នេះជារូបភាពគំរូផ្លូវការរបស់ទូរសព្ទលំដាប់កំពូល OPPO Find X3 Pro ទើបតែលេចធ្លាយ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ត្រលប់ទៅកាលពីខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅ OPPO បានបញ្ជាក់ឲ្យមហាជនដឹងថា ទូរសព្ទលំដាប់កំពូលជំនាន់ថ្មី OPPO Find X3 Series របស់ខ្លួន ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2021 នេះ នឹងបំពាក់មកជាបន្ទះឈីបលំដាប់ Snapdragon 888។ ជាមួយគ្នានោះដែរ រូបភាពគំរូដំបូងបង្អស់របស់ OPPO Find X3 Pro ក៏ត្រូវបានលេចឡើងមកតាមរយៈគេហទំព័រព័ត៌មានបច្ចេកវិទ្យាល្បីៗជាច្រើនផងដែរ។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass បានបង្ហោះរូបភាពគំរូផ្លូវការរបស់ OPPO Find X3 Pro ជាច្រើនសន្លឹក ដែលបង្ហាញពីរូបរាងរបស់វាយ៉ាងច្បាស់ក្រឡែតតែម្តង។ តាមរយៈរូបភាពគំរូទាំងនោះបានធ្វើឲ្យយើងដឹងថា រចនាបថផ្នែកខាងមុខរបស់ Find X3 Pro មិនសូវជាមានភាពខុសគ្នាជាមួយនឹង Find X2 Pro ប៉ុន្មាននោះទេ ដោយវានឹងបំពាក់មកជាមួយអេក្រង់លាតកោង អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ។ ប៉ុន្តែអ្វីដែលខុសគ្នាច្រើននោះគឺស្ថិតនៅត្រង់ផ្នែកខាងក្រោយរបស់វាតែម្តង ដោយ Find X3 Pro នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ារាងចតុកោណ-ទាល ស្ថិតនៅជ្រុងខាងឆ្វេង ផ្ទុកកាមេរ៉ាសរុបចំនួន 4 ក៏ដូចជាភ្លើង LED Flash រាងទ្រវែង 1 គ្រាប់ផងដែរ។

តាមរយៈប្រភពខាងលើដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា ក្នុងចំណោមកាមេរ៉ាក្រោយ 4 គ្រាប់របស់ OPPO Find X3 Pro មានមួយគ្រាប់គឺជាលេនគោលទំហំ 50MP (Sony IMX766), មួយគ្រាប់ជាលេនទូលាយ (Ultra Wide) ទំហំ 50MP, មួយគ្រាប់ទៀតជាលេនពង្រីក Telephoto ទំហំ 13MP និងមួយគ្រាប់ចុងក្រោយគេជាលេន Macro ទំហំ 3MP។ សម្រាប់ផ្នែកអេក្រង់វិញ OPPO Find X3 Pro នឹងបំពាក់មកជាមួយជាអេក្រង់ទំហំ 6.7 អ៊ីញ ប្រភេទ AMOLED 10bit អាចបង្ហាញរូបភាពក្នុងកម្រិត 1440 x 3216 ភិចស៊ែល ជាមួយដង់ស៊ីតេអេ្រង់ 525ppi ក៏ដូចជាគាំទ្រអេក្រង់ Refresh Rate 120Hz និងបច្ចេកវិទ្យា LTPO ផងដែរ។

ដោយ​ ៖ Evan Blass
អត្ថបទទាក់ទង