Galaxy S21 Ultra ចេញផ្លូវការ ប្រើឈីប Snapdragon 888 អេក្រង់ 120Hz Adaptive Refresh Rate គាំទ្រប៊ិច S Pen និងមានកាមេរ៉ាក្រោយអាច Zoom បានដល់ទៅ 100 ដង​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បន្ទាប់ពីទទួលបានព័ត៌មានលេចធ្លាយ ក៏ដូចជារបាយការណ៍ជាច្រើនពាក់ព័ន្ធទៅនឹង Galaxy S21 Series ស្ទើរតែមិនលស់ថ្ងៃរួចមក ទីបំផុតដូចដែលបានសន្យា កាលពីពេលអម្បាញ់មិញនេះ តាមរយៈព្រឹត្តិការណ៍ដ៏ធំដើមឆ្នាំ 2021 Galaxy Unpacked របស់ខ្លួន Samsung បានធ្វើការប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មី Galaxy S21 Series ជាផ្លូវការហើយ ដោយពួកវាមានឈ្មោះជាហៅថា Galaxy S21, S21+ និង S21 Ultra។ ប៉ុន្តែសម្រាប់អត្ថបទមួយនេះ យើងនឹងនិយាយតែពីលក្ខណៈសម្បត្តិរបស់ Galaxy S21 Ultra ប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្តដែលចង់ស្វែងយល់ពីលក្ខណៈសម្បត្តិរបស់ Galaxy S21 និង S21+ អាចចុចនៅលើតំណរភ្ជាប់មួយនេះបាន Galaxy S21 / S21+។ 

ទៅលើរចនាបថខាងក្រៅវិញ ឃើញថាផ្នែកខាងមុខរបស់ Galaxy S21 Ultra មិនសូវជាមានភាពខុសគ្នាជាមួយ Galaxy S20 Ultra ប៉ុន្តែនោះទេ ដោយវានៅតែប្រើប្រាស់អេក្រង់លាតកោង អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើដដែល។ អ្វីដែលខុសគ្នាគួរឲ្យកត់សម្គាល់នោះគឺស្ថិតនៅផ្នែកខាងក្រោយ ដោយកាណុងកាមេរ៉ារបស់ Galaxy S21 Ultra មានទំហំធំជាងមុនបន្តិច ក៏ដូចជាស្ថិតនៅជាប់កៀកស៊ុមរបស់វាតែម្តង។ អញ្ចឹងបន្ទាប់ពីបានដឹងពីរូបរាងខាងក្រៅរបស់ Galaxy S21 Ultra ហើយ កុំឲ្យខាតពេលយើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិ Hardware ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ និងមុខងារពិសេសរបស់វាវិញម្តង។

អេក្រង់ និងកម្លាំងម៉ាស៊ីន

Galaxy S21 Ultra បំពាក់មកជាមួយអេក្រង់ Infinity-O ទំហំ 6.8 អ៊ីញ ប្រភេទ Dynamic AMOLED 2X អាចបង្ហាញរូបភាពបានក្នុងកម្រិត WQHD+ (3200 x 1440 ភិចស៊ែល) មានដង់ស៊ីតេអេក្រង់ 515ppi គាំទ្រអេក្រង់ 120Hz ជាមួយបច្ចេកវិទ្យា Adaptive Refresh Rate ក៏ដូចជាស្រោបការពារដោយកញ្ចក់ Corning Gorilla Glass Victus ថែមទៀតផង។ ទៅលើកម្លាំងម៉ាស៊ីន Galaxy S21 Ultra ប្រើប្រាស់ជម្រើសបន្ទះឈីបលំដាប់កំពូល Snapdragon 888 / Exynos 2100 ទំហំ 5nm គាំទ្រ 5G អមមកជាមួយជម្រើស RAM ទំហំ 12/16GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB ផងដែរ។

