ទស្សនាវីដេអូ Trailer ដំបូងរបស់ខ្សែភាពយន្ដខ្នាតធំ Godzilla vs. Kong ទាំងអស់គ្នា​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

 

ដូចដែលបានសន្យា ដោយកាលពីយប់មិញនេះ ផលិតកម្ម Warner Bros. និង Legendary Pictures បានធ្វើការទម្លាក់វីដេអូ Trailer ដំបូងរបស់ខ្សែភាពយន្ដខ្នាតធំ Godzilla vs. Kong ឲ្យយើងបានទស្សនាហើយ។ តាមរយៈវីដេអូ Trailer ដែលមានរយៈពេលជាង 2 នាទីនេះ បានបង្ហាញឲ្យយើងបានឃើញពីឈុតឆាកវាយប្រហារគ្នាខ្លះៗរវាង Godzilla និងកងកម្លាំងយោធា ក៏ដូចជារវាង Kong និង Godzilla ផងដែរ។

តាមរយៈវីដេអូ Trailer ដដែលនេះ ក៏បានបង្ហើបឲ្យយើងបានដឹងពីតម្រុយខ្លះៗទាក់ទងទៅនឹងហេតុការណ៍ដែលនឹងត្រូវកើតឡើងនៅក្នុងខ្សែភាពយន្ត Godzilla vs. Kong ផងដែរ។ ដោយក្នុងនោះរាប់បញ្ចូលទាំងក្រុមមនុស្សដែលជួយ Kong ស្វែងរកទីកន្លែងរស់នៅពិតប្រាកដរបស់វា ក៏ដូចជាទំនាក់ទំនងរវាង Kong និងក្មេងកំព្រាឈ្មោះ Jia ដែលជាមនុស្សតែម្នាក់គត់អាចធ្វើការទាក់ទងជាងមួយនឹង Kong បាន។ លើសពីនេះ នៅជិតចុងបញ្ចូប់នៃ Trailer នេះ គេក៏បានបង្ហាញឲ្យយើងបានឃើញពីរូបរាងពូថៅដែល Kong ប្រើសម្រាប់វាយជាមួយ Godzilla ថែមទៀតផង។

គួរបញ្ជាក់ផងថា Godzilla vs. Kong បានចំណាយដើមទុនអស់ខ្ទង់ចន្លោះពី 160 ទៅ 200 លានដុល្លារ ក្នុងការផលិត ហើយវាត្រូវបានដឹកនាំដោយលោក Adam Wingard ក៏ដូចជាចូលរួមសម្តែងដោយលោក Alexander Skarsgård, កញ្ញា Millie Bobby Brown និងលោកស្រី Rebecca Hall ជាដើម។ ខ្សែភាពយន្ដខ្នាតធំមួយនេះ នឹងត្រូវចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តមួយចំនួន ក៏ដូចជានៅលើសេវាកម្ម HBO Max នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ។ ដើម្បីដឹងឲ្យកាន់តែច្បាស់ អ្នកទាំងអស់គ្នាអាចចុចមើលវីដេអូខាងក្រោមនេះបាន។

ដោយ​ ៖ HBO Max
អត្ថបទទាក់ទង