជាច្រើនទៀតរបស់ Google នៅក្នុងពេលអនាគតដែរ ដែលរួមមានដូចជា សេវាកម្ម Google Cloud, សេវាកម្មទាក់ទងនឹងប្រាជ្ញាសិប្បនិម្មិត AI ថែមទាំង Machine Learning ផងដែរ។ ពិតណាស់ តាមរយៈការសហការខាងលើនេះ អាចនិយាយបានថា ចាប់ពីឆ្នាំ 2023 ខាងមុខនេះទៅ អ្នកប្រើប្រាស់រថយន្តត្រកូល Ford និងត្រកូល Lincoln (ជាយីហោរថយន្តប្រណីតរបស់ Ford) នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរ ទាក់ទងនឹងផ្នែក Entertainment System ព្រោះថាពួកគេនឹងទទួលបានរថយន្ត ដែលមានប្រព័ន្ធប្រតិបត្តិការពេញលេញស្រាប់ អាចអនុញ្ញាតឲ្យគេធ្វើរឿងសំខាន់ៗជាច្រើនបានដូចជា ប្រើប្រាស់កម្មវិធីរបស់ Google រួមមាន Google Assistant, Maps ព្រមទាំងកម្មវិធីផ្សេងៗ និងសេវាកម្មមួយចំនួនទៀត នៅលើរថយន្តនោះផ្ទាល់តែម្ដង ដោយមិនត្រូវការទូរសព្ទឆ្លាត Android ភ្ជាប់ជាមួយទៀតនោះទេ។

Ford ក៏បានបន្ថែមថា ក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ Google នោះ គឺនឹងធ្វើឲ្យគេ អាចបង្កើនបទពិសោធន៍អ្នកប្រើប្រាស់របស់ខ្លួន បានកាន់តែប្រសើរថែមមួយកម្រិតទៀត ជាមួយសេវាកម្ម ដែលមានភាពច្នៃប្រឌិត និងមានលក្ខណៈផ្ទាល់ខ្លួន។ តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្ត ទៅធ្វើការតំហែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ។ 

សូមបញ្ជាក់ដែរថា ការប្រើប្រាស់ Android លើរថយន្ត Ford នាឆ្នាំ 2023 ខាងមុខនោះ មិនដូចគ្នានឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះនោះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងាររបស់វាមានកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរសព្ទឆ្លាត Android ទើបបាន ខណៈពេលដែលរថយន្ត ដែលបំពាក់ជាមួយ Android មកស្រាប់វិញ មានន័យថា វាដូចជាទូរសព្ទឆ្លាត Android អញ្ចឹង ដែលអ្នកប្រើអាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដង។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង