Lenovo បានបញ្ចេញកុំព្យូទ័រយួរដៃ ThinkPad X1 Titanium Yoga ថ្មី ដោយតួខ្លួនធ្វើពីទីតាញ៉ូម និងមានកម្រាស់ស្ដើងមិនដល់ 12mm​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

Lenovo ក៏មិនខុសពីក្រុមហ៊ុនដទៃទៀតដែរ ពោលគឺគេបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ CES 2021 ដូចគ្នា ហើយនៅក្នុងនោះ ថែមទាំងបានប្រកាសចេញផលិតផលជាច្រើនទៀតផង។ ដោយឡែក យប់មិញនេះ ក្រុមហ៊ុនខាងលើ ក៏បាននាំយកខ្សែស្រឡាយកុំព្យូទ័រលំដាប់កំពូលរបស់ខ្លួន ទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍ខាងលើដែរ ជាក់ស្ដែងយើងឃើញមាន Lenovo ThinkPad X1 Titanium Yoga ម៉ូឌែលថ្មី ដែលមានតួខ្លួនធ្វើឡើងពីទីតាញ៉ូមតែម្ដង។

បើតាមការបង្ហាញចេញពីសំណាក់ Lenovo ផ្ទាល់បានធ្វើការបញ្ជាក់ឲ្យដឹងថា តួខ្លួនរបស់ ThinkPad X1 Titanium Yoga ត្រូវបានស្រោបដោយទីតាញ៉ូម ថែមទាំងមានកម្រាស់ស្ដើងត្រឹមតែ 11.5mm ប៉ុណ្ណោះ។ កុំព្យូទ័រយួរដៃម៉ូឌែលថ្មីនេះ វាជាប្រភេទកុំព្យូទ័រ 2-in-1 ដែលមានទំហំអេក្រង់ 13.5 អ៊ីញ មានកម្រិតសមាមាត្រ 3:2, កម្រិតបង្ហាញ 2K និងមានកម្រិតពន្លឺដល់ទៅ 450 nits ទៀតផង។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ ThinkPad X1 Titanium Yoga ត្រូវបានប្រើប្រាស់ CPU Core i7 vPro ជំនាន់ទី 11 របស់ Intel ក៏ដូចជាទទួលបានវិញ្ញាបនបត្រ Intel EVO ផងដែរ (មានន័យថា Intel បានទទួលស្គាល់បន្ថែមទៅលើកម្លាំង, មុខងារ និងថាមពលថ្មរបស់វា ស្ថិតនៅលំដាប់ខ្ពស់)។ សម្រាប់ផ្នែករ៉េមវិញ អ្នកប្រើប្រាស់អាចធ្វើការ Upgrade ទៅប្រើប្រាស់រ៉េមទំហំ 16GB ជាមួយអង្គផ្ទុក 1TB ប្រភេទ SSD PCIe តែម្ដង កាន់តែពិសេសនោះ វាក៏គាំទ្រជាមយយ 5G ព្រមទាំងមានរន្ធ Thunderbolt 4 ចំនួន 2 ផត។

ទន្ទឹមគ្នានឹងម៉ូឌែលខាងលើ Lenovo ក៏បានបញ្ចេញកុំព្យូទ័រយួរដៃត្រកូល ThinkPad មួយចំនួនទៀតដែរ ជាក់ស្ដែងដូចជា ThinkPad X1 Carbon Gen 9 និង ThinkPad X1 Yoga Gen 6 ហើយ Laptop ទាំងពីរម៉ូឌែលនេះ គឺជាម៉ូឌែលដំបូងបំផុត ដែលមានគាំទ្រជាមួយបច្ចេកវិទ្យាសម្លេង Dolby Voice ទៀតផង ដោយ Lenovo បញ្ជាក់ថា បច្ចេកវិទ្យានេះ វាជួយឲ្យសម្លេងនៅពេល Call ជាវីដេអូកាន់តែប្រសើរ ពោលគឺកាន់តែទទួលបានបទពិសោធន៍ ដូចសម្លេងធម្មជាតិជាងមុន ក៏ដូចជាច្បាស់ល្អផងដែរ។ ក្រុមហ៊ុនខាងលើបន្ថែមថា ទាំង X1 Carbon និង X1 Yoga គឺសុទ្ធតែមានកម្រិតសមមាត្រអេក្រង់ 16:10 ដូចគ្នា ក៏ដូចជាមានភ្ជាប់មកជាមួយថាមពលថ្មធំជាងជំនាន់មុន ព្រមទាំងមាន Touchpad ធំទូលាយ។ 

សម្រាប់ផ្នែកតម្លៃវិញ ចំពោះម៉ូឌែលខ្ពស់ជាងគេ ពោលគឺ ThinkPad X1 Titanium Yoga វានឹងត្រូវក្រុមហ៊ុនខាងលើ ដាក់លក់ក្នុងតម្លៃចាប់ផ្តើមពី 1,899 ដុល្លារឡើងទៅ ហើយអាចនឹងមានលើទីផ្សារ នៅក្នុងអំឡុងខែនេះទៅតែម្ដង។ 

ខណៈពេលដែលម៉ូឌែល ThinkPad X1 Carbon Gen 9 នេះវិញ វានឹងមាននៅលើទីផ្សារចាប់ពីខែកុម្ភៈទៅ ជាមួយតម្លៃចាប់ផ្តើមពី 1,429 ដុល្លារ។

ចុងក្រោយគេ សម្រាប់ម៉ូឌែល ThinkPad X1 Yoga Gen 6 វានឹងមានលក់ចាប់ពីខែកុម្ភៈទៅដូចគ្នា ដោយមានតម្លៃចាប់ពី 1,569 ដុល្លារឡើងទៅ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង