Apple Studio បានចំណាយប្រាក់ដល់ទៅខ្ទង់ 25 លានដុល្លារ ដើម្បីទិញយករឿង CODA ជាកម្មសិទ្ធិផ្ទាល់ខ្លួន​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ការដាក់លក់ខ្សែភាពយន្ដ នៅឯពិធីមហោស្រពភាពយន្ត Sundance ប្រចាំឆ្នាំ 2021 បានរកឃើញអ្នកដែលហ៊ានចំណាយប្រាក់ ច្រើនជាងគេបង្អស់ហើយ ដោយក្រុមហ៊ុន Apple បានធ្វើការចំណាយប្រាក់ដល់ទៅ 25 លានដុល្លារជាង ក្នុងការទិញយកខ្សែភាពយន្ដមួយប៉ុណ្ណោះ។ ចំណែកឯខ្សែភាពយន្ដមួយនោះ គឺមានឈ្មោះហៅថា CODA ដោយត្រូវបានដឹកនាំ និងសរសេរសាច់រឿងដោយ លោកស្រី Siân Heder និងគ្រោងចាក់បញ្ចាំងនៅលើសេវាកម្ម Apple TV+ នៅក្នុងពេលខាងមុខនេះ។

ខ្សែភាពយន្ដឈ្មោះថា CODA ត្រូវបានចូលសម្ដែងដោយ កញ្ញា Emilia Jones ជាតួអង្គ Ruby កំពុងរស់នៅក្នុងចំណោមគ្រួសារថ្លង់ ហើយមានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលអាចស្ដាប់បានដូចមនុស្សធម្មតា។ ចំពោះសាច់រឿងនឹងបន្ដចាប់ផ្ដើម ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ នៅត្រង់ពេលដែលគាត់រៀនចប់វិទ្យាល័យ ហើយគាត់ត្រូវសម្រេចចិត្តថា គួរតែនៅផ្ទះជួយមើលថែគ្រួសាររបស់គាត់ ឬក៏ចេញទៅសិក្សាបន្ដ នៅឯមហាវិទ្យាល័យ ដើម្បីបំពេញក្ដីស្រមៃរបស់គាត់។ នេះគឺជាការបំបែកកំណត់ត្រាថ្មី ដែលក្រុមហ៊ុន Apple បានទិញយកខ្សែភាពយន្ដមួយ នៅក្នុងតម្លៃរហូតដល់ទៅខ្ទង់ 25 លានដុល្លារ ដោយកំណត់ត្រាខ្ពស់បំផុត កាលពីឆ្នាំមុននោះគឺជា ខ្សែភាពយន្ដ Palm Springs ត្រូវបានទិញយកក្នុងតម្លៃខ្ទង់ 22.5 លានដុល្លារ ដោយក្រុមហ៊ុន Hulu/Neon ផងដែរ។

នាពេលបច្ចុប្បន្ននេះ សេវាកម្មទស្សនាខ្សែភាពយន្ដ Apple TV+ មានតម្លៃប្រចាំខែខ្ទង់ 4.99 ដុល្លារ ឬប្រចាំឆ្នាំខ្ទង់ 49.99 ដុល្លារ នៅឯសហរដ្ឋអាមេរិក ប៉ុន្ដែសម្រាប់ខ្សែភាពយន្ដ Original នៅក្នុងសេវាកម្មនោះ គឺមានចំនួនរៀងតិចនៅឡើយទេ បើប្រៀបធៀបទៅនឹងគូប្រជែង Netflix, HBO Max និង Disney+ ជាដើម។ រឿង CODA ត្រូវបានចាក់បញ្ចាំងលើកដំបូង នៅពិធីមហោស្រពភាពយន្ត Sundance ក្នុងថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ដោយនឹងមាននៅលើសេវាកម្ម Apple TV+ នាពេលខាងមុខនេះ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង