ចំនួនអ្នកបង់ថ្លៃសេវាកម្ម Netflix កើនឡើងរហូតដល់ខ្ទង់ 200 លាននាក់ជុំវិញពិភពលោក​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ជាការពិតណាស់ Netflix គឺជាសេវាកម្មទស្សនាខ្សែភាពយន្ដមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់ នៅលើទីផ្សារសកលលោក ហើយខណៈពេលដែល វីរុសកូវីដ-19 រីករាលដាលជាបន្ដបន្ទាប់ ពួកគេក៏ចាប់ផ្ដើមកើនឡើង សមាជិកកាន់តែលឿនជាងមុន ព្រោះតែមនុស្សមានពេលនៅផ្ទះច្រើនជាងមុនដែរ។ ពេលនេះ Netflix បានប្រកាសជាសាធារណៈថា គិតត្រឹមត្រីមាសទី 4 ចុងក្រោយនេះ ពួកគេទទួលបានសមាជិកសរុប 200 លាននាក់ឯណោះ។

គួរបញ្ជាក់ផងថា ចំពោះសមាជិកសរុបទាំង 200 លាននាក់នោះ គឺសុទ្ធតែជាអ្នកបង់ថ្លៃសេវាកម្ម ដោយមិនទាន់បានគិតទាំង អ្នកចូលរួមទស្សនាជាមួយ នៅក្នុងគណនីតែមួយទេ។ សេវាកម្ម Netflix អាចឆ្លងកាត់ចំនួនអ្នកបង់ថ្លៃសេវាកម្ម រហូតដល់ខ្ទង់ 200 លាននាក់ ពីទូទាំងពិភពលោក ក៏ដោយសារតែ ពួកគេមានសមាជិកថ្មីៗចំនួនខ្ទង់ 8.5 លាននាក់ទៀត កាលពីអំឡុងត្រីមាសទី 4 កន្លងទៅនេះ។ ស្របនឹងពេលប្រកាសចេញនេះ Netflix ក៏បានលើកឡើងមកថា រឿងថ្មីឈ្មោះថា Lupin របស់ពួកគេ ត្រូវបានរំពឹងទុកថា នឹងមានអ្នកទស្សនាសរុបដល់ខ្ទង់ 70 លាននាក់ ក្នុងរយៈពេលចំនួន 28 ថ្ងៃដំបូង រីឯរឿង The Crown របស់ពួកគេមួយទៀត ទទួលបានអ្នកទស្សនាសរុបច្រើនជាង 100 លាននាក់ទៅទៀត។ ចំណែកឯរឿង និងវីដេអូឯកសារល្បីៗប្រចាំឆ្នាំ 2020 របស់ Netflix ដូចជា ឯកសារ Tiger King និងរឿងភាគ The Queen’s Gambit គឺមានអ្នកទស្សនាដល់ទៅ 62 លាននាក់ នៅក្នុងរយៈពេល 4 សប្ដាហ៍ដំបូង បន្ទាប់ពីចាក់បញ្ចាំងជាផ្លូវការ។

សម្រាប់ការទទួលបាន សមាជិកបង់ប្រាក់រហូតដល់ 200 លាននាក់ គឺជាភាពជោគជ័យខ្ពស់មែនទែន ដែលសេវាកម្ម Netflix អាចធ្វើការសម្រេចបាន ប៉ុន្ដែគូប្រកួតប្រជែងរបស់ពួកគេ ក៏មិនអន់នោះដែរ ដោយប្រទះឃើញលូតលាស់លឿនដូចគ្នា។ ហាក់បីដូចជា សេវាកម្មទស្សនាខ្សែភាពយន្ដ Disney+ មានចំនួនអ្នកបង់ប្រាក់មើលសរុបខ្ទង់ 86 លាននាក់ហើយ រីឯសេវាកម្ម HBO Max នឹងចាក់បញ្ចាំងរឿងខា្នតធំៗថ្មីៗជាច្រើន របស់ផលិតកម្ម Warner Bros. នៅក្នុងឆ្នាំ 2021 នេះ ដែលគ្រោងអាចទទួលបាន ការគាំទ្រច្រើនថែមទៀតផង។

ដោយ​ ៖ Netflix
អត្ថបទទាក់ទង