ហ្គេមកំពុងអភិវឌ្ឍន៍ Project: Mara នឹងទទួលបានក្រាហ្វិកដូចពិតៗស្ទើរតែមិនគួរឲ្យជឿ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីទទួលបានគាំទ្រខ្លាំង លើក្រាហ្វិករបស់ត្រកូលហ្គេម Hellblade រួចកន្លងមក ក្រុមអ្នកអភិវឌ្ឍន៍ Ninja Theory របស់ក្រុមហ៊ុន Xbox ក៏បន្ដទៅបង្កើតហ្គេមថ្មីមួយទៀត ដែលមានឈ្មោះបណ្ដោះអាសន្នថា Project: Mara ជាមួយក្រាហ្វិកដូចពិតៗ ស្ទើរតែមើលមិនដឹងថា វាជាវីដេអូ Render លើកុំព្យូទ័រនោះឡើយ។ ក្រុមអ្នកអភិវឌ្ឍន៍លើហ្គេមបែបភ័យរន្ធត់មួយនេះ ចង់ឲ្យអ្នកលេងទទួលបាន បទពិសោធន៍ថ្មីមិនធ្លាប់មានពីមុនមក ដោយមិនមែនមានអារម្មណ៍ដូចជា ហ្គេមទូទៅ ឬក៏ខ្សែភាពយន្ដដែរ។

បើយោងតាមវីដេអូបង្ហោះដោយ Ninja Theory ផ្ទាល់ នៅលើឆានែល YouTube ផ្លូវការរបស់ពួកគេ បានដាក់បង្ហាញឲ្យឃើញថា ពួកគេបានផលិតហ្គេមថ្មីនេះឡើងមក ដោយផ្ដោតទៅតាមទីតាំងពិតៗតែម្ដង ជាមួយការចាប់ផ្ដើមស្កេនជុំវិញអាគារ Apartment មួយ និងយកទៅធ្វើឲ្យចេញជា ក្រាហ្វិកនៅលើកុំព្យូទ័របានសម្រេច។ ហាក់បីដូចជា រូបភាពប្រៀបធៀបនៅខាងលើនេះ ដែលដាក់បង្ហាញរវាងរូបភាពពិត និងរូបភាពក្រាហ្វិកលើកុំព្យូទ័រ ស្ទើរតែមិនអាចប្រាប់ថា មួយណាជារូបភាពពិត ហើយមួយណាជាក្រាហ្វិក Render នោះទេ។ ប្រសិនបើប្រិយមិត្តអ្នកអាន ចង់យល់ដឹងកាន់តែច្បាស់ អាចធ្វើការទស្សនាវីដេអូដាក់បង្ហាញដោយ Ninja Theory នៅខាងក្រោមនេះបាន។

ហ្គេមកំពុងតែអភិវឌ្ឍន៍ Project: Mara មួយនេះ ត្រូវបានដាក់បង្ហាញលើកដំបូង នៅដើមឆ្នាំ 2020 ដែលក្បែរៗគ្នាទៅនឹងពេលដាក់បង្ហាញហ្គេម Senua's Saga: Hellblade II ប៉ុន្ដែហ្គេមបែបភ័យរន្ធត់ថ្មីមួយនេះ នៅមិនទាន់មានថ្ងៃប្រកាសចេញនៅឡើយទេ និងកំពុងអភិវឌ្ឍន៍សិនប៉ុណ្ណោះ។

ដោយ​ ៖ Ninja Theory
អត្ថបទទាក់ទង