Samsung បញ្ជាក់ហើយថា ទូរសព្ទឆ្លាតកំពូលជំនាន់ក្រោយរបស់គេ នឹងប្រើប្រាស់ GPU របស់ AMD មែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កន្លងមកនេះ ធ្លាប់មានដំណឹងលេចធ្លាយជាច្រើនដែរ ដែលបានបង្ហាញថា Samsung កំពុងសហការគ្នាជាមួយ AMD ក្នុងការប្រើប្រាស់ GPU របស់ក្រុមហ៊ុននេះ នៅលើឈីបលំដាប់កំពូលរបស់គេ ជាក់ស្ដែងធ្លាប់មានការរំពឹងថា អាចនឹងមាននៅលើឈីប Exynos 2100 ទៀតផង ប៉ុន្តែជាក់ស្ដែង Samsung បានប្រកាសយប់មិញរួចហើយ ដោយឈីបថ្មីនេះប្រើ GPU ប្រភេទ Mali របស់ ARM ដដែល។ ទន្ទឹមគ្នានឹងប្រកាសចេញ Exynos 2100 Samsung ក៏បានបង្ហើបទៅកាន់អ្នកគាំទ្ររបស់ខ្លួនបន្តិចដែរ ថាពួកគេពិតជាកំពុងសហការជាមួយ AMD មែន។

មិនខុសទេ Samsung បានសហការជាមួយ AMD ក្នុងសិក្សាផ្នែក GPU នោះ ប្រមាណជា 2 ឆ្នាំមកហើយ ហើយបើតាមការបង្ហាញពីលោក Inyup Kang ដែលជាប្រធាននៃ System LSI Business របស់ Samsung បានទទួលស្គាល់ថា ក្រុមហ៊ុនគេ ពិតជាកំពុងតែធ្វើការជាមួយ AMD ដើម្បីផលិត GPU ផ្ទាល់ខ្លួនមែន ហើយ GPU នោះ នឹងត្រូវបង្ហាញខ្លួនផ្លូវការ នៅលើទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ក្រោយបន្ទាប់ទៀត របស់ក្រុមហ៊ុនខាងលើ នៅពេលអនាគតឆាប់ៗខាងមុខ។ យ៉ាងណាក៏ដោយ នេះជាអ្វីដែលបុគ្គលខាងលើបានបង្ហើបប្រាប់ នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ Exynos 2100 កាលពីយប់មិញ ខណៈពេលចំណុចសំខាន់ផ្សេងៗទៀត ទាក់ទងនឹងគម្រោងរបស់គេនោះ គឺ Samsung មិនទាន់បានបញ្ជាក់ឲ្យដឹងនោះទេ។ 

គួរបញ្ជាក់ដែរថា យើងនៅមិនទាន់ច្បាស់នោះទេថា ទូរសព្ទឆ្លាតកំពូលបន្ទាប់ទៀត ដែល Samsung បានបង្ហើបនោះ គឺចង់សំដៅលើម៉ូឌែលមួយណា ប៉ុន្តែបើតាមការអះអាងបន្ថែមថា GPU ថ្មីនោះនឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗខាងមុខ ដូច្នេះយើងអាចរំពឹងទុកសិនបាន ដោយវាអាចនឹងបង្ហាញវត្តមាន នៅលើ Galaxy Note ជំនាន់ថ្មី ឬអាចនៅលើ Galaxy Z Fold ជំនាន់ថ្មី ក៏អាចថាបាន។ 

និយាយរួមមកវិញ បើទោះជា Samsung មិនបានបង្ហាញច្រើនក៏ដោយ ប៉ុន្តែយ៉ាងណា យើងក៏បានដឹងច្បាស់ដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ពិតជាកំពុងតែសហការជាមួយ AMD ដើម្បីបង្កើត GPU ផ្ទាល់ខ្លួន ដែលកាន់តែប្រសើរជាងមុនមែន ដូច្នេះអនាគតនៃឈីប Exynos របស់ Samsung គឺនឹងកាន់តែប្រសើរថែមទៀត។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង