រូបភាពបែកធ្លាយថ្មីបញ្ជាក់ពីមូលហេតុដែល Samsung មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21​
ដោយ​ ៖ ឈីរ៉ូ | 6 ថ្ងៃមុន SHARE

 

កាលពីម្សិលមិញនេះ តាមរយៈវេបសាយព័ត៌មានបច្ចេកវិទ្យាល្បីឈ្មោះ WinFuture យើងបានប្រទះឃើញរូបភាពបែកធ្លាយចំនួន 2 សន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងកាន់តែច្បាស់ជាងមុនថា Samsung នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21, S21+ និង S21 Ultra ដូចទៅនឹងព័ត៌មាន ក៏ដូចជារបាយការណ៍ជាច្រើនដែលយើងទទួលបានកាលពីពេលកន្លងមែន។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass បានបង្ហោះរូបភាពបែកធ្លាយថ្មីជាច្រើនសន្លឹក ដែលបង្ហាញឲ្យយើងបានដឹងពីលក្ខណៈសម្បត្តិរបស់ Galaxy S21 Series កាន់តែច្បាស់ជាងមុនថែមួយកម្រិតទៀត។ កាន់តែចាប់អារម្មណ៍ថែមទៀតថា ក្នុងចំណោមរូបភាពទាំងអស់នោះ ក៏មានរូបភាពដែលបញ្ជាក់ឲ្យយើងបានដឹងពីមូលហេតុដែល Samsung មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series ផងដែរ។ បើផ្អែកទៅលើរូបភាពមួយសន្លឹកនោះបានធ្វើឲ្យយើងដឹងថា មូលហេតុដែល Samsung មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series ក៏ព្រោះតែពួកគេគិតគូរទៅដល់បរិស្ថាន។

បើនិយាយឲ្យងាយស្រួលយល់ Samsung ក៏ចង់ចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងផែនដីដែលមនុស្សយើងទាំងអស់គ្នាកំពុងតែរស់នៅដូចទៅនឹង Apple នឹង Xiaomi ដែរ។ សរុបមកវិញ នៅក្នុងប្រអប់វេចខ្ចប់របស់ Galaxy S21 Series នឹងភ្ជាប់មកជាមួយសៀវភៅណែនាំ ខ្សែ USB-C និងម្ជុលចាក់ SIM មួយប៉ុណ្ណោះ។ សម្រាប់គំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាមូលហេតុដែល Samsung មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series ក៏ព្រោះតែពួកគេចង់កាត់បន្ថយតម្លៃដាក់លក់របស់ Galaxy S21 Series ប៉ុណ្ណោះ វាមិនមានអ្វីត្រូវពាក់ព័ន្ធជាមួយនឹងការពារបរិស្ថាន ឬមិនការពារបរិស្ថាននោះទេ។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ?

ដោយ​ ៖ Evan Blass
អត្ថបទទាក់ទង