ទីបំផុតឈីបកំពូល Exynos 2100 របស់ Samsung បានបង្ហាញខ្លួនផ្លូវការ មាន CPU ប្រសើរជាងមុន 30% និង GPU ប្រសើរជាងមុន 40%​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មិនខុសពីការបង្ហើបរបស់ Samsung កាលពីប៉ុន្មានថ្ងៃមុននោះទេ ពោលគឺយប់មិញនេះ ក្រុមហ៊ុនខាងលើ បានធ្វើការប្រកាសចេញជាផ្លូវការ នូវឈីបកំពូលថ្មីរបស់ខ្លួន ដែលពិតជាត្រូវបានគេហៅថា Exynos 2100 មែន ហើយនៅក្នុងនោះដែរ Samsung ក៏មានទំនុកចិត្តថា ឈីបថ្មីរបស់គេ នឹងមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តទៀតឡើយ។ ពិតណាស់ Exynos 2100 ជាឈីបថ្មីទី 2 ដែលផ្អែកលើស្ថាបត្យកម្ម 5nm EUV របស់ Samsung បន្ទាប់ពីឈីបបង្គួរ Exynos 1080 កន្លងទៅ ប៉ុន្តែនៅលើឈីបកំពូលរបស់គេលើកនេះ ក្រុមហ៊ុនកូរ៉េខាងត្បូង បានកែប្រែជាច្រើន បើធៀបនឹង Exynos 990 កាលពីឆ្នាំមុន។

បើតាមការបង្ហាញចេញពីសំណាក់ Samsung បានធ្វើការបញ្ជាក់ឲ្យដឹងថា Enynos 2100 គឺជាឈីបដែលប្រើស្ថាបត្យកម្ម 5nm EUV និងឈីបដំបូងរបស់គេ ដែលមានភ្ជាប់មកជាមួយម៉ូដឹម 5G នៅក្នុងនោះស្រាប់ ហើយបើធៀបទៅនឹង ឈីប 7nm របស់គេកន្លងទៅវិញ ឃើញថាការផ្លាស់ប្តូរមកប្រើស្ថាបត្យកម្មថ្មី បានជួយឲ្យសមត្ថភាពឈីបនោះ ប្រសើរជាងមុនដល់ទៅ 20% ស្រាប់ទៅហើយ។ យ៉ាងណាក៏ដោយ សម្រាប់ផ្នែក CPU វាមានចំនួន 8 Core ដោយក្នុងនោះ មាន Core គោលខ្ពស់បំផុតប្រភេទ ARM Cortex-X1 (Max Performance Core) ដែលអាចរត់បានដល់ល្បឿន 2.9GHz, មាន Core សមត្ថភាពខ្ពស់ចំនួន 3 ទៀតជាប្រភេទ Cortex-A78 (High Performance Core) អាចរត់ដល់ល្បឿន 2.8GHz និងមាន 4 Core ទៀតជាប្រភេទ Cortex-A55 អាចរត់បានខ្ពស់បំផុតដល់ 2.2GHz ផងដែរ។ ចំពោះផ្នែក CPU នេះដែរ Samsung បានអះអាងថា នៅលើឈីបថ្មីរបស់ខ្លួន វានឹងប្រសើរជាងមុនដល់ទៅ 30% ឯណោះ សម្រាប់កម្លាំងនៃផ្នែក Multi-Core។ 

សម្រាប់ផ្នែក GPU វិញ ក្រុមហ៊ុនខាងលើ បានបញ្ជាក់ឲ្យដឹងថា Exynos 2100 បានប្រើប្រាស់ CPU របស់ ARM ប្រភេទ Mali-G78 និងមានសមត្ថភាពប្រសើរជាងជំនាន់មុនដល់ទៅ 40% ឯណោះ ហើយទន្ទឹមគ្នានេះ សម្រាប់ផ្នែក NPU ក៏ត្រូវបាន Samsung កែប្រែគួរឲ្យកត់សម្គាល់ដែរ ជាក់ស្ដែងលើកនេះ គេបានប្រើប្រាស់ NPU (Neural Processing Unit) ចំនួន 3 Core ដែលធ្វើឲ្យសមត្ថភាពផ្នែក AI របស់វា កាន់តែប្រសើរជាងមុនមួយកម្រិតទៀត។ 

សម្រាប់ការទ្រទ្រង់លើផ្នែកកាមេរ៉ាវិញ Exynos 2100 ក៏អាចគាំទ្រជាមួយកាមេរ៉ា ដែលមានកម្រិត Resolution ដល់ 200MP ព្រមទាំងមានសមត្ថភាព ក្នុងការភ្ជាប់ជាមួយសេនស័រកាមេរ៉ាដោយឡែកពីគ្នា បានដល់ 6 គ្រាប់ផងដែរ។ លើសពីនេះទៀត ឈីបថ្មីក៏អាចបើកដំណើរការនូវសេនស័រកាមេរ៉ាបានដល់ទៅ 4 គ្រាប់ ក្នុងពេលតែមួយទៀតផង។ ចូលទៅដល់ផ្នែក 5G វិញ វាអាចគាំទ្របានទាំងជាមួយ Sub-6GHz និង mmWave ខណៈពេលដែលល្បឿន Downlink របស់វាវិញ គឺខ្ពស់បំផុតដល់ 5.1Gbps សម្រាប់ Sub-6GHz និងអាចឡើងដល់ 7.35Gbps សម្រាប់ mmWave។ ក្រៅពីនេះ Exynos 2100 ក៏អាចគាំទ្រជាមួយអង្គផ្ទុកប្រភេទ UFS 3.1 និង UFS 2.1 ក៏ដូចជាគាំទ្ររ៉េមជំនាន់ថ្មី LPDDR5 ជាដើម។

និយាយរួមមកវិញ ទាំងនេះជាលក្ខណៈសំខាន់ៗនៃឈីបថ្មី Exynos 2100 របស់ Samsung ដោយក្នុងនោះយើងឃើញថា Samsung បានកែប្រែច្រើន បើធៀបនឹង Exynos 990 កាលពីឆ្នាំមុន ហើយសម្រាប់ការកែប្រែនេះដែរ អាចឲ្យយើងរំពឹងទុកបានថា វាមានសមត្ថភាពមិនចាញ់ Snapdragon 888 នោះឡើយ។ ទោះមិនប្រាប់ឲ្យដឹងដែរថា Samsung នឹងនាំយកឈីបថ្មីរបស់ខ្លួនទៅប្រើប្រាស់នៅលើ Galaxy S21 Series ហ្នឹងឯង ខណៈពេលដែលទូរសព្ទឆ្លាតលំដាប់កំពូលថ្មីនេះ នឹងបង្ហាញខ្លួនផ្លូវការ នៅថ្ងៃទី 14 ស្អែកនេះតែម្ដង ដូច្នេះយើងនឹងចាំមើលទាំងអស់គ្នាថា ឈីបខាងលើជួយ Galaxy S21 Series បានដូចម្តេចខ្លះ?

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង