ម្ដងទៀតហើយ LG ប្រាប់ថា LG Rollable នឹងបង្ហាញខ្លួនលើទីផ្សារក្នុងឆ្នាំនេះតែម្ដង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ LG បានធ្វើការបង្ហើបពីទូរសព្ទឆ្លាតអេក្រង់ទាញចេញចូលរបស់ខ្លួន តាមរយៈវីដេអូខ្លីមួយ នៅក្នុងព្រឹត្តិការណ៍ CES 2021 ដោយក្នុងក៏បង្ហាញឲ្យដឹងថា វាមានឈ្មោះ LG Rollable ហ្នឹងឯង ប៉ុន្តែក្រៅពីការបង្ហាញរូបរាងបន្តិច និងឈ្មោះរបស់ទូរសព្ទឆ្លាតប្រភេទថ្មីនោះ ក្រុមហ៊ុនខាងលើ មិនទាន់បានបញ្ជាក់ពីលក្ខណៈសំខាន់ ផ្សេងៗទៀតឡើយ។ ដោយឡែក កាលពីយប់មិញនេះ LG បានបញ្ជាក់ម្ដងទៀត កាន់តែច្បាស់ជាងមុន ទាក់ទងនឹងពេលវេលា នៃការបង្ហាញវត្តមានទូរសព្ទឆ្លាត អេក្រង់ទាញចេញចូលនោះ។

ពិតណាស់ នៅក្នុងពេលថ្មីៗនេះ LG ចេញមុខមកបញ្ជាក់ម្ដងទៀត ទាក់ទងនឹងទូរសព្ទឆ្លាត ដែលមានអេក្រង់រអិលចេញចូលរបស់ខ្លួន ពោលគឺ LG Rollable នេះឯង និយាយឲ្យចំទៅ LG បញ្ជាក់ថា ទូរសព្ទឆ្លាតដែលគេបង្ហើបក្នុងវីដេអូម្សិលមិញនោះ គឺជាផលិតផលពិតប្រាកដ ហើយគេនឹងនាំយកវាចូលទៅកាន់ទីផ្សារ នៅក្នុងឆ្នាំ 2021 នេះតែម្ដង។ ក្រៅពីនេះ បើតាមការបង្ហាញចេញពីប្រភពមួយផ្សេងទៀត គេបានរាយការណ៍ថា LG កំពុងតែធ្វើការជាមួយក្រុមហ៊ុនចិន BOE Technology Group ទាក់ទងនឹងការបង្កើតអេក្រង់ទូរសព្ទឆ្លាត ដែលអាចឲ្យគេរុញចេញចូលបាននេះ។ យ៉ាងណាក៏ដោយ LG មិនទាន់បានបង្ហាញនោះទេថា តើមានបច្ចេកវិទ្យាអ្វីខ្លះ ដែលគេបានប្រើប្រាស់នៅលើអេក្រង់នោះ ហើយសម្រាប់ទំហំរបស់វា ក៏នៅមិនទាន់មានការបង្ហាញដូចគ្នា។

និយាយរួមមក បើតាមការបង្ហើបសារជាថ្មីពីសំណាក់ LG គឺអាចបញ្ជាក់ឲ្យយើងដឹង កាន់តែច្បាស់ថែមទៀត ទាក់ទងនឹងគម្រោងទូរសព្ទឆ្លាត LG Rollable របស់គេ ពោលគឺយើងនឹងឃើញវត្តមានទូរសព្ទឆ្លាតនោះ បង្ហាញខ្លួននៅក្នុងឆ្នាំតែម្ដង។ គួរបញ្ជាក់ដែរថា កន្លងទៅនេះ យើងក៏ធ្លាប់ឃើញមានក្រុមហ៊ុនមួយចំនួន បានបញ្ចេញទូរសព្ទឆ្លាតគំរូរបស់ខ្លួន ដោយមានលក្ខណៈស្រដៀងគ្នានោះ រួចហើយដែរ ជាក់ស្ដែងគឺ OPPO នេះឯង ខណៈពេលដែល TCL ឯណោះវិញ ក៏ទើបតែបញ្ចេញមកដូចគ្នា គ្រាន់តែថា ក្រុមហ៊ុននេះទាំងពីរនេះ មិនទាន់មានគម្រោងដាក់លក់ទូរសព្ទឆ្លាតប្រភេទនោះឡើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង