នេះជាម៉ាស់គំរូផលិតឡើងដោយ R Λ Z Ξ R ជាមួយភ្លើង Chroma RGB និងមុខងារដ៏ឆ្លាតវៃ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ដោយសារតែតម្រូវការឲ្យពាក់ម៉ាស់ រៀងរាល់ពេលចេញទៅខាងក្រៅ គឺនៅតែមានភាពចាំបាច់ខ្លាំង ដើម្បីការពារខ្លួនពីវីរុសដ៏កាចសាហាវ Covid-19 ដូច្នេះហើយ RAZER ក៏មានគំនិតដ៏ល្អមួយ លើការអភិវឌ្ឍន៍ម៉ាស់ប្រភេទថ្មីផ្ទាល់ខ្លួនតែម្ដង។ ម៉ាស់ដែលត្រូវបានផលិតដោយ RAZER ថ្មីមួយនេះ កំពុងតែស្ថិតក្នុងដំណាក់កាលគំរូ ហើយមើលទៅរូបរាងរបស់វា គឺពិតជាគួរឲ្យទាក់ទាញ ចំណាប់អារម្មណ៍មែនទែន។

គម្រោងផលិតម៉ាស់ប្រភេទថ្មីមួយនេះ គឺមានឈ្មោះជាផ្លូវការហៅថា Project Hazel ហើយ RAZER បានដាក់នាមឲ្យម៉ាស់របស់ខ្លួនថា ជាម៉ាស់ដែលឆ្លាតវៃបំផុតលើពិភពលោក ជាមួយគោលការណ៍សរុបចំនួន 5 ផ្នែកខុសគ្នាៗដូចជា ផ្នែកសុវត្ថិភាព, ផ្នែកទំនាក់ទំនង, ផ្នែកនិរន្តរភាព, ផ្នែកផាសុខភាព និងផ្នែកជម្រើសផ្ទាល់ខ្លួន។ ចំពោះផ្នែកសុវត្ថិភាព នោះគឺថាម៉ាស់ Project Hazel អាចការពារបាក់តេរី ដូចជាម៉ាស់វះកាត់ប្រភេទ N95 ដែរ ដោយមានបំពង់ខ្សល់ ជួយការពារបានដល់ទៅ 95% ព្រមទាំងមានផ្ដល់ជូនប្រអប់ពិសេស ទុកសម្រាប់សាកថ្ម ហើយសម្អាតមេរោគ ឬបាក់តេរីនានា តាមរយៈការបញ្ចេញភ្លើង UV ក្នុងពេលតែមួយ។

សម្រាប់ផ្នែកទំនាក់ទំនងវិញ ម៉ាស់គំរូរបស់ RAZER នេះ គឺមានការឌីហ្សាញលក្ខណៈថ្លា, ជួយបើកភ្លើងដោយស្វ័យប្រវត្តិ នៅពេលស្ថិតក្នុងទីកន្លែងងងឹត ក៏ដូចជាមានបំពាក់មីក្រូហ្វូន និងអំព្លី (Amplifier) ដើម្បីឲ្យសំឡេងនិយាយឮបានច្បាស់ល្អ ទោះបីជាកំពុងតែពាក់ម៉ាស់នោះក៏ដោយ។ ចំណែកឯផ្នែកនិរន្តរភាព គឺមានការការពារកម្រិតខ្ពស់ ហើយត្រូវបានឌីហ្សាញឲ្យងាយស្រួលពាក់ ធ្វើឲ្យមានផាសុខភាព ថែមទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត ប្រាកដជាភ្លើង RGB ប្រភេទ Chroma របស់វាតែម្ដង ដែលអាចឲ្យយើងផ្លាស់ប្ដូរពណ៌រហូតដល់ទៅ 16.8 លានពណ៌ឯណោះ ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកពាក់ម្នាក់ៗបាន។

ជាការពិតណាស់ ព្រោះតែវាកំពុងស្ថិតក្នុងទម្រង់គំរូ ដូច្នេះហើយ យើងមិនទាន់អាចរកជាវបាននៅឡើយទេ រីឯ RAZER ក៏មិនទាន់បានបញ្ជាក់ច្បាស់ថា ពួកគេនឹងមានគម្រោងចង់ ធ្វើការបញ្ចេញលក់ជាសាធារណៈ នៅពេលណានោះដែរ។ នេះពិតជាគំនិតដ៏អស្ចារ្យមួយ សម្រាប់អ្នកចូលចិត្តភ្លើង RGB ក៏ដូចជាអ្នកគាំទ្រម៉ាក RAZER ផ្ទាល់ ហើយយើងសង្ឃឹមថា ពួកគេនឹងអាចប្រកាសពីតម្លៃ និងថ្ងៃចេញលក់ជាផ្លូវការ ក្នុងពេលឆាប់ៗនេះទៅចុះ។

ដោយ​ ៖ R Λ Z Ξ R
អត្ថបទទាក់ទង