កាមេរ៉ា និងមុខងារសំខាន់ៗ

Galaxy S21 Ultra ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 40MP f/2.2 និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 108MP f/1.8, មួយគ្រាប់ជាលេនទូលាយ (Ultra Wide 120 ដឹក្រេ) ទំហំ 12MP f/2.2, មួយគ្រាប់ទៀតជាលេន Telephoto (3x Optic Zoom) ទំហំ 10MP f/2.4 និងមួយគ្រាប់ចុងក្រោយគេជាលេន Periscope ទំហំ 10MP f/4.9 មានសមត្ថភាពពង្រីក Optic Zoom បានដល់ទៅ 10 ដង និង Super Resolution Zoom ដល់ទៅ 100 ដង។ លើសពីនេះ Galaxy S21 Ultra ក៏បានភ្ជាប់មកជាមួយសេនស័រ Laser Auto Focus ដើម្បីជំនួយទៅដល់ការចាប់យកចំណុចណាមួយឲ្យកាន់តែលឿនមុនថែមមួយកម្រិតទៀត។ កាមេរ៉ាក្រោយរបស់ Galaxy S21 Ultra មានសមត្ថភាពអាចថតវីដេអូក្នុងកម្រិត 8K@24FPS, 4K@30/60FPS, Full HD@30/60/240FPS និង HD@960FPS ផងដែរ។ មិនទាន់អស់នោះទេ វាក៏បានភ្ជាប់មកជាមួយមុខងារ Director’s View អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតវីដេអូចេញពីកាមេរ៉ាច្រើនក្នុងពេលតែមួយ (ទាំងមុខ និងក្រោយ)។ មុខងារ Pro Video អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកែប្រែកម្រិត ISO, Shutter Speed, White Balance និង Exposure ទៅលើវីដេអូដែលពួកគេកំពុងថត, មុខងារ Night Mode ជំនួយក្នុងការថតពេលយប់ ក៏ដូចជាមុខងារ Portrait Video ប្រើសម្រាប់ថតវីដេអូព្រាលផ្ទៃ Backgroud ជាដើម។

ថាមពលថ្ម និងបច្ចេកវិទ្យាពិសេសៗ

Galaxy S21 Ultra បំពាក់ជាមួយថ្មទំហំធំរហូតដល់ទៅ 5,000 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 25W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 15W ក៏ដូចជាបច្ចេកវិទ្យាចែករំលែកថាមពលថ្មទៅឲ្យឧបករណ៍ដទៃ (Wireless PowerShare) ថែមទៀតផង។ ជាមួយគ្នានេះដែរ Galaxy S21 Ultra ក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ Ultrasonic ជំនាន់ថ្មី Wi-Fi 6E, រន្ធបំពងសម្លេងប្រភេទ Stereo លៃតម្រូវដោយ AKG អាវក្រោះការពារទឹក និងធូលីកម្រិត IP68 ក៏ដូចជាអាចគាំទ្រប៊ិច S Pen ផងដែរ។ បន្ថែមពីនេះ Galaxy S21 Ultra ក៏ដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ Android 11 ស្រោបដោយស្បែក One UI 3.1 ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសជាច្រើនទៀតផងដែរ។

ជម្រើសពណ៌ តម្លៃ និងថ្ងៃចេញលក់

Galaxy S21 Ultra កើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 គឺពណ៌ទឹកប្រាក់ (Phantom Silver) និងពណ៌ខ្មៅ (Phantom Black)។ Galaxy S21 Ultra ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៤ លាន ៧៩ ម៉ឺនរៀល (1,199 ដុល្លារ) ឡើងទៅ ហើយវានឹងដាក់ឲ្យកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃទី 14 ខែមករា ឆ្នាំ 2021 ក៏ដូចជានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 29 ខែមករា ឆ្នាំ 2021 ខាងមុខនេះតែម្តង។

សរុបមកវិញ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា Galaxy S21 Ultra ពិតជាមានចំណុចទាក់ទាញច្រើនគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះមានដូចជា អេក្រង់ Dynamic AMOLED 2X 120Hz ជាមួយបច្ចេកវិទ្យា Adaptive Refresh Rate បន្ទះឈីបលំដាប់កំពូល Snapdragon 888 / Exynos 2100 បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ Ultrasonic ជំនាន់ថ្មី អាវក្រោះការពារទឹក និងធូលីកម្រិត IP68 ក៏ដូចជាកញ្ចប់កាមេរ៉ាដែលមានសមត្ថភាពធ្វើការបានកាន់តែប្រសើរជាងមុនច្រើន។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំខកចិត្តបន្តិចនោះគឺថា Galaxy S21 Ultra មិនបានប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់នោះទេ ជាហេតុធ្វើឲ្យផ្នែកខាងមុខរបស់វាមើលទៅស្រដៀងគ្នាទៅនឹង Galaxy S20 Ultra អញ្ចឹងដែរ។ ជាងនេះទៅទៀត វាក៏បានមិនភ្ជាប់មកជាមួយក្បាលឆ្នាំងសាក និងកាសខ្សែ AKG នៅក្នុងប្រអប់ថែមទៀតផង។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

ដោយ​ ៖ Samsung
អត្ថបទទាក់ទង