ASUS TUF Dash F15 ស៊េរីឆ្នាំ 2021 កាន់តែស្រាល ស្ដើង និងលក្ខណៈសម្បត្តិលំដាប់កំពូល​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កុំព្យូទ័រយួរដៃ Gaming ត្រកូល TUF Dash F15 ស៊េរីថ្មីរបស់ ASUS ត្រូវបានដាក់បង្ហាញនៅឯព្រឹត្តិការណ៍ CES 2021 ដោយវាមានបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ ឡើងដល់កម្រិត 240Hz/3ms កម្រាស់ស្ដើងជាងមុនត្រឹម 19.9mm ជាមួយទម្ងន់ចំនួន 2KG និងនៅតែមានលក្ខណៈសម្បត្តិកំពូលដដែល។ ស៊េរីថ្មីឆ្នាំនេះ ASUS បានផ្ដល់ជូនជម្រើសស៊ីភីយូរហូតដល់ Intel Core i7 ជំនាន់ទី 11 ចុងក្រោយ ជាមួយល្បឿនប្រឹងដល់កម្រិត 5GHz និងជម្រើសក្រាហ្វិកកាត NVIDIA GeForce RTX 3070 ថែមទៀតផង។

យើងទទួលបានជម្រើសពណ៌ចំនួន 2 ដូចជាពណ៌ស និងពណ៌ខ្មៅ ដែលមានភ្លើងក្ដារចុចពណ៌ផ្ទៃមេឃ មើលទៅគួរឲ្យទាក់ទាញម្យ៉ាងដែរ ដោយវាមានកម្រាស់ស្ដើងមែន ប៉ុន្ដែ ASUS លើកឡើងមកថា វាក៏តែអាចមានរន្ធបញ្ចេញកម្ដៅបាន 4 កន្លែង និងបន្ទះបន្ថយកម្ដៅដល់ទៅ 5 នៃផ្នែក CPU, GPU, VRM, VRAM ជួយរក្សាកម្ដៅមិនឲ្យក្ដៅពេក នៅពេលដែលលេងហ្គេម ឬប្រើប្រាស់កម្មវិធីធ្ងន់ៗ។ បន្ទះអេក្រង់ IPS ទំហំ 15.6 អ៊ីញរបស់ ASUS TUF Dash F15 សុទ្ធតែបំពាក់បច្ចេកវិទ្យា Adaptive-Sync ធ្វើឲ្យកាន់តែរលូន ហើយមានជម្រើសច្រើនគួរសម ដោយរួមមានបញ្ចូលទាំង បន្ទះអេក្រង់គុណភាពកម្រិត Full HD (1920x1080) ជាមួយ Refresh Rate កម្រិត 60Hz, 144Hz ឬ 240Hz និងជម្រើសអេក្រង់គុណភាពកម្រិត QHD (2560x1440) ជាមួយ Refresh Rate កម្រិត 165Hz វិញ។

ចំពោះលក្ខណៈសម្បត្តិរបស់ ASUS TUF Dash F15 រួមមានបញ្ចូលទាំង ជម្រើសស៊ីភីយូឡើងដល់ Intel Core i7-11375H ជំនាន់ទី 11, ជម្រើសក្រាហ្វិកកាតឡើងដល់ NVIDIA GeForce RTX 3070 (VRAM ទំហំ 8GB GDDR6) ក៏ដូចជាជម្រើស SSD ឡើងដល់ 1TB M.2 NVMe™ PCIe® 3.0 និងជម្រើសរ៉េមឡើងដល់ 32GB DDR4 ជាដើម។ វាផ្ដល់ជូននូវ បច្ចេកវិទ្យា Thunderbolt 4/DisplayPort 1.4/Power Delivery កម្លាំងសាកថ្ម 100W តាមរយៈរន្ធ USB Type-C ចំនួន 1 ដែលអាចតទៅម៉ូនីទ័រ 8K បាន 1 គ្រឿង ឬម៉ូនីទ័រ 4K បាន 2 គ្រឿង, រន្ធ USB Type-A 3.2 ចំនួន 3, រន្ធ HDMI 2.0b, រន្ធ Ethernet និងរន្ធដោតកាស។

ASUS បានអះអាងមកថា បច្ចេកវិទ្យាសាកថ្មលឿននៅលើ ASUS TUF Dash F15 ស៊េរីឆ្នាំ 2021 របស់ពួកគេ អាចសាកថ្មពីចំនួន 0% ទៅ 50% ក្នុងរយៈពេលតិចជាង 30 នាទី ជាមួយនឹងថាមពលថ្ម 76Wh របស់វា ដោយអាចគាំទ្រដុំសាកកម្លាំង 200W និងគាំទ្របច្ចេកវិទ្យា PD កម្លាំង 100W តាមរយៈរន្ធ USB C ផងដែរ។ អ្វីដែលវាមានភ្ជាប់មកជាមួយផ្សេងៗទៀត គឺមានដូចជា Wi-Fi 6, Bluetooth 5.1, បាសបំពងសំឡេងចំនួន 2 គុណភាព DTSX កម្រិត Ultra ហើយក៏មានមីក្រូហ្វូនទប់សំឡេងរំខាន បានទាំងពេលដែលស្ដាប់ឮទៅវិញទៅមក។

ដោយ​ ៖ ASUS
អត្ថបទទាក់ទង