HTC ប្រកាសចេញទូរសព្ទឆ្លាតស៊េរីថ្មី Desire 21 Pro 5G ជាមួយតម្លៃដើមទាបជាង 500 ដុល្លារ​
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

នាពេលថ្មីៗនេះ HTC ប្រចាំកោះតៃវ៉ាន់ បានធ្វើការប្រកាសចេញ ទូរសព្ទឆ្លាតស៊េរីថ្មីដំបូងក្នុងឆ្នាំ 2021 នេះ ជាមួយនឹងម៉ូឌែល Desire 21 Pro 5G ដែលមានរចនាបថទំនើប និងមានផ្ដល់ជូនលក្ខណៈសម្បត្តិ ស្ថិតនៅលំដាប់មធ្យម។ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ជាងគេ គឺប្រាកដជាអេក្រង់ 90Hz, កាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់, កាមេរ៉ា Selfie ជាប្រភេទទម្លុះអេក្រង់ និងថាមពលថ្មធំ 5,000mAh ជាដើម។

ទូរសព្ទឆ្លាត HTC Desire 21 Pro 5G ប្រើប្រាស់បន្ទះអេក្រង់ IPS ទំហំ 6.7 អ៊ីញ ជាមួយកម្រិតបង្ហាញគុណភាព Full HD+ និងអេក្រង់ Refresh Rate កម្រិត 90Hz លើកដំបូងសម្រាប់ HTC ផងដែរ។ យ៉ាងណាមិញ វាត្រូវបានប្រើប្រាស់បន្ទះឈីប Snapdragon 690 ជាឈីបលំដាប់មធ្យមស៊េរីថ្មី រួមជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ហើយអាចបន្ថែម microSD ពីក្រៅបានទៀត។ សម្រាប់ថាមពលថ្មទំហំ 5,000mAh គឺត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យា Quick Charge 4.0 ទម្រង់សាកថ្មលឿនកម្រិត 18W ហើយ HTC បានសម្រេចចិត្តដាក់ សេនស័រស្កេនម្រាមដៃ នៅកន្លែងប៊ូតុងចាក់សោរ, NFC, ប្រើប្រាស់ស៊ីមបាន 2 ប៉ុន្ដែនៅដំណើរការលើ Android 10 ដដែល។ ចំណែកឯផ្នែកកាមេរ៉ាវិញ យើងឃើញមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ (លេនដើមទំហំ 48MP + លេន Ultra-Wide ទំហំ 8MP + លេន Macro ទំហំ 2MP + សេនស័រ Depth ទំហំ 2MP) និងកាមេរ៉ាខាងមុខទំហំ 16MP ទុកឲ្យធ្វើការ Selfie ហើយជាប្រភេទទម្លុះអេក្រង់។

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលដាក់បង្ហាញអំពី HTC Desire 21 Pro 5G ថ្មីនេះ ៖

HTC នឹងធ្វើការដាក់លក់ទូរសព្ទឆ្លាត Desire 21 Pro 5G នៅលើទីផ្សារតៃវ៉ាន់ ជាមួយនឹងកញ្ចប់តម្លៃដើមខ្ទង់ 430 ដុល្លារ ដែលទទួលបានបច្ចេកវិទ្យា 5G និងលក្ខណៈសម្បត្តិលំដាប់គ្រាន់បើដែរ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ លើទូរសព្ទឆ្លាតស៊េរីថ្មីរបស់ HTC នេះ នឹងប្រាកដជាមានការពិបាក ក្នុងការរកជាវបន្ដិច ព្រោះតែម៉ាក HTC មិនសូវមានហាងលក់ទូរសព្ទក្នុងស្រុក យកមកដាក់លក់បន្ដនោះទេ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង