ខ្សែភាពយន្ដដើម Zack Snyder's Justice League នឹងចាក់បញ្ចាំងនៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2021​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ក្រោយពីខ្សែភាពយន្ដ Justice League ត្រូវបានចាក់បញ្ចាំងក្នុងរោងកុន អស់រយៈពេលប្រមាណជាង 4 ឆ្នាំមុនមក ទីបំផុតលោក Zack Snyder ត្រូវជាអ្នកដឹកនាំរឿងដើម អាចសម្រេចតាមគម្រោងរបស់គាត់វិញហើយ ដោយដាក់ឈ្មោះឲ្យវាថា Zack Snyder’s Justice League ឬក៏ Snyder Cut ដ៏ល្បី។ ឈានមកដល់ពេលថ្មីៗនេះ យើងក៏បានដំណឹងទៀតថា ខ្សែភាពយន្ដដើម Zack Snyder's Justice League នឹងមានរយៈពេល 4 ម៉ោងឯណោះ ហើយគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ។

កាលពីពេលយប់មិញនេះ លោក Zack Snyder បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលដាក់បង្ហាញនៅខាងលើនេះ ព្រមទាំងលាតត្រដាងឲ្យដឹងអំពី កាលបរិច្ឆេទចាក់បញ្ចាំងរឿង Snyder Cut ជាផ្លូវការ ហើយមាននៅលើសេវាកម្ម HBO Max ផ្ដាច់មុខតែម្ដង។ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមិនទាន់ដឹងពីស្ថានភាពច្បាស់ នោះគឺថាលោក Zack Snyder (ជាអ្នកដឹកនាំរឿងដើម) បានប្រទះជួបបញ្ហាផ្ទាល់ខ្លួន ដូច្នេះផលិតកម្មក៏សម្រេចចិត្តហៅលោក Joss Whedon (ជាអ្នកធ្លាប់ដឹងនាំរឿង Avengers ទាំងពីរវគ្គដំបូង) ឲ្យមកដឹកនាំជំនួសវិញ ព្រមទាំងបានកែប្រែសាច់រឿងថ្មី។ ចំណែកឯខ្សែភាពយន្ដដើម Zack Snyder's Justice League នឹងមានសាច់រឿងខុសគ្នាទៅនឹងលើកមុន ហើយមានវត្តមានរបស់តួអង្គថ្មីៗដូចជា មេបិសាចធំ Uxas ដែលនឹងក្លាយទៅជា Darkseid, តួអង្គ Steppenwolf រូបរាងថ្មី, តួអង្គ DeSaad ក៏ដូចជាតួអង្គ Joker និង Deathstroke ថែមទៀតផង។

ខណៈពេលដែល អ្នកគាំទ្រត្រូវរង់ចាំរហូតដល់ ថ្ងៃទី 18 ខែមីនា ឆ្នាំ 2021 ដើម្បីទស្សនាខ្សែភាពយន្ដដើម Zack Snyder’s Justice League ឬ Snyder Cut បានពេញលេញជាផ្លូវការ តាមរយៈសេវាកម្ម HBO Max ដោយឡែក ប្រភពផ្ទៃក្នុងក៏បានបង្ហើបមកថា វីដេអូ Trailer អាចនឹងបង្ហោះថ្មីមួយទៀត នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021 ត្រូវនឹងទិវានៃក្តីស្រឡាញ់។

ដោយ​ ៖ Zack Snyder
អត្ថបទទាក់ទង