ASUS VivoBook S14 (S435) ជាកុំព្យូទ័រយួរដៃស៊េរីថ្មី បំពាក់ស៊ីភីយូ Intel ជំនាន់ទី 11 និងមានរាងស្ដើងស្រាល​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រុមហ៊ុនកុំព្យូទ័រដ៏ល្បីល្បាញមួយ ដែលមានឈ្មោះហៅថា ASUS បានធ្វើការដាក់បង្ហាញអំពី កុំព្យូទ័រយួរដៃស៊េរីថ្មី VivoBook S14 ម៉ូឌែល S435 កាលពីពេលថ្មីៗនេះ ដោយវាមានកម្រាស់ស្ដើងបំផុត មិនធ្លាប់មាននៅលើត្រកូល VivoBook ពីមុនមក ព្រមទាំងនៅអាចមានកម្លាំងខ្លាំងជាងមុន។ ក្រៅពីមានរូបរាងស្ដើងស្រាលហើយ VivoBook S14 ស៊េរីថ្មីនេះ ក៏ទទួលបានអេក្រង់គែមខ្លី ដែលគ្របដណ្ដប់បានចំនួន 90% នៃផ្ទៃកន្លែងអេក្រង់នោះ ធ្វើឲ្យទទួលបានបទពិសោធន៍ នៅពេលដែលប្រើប្រាស់ទូទៅ និងទស្សនាវីដេអូ ជាដើម។

កុំព្យូទ័រយួរដៃស៊េរីថ្មី ASUS VivoBook S14 (S435) មានទម្ងន់ 1.3kg និងកម្រាស់ត្រឹមតែ 15.9mm ដោយមានតួខ្លួនស្រោបឡើងពីលោហៈ ធ្វើឲ្យងាយស្រួលយកតាមខ្លួន និងមានភាពរឹងមាំ។ សម្រាប់ផ្នែកបន្ទះអេក្រង់របស់វា គឺមានទំហំ 14 អ៊ីញ ជាប្រភេទ IPS ភ្ជាប់មកជាមួយគុណភាព Full HD (1920x1080) ជាមួយកម្រិតទឹកពណ៌ sRGB ចំនួន 100% ដែលមានគែមអេក្រង់ខ្លី ដូចបានបញ្ជាក់ពីខាងលើ និងទទួលបានការបញ្ជាក់ពី TÜV Rheinland ទៅលើផ្នែកការពារក្នែកបានល្អ។ បើងាកទៅមើលរន្ធតំណរភ្ជាប់ យើងឃើញមានដូចជា រន្ធ USB-A 2.0 ចំនួន 1, រន្ធ USB-A 3.2 ចំនួន 1, រន្ធ USB-C ចំនួន 2 គាំទ្រ Thunderbolt 4/Power Delivery, រន្ធ HDMI 1.4 ចំនួន 1, រន្ធដាក់ Micro SD Card និងរន្ធដោតកាស។

ចំណែកឯកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់ដោយស៊ីភីយូ Intel® Core™ i5-1135G7 ឬជម្រើសខ្ពស់បំផុត Intel® Core™ i7-1165G7 ភ្ជាប់ជាមួយក្រាហ្វិកជាប់ជំនាន់ក្រោយ Iris® Xe graphics ដែលមានជម្រើសរ៉េមឡើងដល់ 16GB និងជម្រើសអង្គផ្ទុកទិន្នន័យ SSD ឡើងដល់ 1TB ប្រភេទ M.2 NVMe™ PCIe® 3.0 ជាមួយថាមពលថ្មទំហំ 67WHrs, 4S1P, 4-cell Li-ion ហើយបញ្ចូលថ្មតាមរន្ធ Type C កម្លាំង 65W តែម្ដង។ បន្ថែមពីលើនេះទៀត ASUS ក៏បានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ដោយមានម៉ូតជួយឲ្យម៉ាស៊ីនរត់ខ្លាំងជាងមុន រហូតដល់ខ្ទង់ 40%, ម៉ូតសន្សំថាមពលថ្ម និងម៉ូតកង្ហាររត់ស្ងាត់ តាមរយៈការចុចលើប៊ូតុង Fn + F ដើម្បីបើកដំណើរការ។

លើសពីនេះ ASUS VivoBook S14 (S435) ក៏មានផ្ដល់ជូនបាសបំពងសំឡេង ត្រូវបានកែសម្រួលសំឡេងដោយ Harman Kardon, រន្ធមីក្រូហ្វូនទប់សំឡេងរំខាន សម្រាប់នៅពេលខលទៅវិញទៅមក, បច្ចេកវិទ្យាស្កេនម្រាមដៃ, បច្ចេកវិទ្យា Intel® WiFi 6 (802.11ax) + Bluetooth® 5.0, ក្ដារចុចមានភ្លើង ទុកប្រើប្រាស់ក្នុងកន្លែងងងឹត និងកាមេរ៉ា Webcam គុណភាព HD ជាដើម។ 

ដោយ​ ៖ ASUS
អត្ថបទទាក់ទង