Microsoft បានចូលរួមសហការជាមួយ Honda និង GM លើរថយន្ដបើកបរដោយស្វ័យប្រវត្តិទាំងស្រុង​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2020 ក្រុមហ៊ុនអាមេរិក Cruise គ្រប់គ្រងដោយក្រុមហ៊ុន General Motors (GM) បានធ្វើការប្រកាសជាផ្លូវការថា ពួកគេកំពុងតែសិក្សាទៅលើ រថយន្ដអគ្គិសនីពេញលេញ ដែលអាចបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ហើយវាមានឈ្មោះហៅថា Cruise Origin និងធ្វើឲ្យមានមនុស្សចាប់អារម្មណ៍ច្រើនមែនទែន។ បន្ទាប់ពី Honda បានប្រកាសចូលរួមវិនិយោគជាមួយ General Motors (GM) លើរថយន្ដទំនើប Cruise Origin នេះអស់មួយរយៈមក ពេលនេះ Microsoft ក៏បានសម្រេចចិត្តចូលរួមជាមួយពួកគេដែរ។

ដំបូងឡើយ Cruise ចាប់ផ្ដើមមានវត្តមាននៅក្នុងឆ្នាំ 2013 ហើយត្រូវបានទិញយកដោយ GM ជាមួយតម្លៃខ្ទង់ 1 ពាន់លានដុល្លារ នៅក្នុងឆ្នាំ 2016 និងទើបបានសហការជាមួយ Honda ដើម្បីផ្ដោតលើការអភិវឌ្ឍន៍រថយន្ដ Cruise Origin កាលពីឆ្នាំមុននេះ។ ដោយសារតែ Microsoft បានចូលរួមជាមួយដែរហើយ ដូច្នេះពួកគេនឹងប្រើប្រាស់បណ្ដាញប្រព័ន្ធ Azure (ផលិតដោយ Microsoft) ទៅលើប្រព័ន្ធពពក (Cloud Server) និងការផ្ទេរទិន្នន័យនានា។ ជាការពិតណាស់ ព្រោះតែវាជារថយន្ដបើកបរដោយស្វ័យប្រវត្តិ ព្រមទាំងគ្មានចង្កូតទៀត គឺវាត្រូវការប្រព័ន្ធពពក (Cloud) ចាំបាច់បំផុត ដើម្បីចែករំលែក និងស្រូបយកទិន្នន័យ ឲ្យដឹងអំពីទីតាំង ដែលត្រូវបើកបរទៅកាន់ ជាដើម។

នាពេលបច្ចុប្បន្ននេះ យើងគ្រាន់តែដឹងថា General Motors (GM) មានគម្រោងចាប់ផ្ដើមផលិត Cruise Origin ដែលជារថយន្ដប្រភេទអគ្គិសនី អាចបើកបរដោយស្វ័យប្រវត្តិទាំងស្រុង នៅក្នុងអំឡុងឆ្នាំ 2022 ខាងមុខនេះតទៅ ប៉ុន្ដែពួកគេមិនទាន់ប្រាប់អំពី សមត្ថភាពលម្អិតរបស់វានៅឡើយទេ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង