កម្មវិធីផ្ញើសារ Signal ដំណើរការល្អប្រសើរឡើងវិញ ក្រោយពីជួបបញ្ហាអស់មួយថ្ងៃជាងមក​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពី WhatsApp បានបញ្ចេញច្បាប់ថ្មីភ្លាម គឺបានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើន មានការព្រួយបារម្ភអំពី ផ្នែកសុវត្ថិភាពរបស់ពួកគេ ទើបចាប់ផ្ដើមប្រទះឃើញមាន អ្នកផ្លាស់ប្ដូរទៅទាញយក កម្មវិធីផ្ញើសារ Signal មកប្រើជំនួសវិញ ក្នុងពេលមួយរយៈចុងក្រោយមកនេះ។ ដោយសារតែមូលហេតុនោះហើយ ក៏ធ្វើឲ្យ Signal ដំណើរការមិនសូវស្រួល អស់រយៈពេលយូរជាង 24 ម៉ោងទៅទៀត ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីផ្ញើសារមួយនោះ បានជួសជុលបញ្ហាជិតអស់ហើយ។

កម្មវិធីផ្ញើសារ Signal ប្រទះឃើញចំនួនទាញយកកើនឡើងដល់ខ្ទង់ 1.3 លានដង បន្ទាប់ពីលោក Elon Musk ណែនាំឲ្យប្រើកម្មវិធីមួយនេះ ជំនួសឲ្យកម្មវិធី WhatsApp វិញ និងដើម្បីជៀសវាងច្បាប់ថ្មីរបស់ WhatsApp ដែលប៉ះពាល់ដល់ការគ្រប់គ្រងទិន្នន័យ របស់អ្នកប្រើប្រាស់ទាំងអស់។ ចំពោះច្បាប់ថ្មីរបស់ WhatsApp ដែលធ្វើឲ្យមនុស្សជាច្រើន ចាប់ផ្ដើមលុបកម្មវិធីរបស់ពួកគេចោល នោះគឺការចែករំលែកទិន្នន័យជាមួយ Facebook ដែរ នៅក្នុងពេលខាងមុខនេះ។ ជាយូរណាស់មកហើយ ដែលមនុស្សជាច្រើននាក់ បានរិះគន់ទៅលើក្រុមហ៊ុន Facebook អំពីបញ្ហាប្រមូលទិន្នន័យ របស់អ្នកប្រើប្រាស់ (រំលោភសិទ្ធិឯកជន) ដើម្បីអាចងាយស្រួលដឹងថា អ្នកប្រើប្រាស់ណាម្នាក់កំពុងចង់ស្វែងរកអ្វី ហើយដាក់ផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យត្រូវតាមនោះតែម្ដង ជាដើម។

ចំណែកឯ Signal ត្រូវបានគេចាត់ទុកថា ជាកម្មវិធីផ្ញើសារមួយ ដែលមានសុវត្ថិភាពខ្ពស់ ក៏ព្រោះតែពួកគេមិនរក្សាទុក ទិន្នន័យដើមរបស់អ្នកប្រើប្រាស់ទេ ដោយប្រើប្រាស់វិធីសាស្រ្ដអ៊ិនគ្រីប (Encrypted) ច្បាស់លាស់។ នាពេលបច្ចុប្បន្ននេះ WhatsApp បានពន្យាពេលដាក់បញ្ចេញច្បាប់ថ្មីនោះ ទៅកាន់ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2021 វិញ ក្រោយពីរងការរិះគន់យ៉ាងច្រើន និងបាត់បង់អ្នកប្រើប្រាស់ក៏មិនតិចនោះដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង