Galaxy S21 និង S21+ បានបង្ហាញខ្លួនផ្លូវការ ជាមួយរូបរាងថ្មី, អេក្រង់ 120Hz, និងមានតម្លៃចាប់ពី 3 លានរៀល 20 ម៉ឺនរៀល ឬ 799 ដុល្លារឡើងទៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចដែលយើងធ្លាប់បានដឹងហើយ ថ្ងៃនេះ Samsung នឹងបើកព្រឹត្តិការណ៍ Unpacked ដើម្បីប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួន នោះគឺ Galaxy S21 Series ហ្នឹងឯង ខណៈពេលដែលកន្លងមកនេះ យើងក៏ធ្លាប់បានលេចឮ ដំណឹងលេចធ្លាយរបស់វាជាច្រើនដងមកហើយ មិនថាទៅលើរចនាបថរូបរាង ឬមួយក៏លក្ខណៈសម្បត្តិសំខាន់ៗនោះទេ។ យ៉ាងណាក៏ដោយ ពេលនេះ Samsung មិនទុកឲ្យបន្តមានការលេចធ្លាយទៀតទេ ព្រោះគេបានប្រកាសចេញ ទូរសព្ទឆ្លាតខាងលើផ្លូវការហើយ ដោយមាន 3 ម៉ូឌែលរួមមាន Galaxy S21, S21+ និង S21 Ultra ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងលើកយកតែ Galaxy S21 និង S21+ មកនិយាយតែប៉ុណ្ណោះ។

មិនខុសពីការលេចធ្លាយកន្លងមកនោះទេ បើតាមការបង្ហាញចេញពី Samsung មុននេះ បានឲ្យដឹងថា Galaxy S21 និង Galaxy S21+ គឺមានលក្ខណៈភាគច្រើនដូចគ្នា ពោលគឺវាទាំងពីរនេះ ខុសគ្នាតែទៅលើចំណុចមួយចំនួនតូចប៉ុណ្ណោះ ជាក់ស្ដែងដូចជា ទំហំអេក្រង់ និងថាមពលថ្មជាដើម។ ដើម្បីងាយស្រួលស្វែងយល់ ពីទូរសព្ទឆ្លាតទាំងពីរម៉ូឌែលខាងលើ យើងនឹងធ្វើការរៀបរាប់តាមដំណាក់របស់វា ដោយដំបូងឡើយ នឹងចាប់ផ្តើមចេញពី ការរចនារូបរាងទៅមុន៖

សម្រាប់ការរចនារូបរាង យើងឃើញថា ទាំងនៅលើ Galaxy S21 និង Galaxy S21+ គឺដូចគ្នាទាំងស្រុង ដោយនៅខាងក្រោយវាមានទម្រង់រាងកាមេរ៉ាថ្មី មានផ្ទុកសេនស័រកាមេរ៉ាចំនួន 3 គ្រាប់ និងមាន Flash LED មួយគ្រាប់នៅក្រៅកញ្ចប់កាមេរ៉ានោះ ហើយខ្នងក្រោយរបស់វា ចំពោះម៉ូឌែលកន្ទុយ Plus ធ្វើឡើងពីកញ្ចក់សាច់ម៉ត់តែម្ដង មិនមែនរលោងដូចជំនាន់មុនទេ ប៉ុន្តែម៉ូឌែលធម្មតា គឺជាធ្វើពីប្លាស្ទិកប៉ុណ្ណោះ ដោយត្រូវបានគេកែច្នៃឲ្យទៅជាសាច់ម៉ត់ស្រដៀងកញ្ចក់ដែរ។ រីឯនៅផ្នែកខាងមុខវិញ ឃើញថាវាប្លែកជាងមុន ព្រោះលើកនេះ មិនមានវត្តមានអេក្រង់កោងទៀតទេ ពោលគឺវាប្រើអេក្រង់លាតរាបស្មើ ជាមួយកាមេរ៉ាទំលុះអេក្រង់មួយគ្រាប់នៅខាងលើ ថែមទាំងមានគែមជុំវិញអេក្រង់ កាន់តែខ្លីជាងមុនទៀតផង។

អេក្រង់

ទៅលើផ្នែកអេក្រង់ ឃើញថានៅលើម៉ូឌែល Galaxy S21 វាមានទំហំ 6.2 អ៊ីញ Infinity-O ជាប្រភេទ Dynamic AMOLED 2X ដែលមានកម្រិតបង្ហាញត្រឹម FHD+ (2,400 x 1080 ភិចសែល), មានកម្រិត Refresh ខ្ពស់បំផុតដល់ 120Hz, កម្រិតពន្លឺដល់ 1,300 nit, ដង់ស៊ីតេអេក្រង់ 421 ppi ក៏ដូចជាមានក្រាលការពារដោយកញ្ចក់ Gorilla Glass Victus ផងដែរ។ ខណៈនៅលើម៉ូឌែល Galaxy S21+ វិញ វាខុសគ្នាពី Galaxy S21 តែទៅលើទំហំប៉ុណ្ណោះ ពោលគឺវាមានទំហំធំជាងដល់ 6.7 អ៊ីញ ជាមួយដង់ស៊ីតេ 394 ppi ហើយសម្រាប់ចំណុចផ្សេងៗទៀត ដូចជាកម្រិតបង្ហាញត្រឹម FHD+, កម្រិត Refresh Rate 120Hz, កម្រិតពន្លឺ ក៏ដូចជាប្រភេទកញ្ចក់ ដែលក្រាលការពារនោះ គឺវាដូចគ្នាទាំងស្រុងតែម្ដង។ យ៉ាងណាក៏ដោយ Samsung ក៏បានបំពាក់មុខងារ Adaptive Refresh Rate នៅលើនោះដែរ ដែលធ្វើឲ្យវាទាំងពីរនេះ អាចផ្លាស់ប្តូរកម្រិត Refresh Rate ដោយស្វ័យប្រវត្តិ ទៅតាមកាលៈទេសៈនៃការប្រើប្រាស់ ពីចន្លោះ 48Hz ទៅដល់ 120Hz ផងដែរ។ 

កាមេរ៉ា

ទៅដល់ផ្នែកកាមេរ៉ាវិញ វាទាំងពីរម៉ូឌែលខាងលើ គ្មានចំណុចខុសគ្នាឡើយ មិនថាកាមេរ៉ាមុខ ឬកាមេរ៉ាក្រោយនោះទេ ដោយមានបំពាក់មកនូវ សេនស័រកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដែលមានលេនគោលមានទំហំ 12MP មាន OIS, លេន Telephotos មួយគ្រាប់ទំហំ 64MP មាន OIS ដូចគ្នា (អាចពង្រីកបែប Optical បាន 3 ដង និង Digital បាន 30 ដង) និងចុងក្រោយជាលេនទូលាយ Ultra-Wide មានទំហំ 12MP ហើយសម្រាប់កាមេរ៉ាខាងមុខ គឺមានមួយគ្រាប់ទំហំ 10MP ផងដែរ។ សូមបន្ថែមថា កាមេរ៉ាក្រោយរបស់ Galaxy S21 / S21+ ក៏មានសមត្ថភាពអាចថតវីដេអូក្នុងកម្រិត 8K ក៏ដូចជាត្រូវបាន Samsung បង្កើនសមត្ថភាពបន្ថែមទៀតដូចជា វាកាន់តែធ្វើបានប្រសើរជាងមុន នៅប្លង់ថតពេលយប់, មានមុខងារទប់លំនឹង Super Steady ក៏ដូចជាបាននាំយកមុខងារថ្មីមួយឈ្មោះថា Directors View ដែលមុខងារនេះ អាចឲ្យអ្នកប្រើប្រាស់ធ្វើការថតវីដេអូ ទាំងកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយ ថែមទាំងមានបង្ហាញពីវីដេអូ Preview ចេញពីគ្រប់លេនខាងក្រោយទាំងអស់តែម្ដង។ 

កម្លាំងម៉ាស៊ីន និងថាមពលថ្ម

Samsung នៅតែប្រើប្រាស់បន្ទះឈីបខុសគ្នា លើទូរសព្ទឆ្លាតកំពូលរបស់ខ្លួនទៅតាមទីផ្សារ ដូចរាល់ឆ្នាំអញ្ចឹង និយាយឲ្យចំទៅ Galaxy S21 និង Galaxy S21+ បានប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួន Exynos 2100 សម្រាប់ទីផ្សារមួយភាគធំ និងទីផ្សារមួយផ្នែកទៀតប្រើឈីប Snapdragon 888 របស់ Qualcomm ដោយឈីបទាំងពីរនេះ គឺបានប្រើប្រាស់សា្ថបត្យកម្មទំហំ 5nm ដូចគ្នា។ ទន្ទឹមគ្នានេះដែរ វាទាំងពីរម៉ូឌែលខាងលើ មានជម្រើសរ៉េមតែមួយប៉ុណ្ណោះ ពោលគឺទំហំ 8GB ខណៈពេលដែលអង្គផ្ទុកវិញ Samsung បានផ្តល់ឲ្យចំនួន 2 ជម្រើសដូចជាទំហំ 128GB និង 256GB ហើយក៏សូមបញ្ជាក់ថា លើកនេះគេមិនបានទុករន្ធ MicroSD សម្រាប់ថែមអង្គផ្ទុកពីខាងក្រៅ បានទៀតនោះទេ។ 

ចំណែកថាមពលថ្មរបស់វាវិញ ជាចំណុចសំខាន់ដែលម៉ូឌែលធម្មតា ខុសពីម៉ូឌែល Plus និយាយឲ្យចំទៅ សម្រាប់ Galaxy S21 វាបានបំពាក់ថាមពលថ្មទំហំ 4,000mAh ខណៈពេលដែល Galaxy S21+ មានទំហំដល់ 4,800mAh លើសពីនេះ វាទាំងពីរអាចគាំទ្រល្បឿនលឿន, មុខងារសាកថ្មឥតខ្សែជំនាន់ថ្មី និងអាចគាំទ្រជាមួយមុខងារផ្ទេរថាមពលថ្ម ទៅកាន់ឧបករណ៍ដទៃ Wireless PowerShare បានដូចគ្នា។

ចំណុចសំខាន់ផ្សេងៗ និងតម្លៃ

សម្រាប់ចំណុចសំខាន់ផ្សេងៗទៀត ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ គឺថា Galaxy S21 និង S21+ អាចគាំទ្រជាមួយ 5G បាន, នៅតែបន្តប្រើប្រាស់ Speaker ពីគ្រាប់ផ្គត់ផ្គង់ដោយ AKG, បំពាក់អាវក្រោះការពារពេញលេញកម្រិត IP68, មាន Wi-Fi 6  ក៏ដូចជាដំណើរការដោយ Android 11 ស្រោបពីលើដោយស្បែក UI ថ្មី One UI 3.1 ជាដើម។ Galaxy S21 មានជម្រើស 4 ពណ៌ដូចជា ស (Phantom White), ប្រផេះ (Phantom Gray), ផ្កាឈូក (Phantom Pink) និងពណ៌ស្វាយស្រាល (Phantom Violet)។ ចំណែក Galaxy S21+ វិញ មានចំនួន 3 ពណ៌គឺ ស្វាយស្រាល (Phantom Violet), ទឹកប្រាក់ (Phantom Silver) និងពណ៌ខ្មៅ (Phantom Black)។

ចូលមកដល់តម្លៃរបស់វាវិញ ពេលនេះ Samsung ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរ ប៉ុន្តែវាជាតម្លៃដែលគេដាក់លក់ក្នុងទីផ្សារស្រុកគេប៉ុណ្ណោះ ដោយក្នុងនោះ មានបែងចែកតម្លៃដូចខាងក្រោម៖

• Galaxy S21 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី 3 លានរៀល 20 ម៉ឺនរៀល ឬ 799 ដុល្លារឡើងទៅ

• Galaxy S21+ ត្រូវបានដាក់លក់ចាប់ផ្តើមពីតម្លៃ ៤ លានរៀល ឬ 999 ដុល្លារឡើងទៅ។

និយាយរួមមកវិញ ខាងលើនេះគឺជា Galaxy S21 និង Galaxy S21+ ដែលទើបតែត្រូវបាន Samsung ប្រកាសចេញជាផ្លូវការ នាពេលមុននេះបន្តិច ហើយបើតាមការបង្ហាញនោះ យើងឃើញថា ទាំងពីរម៉ូឌែលខាងលើ ត្រូវបានរចនារូបរាងមក កាន់តែប្លែកភ្នែកជាងមុន ជាពិសេសគឺទម្រង់កាមេរ៉ាក្រោយ និងអេក្រង់លាតរាបស្មើនេះតែម្ដង។ ចំណែកសមត្ថភាពកម្លាំងម៉ាស៊ីនរបស់វា ក៏កាន់តែមានលក្ខណៈប្រសើរជាងមុន ដោយបានប្តូរមកប្រើឈីប 5nm វិញ ប៉ុន្តែទន្ទឹមគ្នានេះដែរ វាក៏មានចំណុចមួយចំនួន ដែលអាចធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តដូចគ្នា ជាក់ស្ដែងគឺលើកនេះ Samsung បានទម្លាក់មកប្រើអេក្រង់ ដែលមានកម្រិតបង្ហាញត្រឹម FHD+ ប៉ុណ្ណោះ មិនបានដល់ QHD ដូចកាលពី Galaxy S20 និង S20+ ឆ្នាំមុនឡើយ។

សម្រាប់ប្រិយមិត្តដែលចង់ស្វែងយល់ពីលក្ខណៈសម្បត្តិរបស់ Galaxy S21 Ultra អាចចុច នៅលើតំណរភ្ជាប់មួយនេះបាន

ដោយ​ ៖ Samsung
អត្ថបទទាក់ទង