ស៊ីភីយូ AMD Ryzen 5000 ប្រភេទ Mobile ទំហំ 7nm នឹងមាននៅលើឡេបថបស៊េរីឆ្នាំ 2021 ខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2021 កាលពីពេលយប់មិញនេះ AMD បានធ្វើការប្រកាសចេញ ស៊ីភីយូ Ryzen 5000 ប្រភេទ Mobile សម្រាប់បំពាក់លើឡេបថបស៊េរីឆ្នាំ 2021 តែម្ដង ដោយមានស៊ីភីយូថ្មីៗភាគច្រើន ត្រូវបានអភិវឌ្ឍន៍លើជំនាន់ Zen 3 ទំហំ 7nm ថែមទៀតផង។ ហាក់បីដូចជា ស៊ីភីយូជំនាន់មុនៗរបស់ AMD អ៊ីចឹងដែរ ដោយពួកវាត្រូវបានបែងចែងចេញជា 2 ត្រកូល គឺរួមមានដូចជា H-Series និង U-Series ទៅតាមសមត្ថភាពកម្លាំងរបស់ពួកគេ។

ស៊ីភីយូត្រកូល U-Series របស់ AMD គឺតំណាងឲ្យឡេបថបនានា ដែលមានកម្រាស់ស្ដើង ទុកសម្រាប់ការងារទូទៅ ក៏ដូចជាកម្មវិធីធំៗមួយចំនួន ហើយផ្ដល់ជូនថាមពលថ្មកាន់បានយូរម៉ោង នេះបើយោងតាម AMD លើកឡើងមក។ ចំណែកឯស៊ីភីយូលំដាប់ខ្ពស់ជាងគេ ប្រចាំត្រកូល U-Series នៅក្នុងឆ្នាំថ្មីនេះ គឺត្រូវជា Ryzen 7 5800U ដែលមានផ្ទុក 8-Core និង 16 Threads ហើយអាចប្រឹងដល់ល្បឿន 4.4GHz ជាល្បឿន Clock ខ្ពស់បំផុត។ ខណៈពេលដែលធ្វើបទបង្ហាញ កាលពីពេលយប់មិញ AMD បានអះអាងមកថា Ryzen 7 5800U មានសមត្ថភាពធ្វើការងារ Digital Content (ការងារទាក់ទងទៅនឹងការប្រើប្រាស់អ៊ីនធើណេត) បានល្អប្រសើរជាង Intel Core i7-1185G7 ដល់ទៅ 18% និងធ្វើដំណើរការមុខងារ Video Encoding លឿនជាង 44% ឯណោះ។

សម្រាប់ថាមពលថ្មវិញ AMD បានធ្វើតេស្ដលើឡេបថបមួយ ដែលមានថាមពលថ្មទំហំ 53Wh ជាមួយស៊ីភីយូ Ryzen 7 5800U ហើយអាចប្រើប្រាស់បានខ្ទង់ 21 ម៉ោង នៅពេលបើក Wi-Fi និងចាក់វីដេអូកម្រិត Full HD ចោល ឬក៏ទទួលបានខ្ទង់ 17 ម៉ោង តាមរយៈការតេស្ដលើកម្មវិធី MobileMark 2018 ជាដើម។ គួរបញ្ជាក់ផងថា ស៊ីភីយូ Ryzen 7 5800U និង Ryzen 5 5600U ទើបបានអាប់ដោតទៅប្រើប្រាស់ Zen 3 ជំនាន់ចុងក្រោយ ដោយឡែក ស៊ីភីយូ Ryzen 7 5700U, Ryzen 5 5500U និង Ryzen 3 5300U គឺនៅប្រើប្រាស់ Zen 2 ជំនាន់មុនដដែល គ្រាន់តែពួកវាសុទ្ធមានទំហំ 7nm ដូចៗគ្នាទាំងអស់។

ឥឡូវយើងចូលមកដល់ត្រកូល H-Series ដែលផ្ដោតសំខាន់ទៅលើ ឡេបថបប្រភេទ Gaming ដែលមានកម្រាស់ស្ដើងល្មម ហើយពួកវាសុទ្ធតែអភិវឌ្ឍន៍លើជំនាន់ Zen 3 ទាំងអស់ស្រាប់តែម្ដង។ ស៊ីភីយូដែលមានកម្លាំងខ្ពស់ជាងគេ ប្រចាំត្រកូល H-Series នៅក្នុងឆ្នាំនេះ គឺត្រូវជា Ryzen 9 5980HX ដែលមានផ្ទុក 8 Cores និង 16 Threads ហើយអាចប្រឹងបានដល់ 4.8GHz និងប្រើប្រាស់ថាមពល TDP នៃចំនួន 45W+ ច្រើនជាងគេ។

ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាបានចាប់អារម្មណ៍ហើយថា ស៊ីភីយូ Ryzen 3, Ryzen 5, Ryzen 7 និង Ryzen 9 របស់ AMD គឺអាចប្រៀបធៀបទៅនឹង ស៊ីភីយូ Core i3, Core i5, Core i7 និង Core i9 របស់ Intel បាន ដោយមួយរយៈពេលចុងក្រោយនេះ AMD ពិតជាអាចយកឈ្នះ Intel ស្ថិតត្រង់កម្លាំងខ្លាំងជាង និងមានតម្លៃខ្លួនសមរម្យជាងផងដែរ។ ក្រុមការងារយើងសង្ឃឹមថា ឡេបថបស៊េរីឆ្នាំ 2021 ជាមួយស៊ីភីយូ ស៊ីភីយូ AMD Ryzen 5000 ប្រភេទ Mobile ទំហំ 7nm ទាំងនេះ នឹងមានលើទីផ្សារស្រុកយើងឆាប់ៗ ដូច្នេះហើយ ក្រុមការងារយើងនឹងអាចធ្វើការតេស្ដ និងដាក់បង្ហាញជូនប្រិយមិត្តទាំងអស់គ្នាបាន។

ដោយ​ ៖ AMD
អត្ថបទទាក់ទង