Apple ក៏ទំនងជាមានគម្រោងក្នុងការផ្លាស់ប្តូរទ្រង់ទ្រាយធំនៃ MacBook Air ជំនាន់ថ្មីដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ យើងធ្លាប់ទទួលបានរបាយការណ៍មួយ ដែលបានបញ្ជាក់ឲ្យដឹងថា Apple មានគម្រោងក្នុងការផ្លាស់ប្តូរទ្រង់ទ្រាយនៃ MacBook Pro ជំនាន់ថ្មីរបស់ខ្លួន ដោយក្នុងនោះ រួមមានទាំងប្តូរការរចនារូបរាងជាច្រើន, អាចមាន MagSafe ឡើងវិញ ថែមទាំងអាចនឹងមានភ្ជាប់មកជាមួយរន្ធ I/O ច្រើនប្រភេទជាងមុន។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានដំណឹង ទាក់ទងនឹង MacBook Air វិញម្ដង ជាក់ស្ដែង Apple ក៏ត្រូវបានគេដឹងថា មានគម្រោងកែប្រែកុំព្យូទ័រយួរដៃត្រកូលមួយនេះច្រើនដែរ ទាំងទៅលើការរចនារូបរាង និងចំណុចសំខាន់មួយចំនួនទៀត។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីប្រភពល្បីឈ្មោះ ពោលគឺ Bloomberg បានឲ្យដឹងថា MacBook Air ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅចុងឆ្នាំនេះតែម្ដង ឬក៏អាចនៅក្នុងឆ្នាំ 2022 ខាងមុខ ហើយ Apple អាចនឹងធ្វើការរចនារូបរាងរបស់វា ឲ្យកាន់តែស្ដើង និងស្រាលជាងមុនថែមមួយកម្រិតទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ Apple ក៏អាចនឹងកែច្នៃឲ្យអេក្រង់ 13 អ៊ីញរបស់វា កាន់តែមានលក្ខណៈលាតជាងមុន មានន័យថា នឹងកាត់បន្ថយគែមអេក្រង់របស់វា ឲ្យកាន់តែខ្លីថែមទៀត ហើយរឹតតែប្រសើរនោះ កុំព្យូទ័រជំនាន់ថ្មីខាងលើ ក៏អាចនឹងមានភ្ជាប់មកជាមួយរន្ធ USB 4 ចំនួន 2 ផត ព្រមទាំងអាចនឹងមានប្រើប្រាស់ឈីបជំនាន់ថ្មីរបស់ Apple ដែលបន្តតំណែងពី M1 ផងដែរ។ ទន្ទឹមគ្នានេះ ប្រភពដដែលខាងលើ បានបញ្ជាក់ថា MacBook Air ជំនាន់ថ្មីអាចនឹងមានបំពាក់មកវិញនូវមុខងារសាកថ្ម MagSafe ដូច MacBook Pro ជំនាន់ថ្មីដែរ ដោយលើកនេះ ប្រដាប់សាកថ្មបែបឆក់នោះ ទំនងជាមានរូបរាងទ្រវែង ស្រដៀងលើកមុនអញ្ចឹង។

មួយវិញទៀតគេបានដឹងទៀតថា Apple ក៏ធ្លាប់មានគម្រោងក្នុងការបញ្ចេញ MacBook Air ដែលមានអេក្រង់ទំហំ 15 អ៊ីញមួយទៀតដែរ ប៉ុន្តែគម្រោងនោះ ត្រូវបានលុបចោលវិញ បន្ថែមពីនេះ MacBook Air ជំនាន់ថ្មី ដែលយើងបានរៀបរាប់ខាងលើ គឺទំនងជាម៉ូឌែលខ្ពស់បំផុត នៃត្រកូលកុំព្យូទ័រយួរដៃមួយនោះហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Apple ក៏នៅតែត្រូវបានគេរំពឹងថា នឹងបន្តដាក់លក់ម៉ូឌែលដែលមានប្រើប្រាស់ឈីប M1 ដដែល នៅពេលនោះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង