Tesla Model S ទទួលបានការកែឌីហ្សាញថ្មីផ្នែកខាងក្នុង និងអាចលេងហ្គេម Cyberpunk 2077 បានថែមទៀត​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

Tesla ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី បើកបរដោយស្វ័យប្រវត្តិ បានធ្វើការអាប់ដេតឲ្យរថយន្ដ Model S របស់ខ្លួនជាថ្មីម្ដងទៀតហើយ ដោយលើកនេះ វាមានការកែប្រែច្រើនជាងមុនៗ ជាពិសេសផ្ដោតទៅលើផ្នែកខាងក្នុងតែម្ដង។ អ្វីដែលចាប់អារម្មណ៍បំផុតមួយ នៅពេលដែលងាកមើលដំបូង ប្រាកដជាបន្ទះអេក្រង់ទំហំ 17 អ៊ីញ នៅកន្លែងពីមុខអ្នកបើកបរ ដោយមានលក្ខណៈជាអេក្រង់ផ្ដេក ជំនួសឲ្យអេក្រង់បញ្ឈរនៅលើជំនាន់មុន ព្រមទាំងមានអេក្រង់ទំហំ 8 អ៊ីញ នៅកន្លែងអង្អុយខាងក្រោយថែមទៀត ទុកសម្រាប់ឲ្យជិះនៅក្នុងនោះ ធ្វើការទស្សនាខ្សែភាពយន្ដ ឬលេងហ្គេមកម្សាន្ដបាន។

លោក Elon Musk ត្រូវជា CEO ប្រចាំ Tesla ផ្ទាល់បាននិយាយប្រាប់ថា រថយន្ដអគ្គិសនី Model S ជំនាន់ថ្មីនេះ មានសមត្ថភាពកាន់តែខ្លាំងជាងមុន ដោយវាមានកម្លាំង 1100 សេះ ហើយអាចជាន់ពីល្បឿន 0Km/h ទៅល្បឿន 96km/h ក្នុងរយៈពេលតិចជាង 2 វិនាទីទៅទៀត និងទទួលបានដៃចង្កូតម៉ូតថ្មីប្លែក គួរឲ្យចាប់អារម្មណ៍។ ចំពោះប្រភេទម៉ូឌែលខ្ពស់ៗ គឺមានសមត្ថភាពជិះក្នុងល្បឿន 321 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រៀមនឹងនាំចេញនៅខែក្រោយនេះ។ ចំណែកឯមុខងារពិសេសរបស់វា គឺរួមមានបញ្ចូលទាំង បន្ទះសាកថ្មឥតខ្សែ (Wireless Charger) សម្រាប់ឧបករណ៍ឆ្លាតវៃ និងការទស្សនាខ្សែភាពយន្ដ ឬលេងហ្គេម (ឧទាហរណ៍ដូចជា Cyberpunk 2077 និង The Witcher 3: Wild Hunt) តាមរយៈសេវាកម្មពពក Cloud Services ថែមទៀតផង។

Tesla ផ្ដល់ជូននូវជម្រើសពណ៌សរុបចំនួន 5 ដើម្បីឲ្យអតិថិជនជ្រើសរើស នោះគឺមានដូចជា ពណ៌ស, ខ្មៅ, ប្រផេះ, ខៀវ និងពណ៌ក្រហម។ លើសពីនេះ ពួកគេក៏មានជម្រើសប្រភេទម៉ូតកង់ចំនួន 2 ម៉ូត និងពណ៌នៅផ្នែកខាងក្នុងរថយន្ដចំនួន 3 ពណ៌ដូចជា ពណ៌ខ្មៅ, ស និងពណ៌ទឹកដោះគោក្រែម។

រថយន្ដអគ្គិសនី Tesla Model S ជំនាន់ថ្មីនេះ ចាប់ផ្ដើមពីតម្លៃខ្ទង់ 79,990 ដុល្លារ (នៅសហរដ្ឋអាមេរិក) សម្រាប់ប្រភេទ Long Range ដែលមានអាគុយអាចជិះបានចម្ងាយ 663 គីឡូម៉ែត្រ រីឯក៏ប្រភេទ Plaid ដែលអាចជិះបាន 627 គីឡូម៉ែត្រ ប៉ុន្ដែមានកម្លាំងខ្លាំងជាង (ជាន់ពីល្បឿន 0Km/h ទៅល្បឿន 96km/h ក្នុងរយៈពេលតិចជាង 2 វិនាទី) ជាមួយតម្លៃខ្ទង់ 119,000 ដុល្លារ និងចុងក្រោយជាប្រភេទកំពូល Plaid+ តម្លៃខ្ទង់ 139,000 ដុល្លារ ដែលមានកម្លាំងខ្លាំង ហើយអាចជិះបានចម្ងាយ 836 គីឡូម៉ែត្រឯណោះ។

ដោយ​ ៖ Tesla
អត្ថបទទាក់ទង