ទូរសព្ទឆ្លាត Motorola Edge S នឹងត្រូវប្រកាសចេញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ថ្វីត្បិតតែក្រុមហ៊ុន Motorola មិនសូវជាមានភាពលេចធ្លោនៅលើទីផ្សារទូរសព្ទក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា ពួកគេនៅតែបន្តប្រកាសចេញទូរសព្ទលំដាប់ថវិកា មធ្យម ក៏ដូចជាលំដាប់កំពូលជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីឆ្នាំ 2020 កន្លងទៅ Motorola បានប្រកាសចេញទូរសព្ទអេក្រង់បត់ Motorola Razr ក៏ដូចជាទូរសព្ទលំដាប់កំពូល Motorola Edge+ សម្រាប់បំពេញតម្រូវការអ្នកគាំទ្ររបស់ខ្លួន។

សម្រាប់ឆ្នាំ 2021 វិញ Motorola ក៏ត្រៀមនឹងប្រកាសចេញទូរសព្ទជំនាន់ថ្មីជាច្រើនម៉ូឌែលបន្ថែមទៀតផងដែរ នេះបើយោងទៅតាមព័ត៌មានដែលយើងទទួលបាន។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo ផ្លូវការរបស់ខ្លួន Motorola បានបញ្ជាក់ឲ្យយើងដឹងថា ពួកគេត្រៀមនឹងប្រកាសចេញទូរសព្ទថ្មីមួយម៉ូឌែលមានឈ្មោះថា Motorola Edge S ក្នុងពេលពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ Motorola ក៏បានបង្ហើបឲ្យយើងបានដឹងបន្ថែមទៀតថា Motorola Edge S នឹងប្រើប្រាស់បន្ទះឈីប 8XX Series ផងដែរ។ ដូច្នេះមានន័យថា Motorola Edge S អាចនឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 ដូចទៅនឹងទូរសព្ទលំដាប់កំពូលដទៃទៀត ដែលត្រៀមនឹងប្រកាសចេញនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ 2021 នេះផងដែរ។ ប៉ុន្តែវាក៏អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 8XX Series ផ្សេងក៏ថាបាន ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

ទៅលើរចនាបថរូបរាងរបស់ Motorola Edge S វិញ Motorola មិនទាន់បានបង្ហាញឲ្យយើងឃើញនោះទេ ប៉ុន្តែបើផ្អែកទៅតាមរូបភាពលេចធ្លាយកន្លងមក បានធ្វើឲ្យយើងដឹងថា Motorola Edge S អាចនឹងប្រើប្រាស់អេក្រង់លាត មានគែមកោងទាំង 4 ជ្រុង អមកមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើ។ សម្រាប់ផ្នែកខាងក្រោយវិញ Motorola Edge S អាចនឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ារាងចតុកោណ-ទាល ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើ ផ្ទុកកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ក៏ដូចជាភ្លើង LED Flash 1 គ្រាប់ផងដែរ។

ដោយ​ ៖ Motorola
អត្ថបទទាក់ទង