រូបភាពបែកធ្លាយថ្មីបញ្ជាក់ថា Samsung នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series មែន​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

តាមរយៈប្រភពល្បីៗ ក៏ដូចជារបាយការណ៍ជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញថា Galaxy S21 Series អាចនឹងក្លាយទៅជាត្រកូលទូរសព្ទដំបូងគេរបស់ Samsung ដែលនឹងមិនភ្ជាប់មកជាមួយក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់។ ចំពោះមូលហេតុវិញ ត្រូវបានគេជឿថាអាចនឹងដូច Apple និង Xiaomi អញ្ចឹងដែរ ដោយ Samung ចង់ចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពិភពលោក។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រល្បីឈ្មោះ WinFuture យើងបានប្រទះឃើញរូបភាពបែកធ្លាយថ្មីជាច្រើនសន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងកាន់តែច្បាស់ជាងមុនថា Samsung នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21, S21+ និង S21 Ultra មែន។ ជាងនេះទៅទៀត បើផ្អែកទៅលើរូបភាពទាំងនោះ ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា នៅក្នុងប្រអប់វេចខ្ចប់របស់ Galaxy S21 Series នឹងភ្ជាប់មកជាមួយសៀវភៅណែនាំ ខ្សែ USB-C និងម្ជុលចាក់ SIM ប៉ុណ្ណោះ។ ដូច្នេះមានន័យថា សូម្បីតែកាសខ្សែ AKG ដែលយើងធ្លាប់ឃើញមាននៅក្នុងប្រអប់របស់ Galaxy S10 និង S20 Series ក៏មិនមាននៅក្នុងប្រអប់របស់ Galaxy S21 Series ដែរ។

ជាងនេះទៅទៀត Galaxy S21 Series ក៏អាចនឹងមិនភ្ជាប់មកជាមួយរន្ធបន្ថែម Memory microSD ពីខាងក្រៅផងដែរ នេះបើយោងទៅតាមការបង្ហើបរបស់ប្រភពខាងលើ។ ជាមួយគ្នានេះដែរ Galaxy S21 និង S21+ ក៏ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ខណៈដែល Galaxy S21 Ultra នឹងភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។

ដោយ​ ៖ WinFuture
អត្ថបទទាក់ទង