ស៊ីភីយូលំដាប់កំពូល Intel Core i9-11900K នឹងដាក់លក់លើកដំបូង នៅដើមឆ្នាំ 2021 នេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ហាក់បីដូចជា រៀងរាល់ឆ្នាំអ៊ីចឹងដែរ ដោយព្រឹត្តិការណ៍តាំងពិពណ៌ CES 2021 ពិតជាបាននាំយកនូវ បច្ចេកវិទ្យាថ្មីៗ ក៏ដូចជាផលិតផលថ្មីៗ ពីក្រុមហ៊ុនតូចធំជាច្រើន ទូទាំងពិភពលោក។ លើកនេះ មួយក្នុងចំណោមសមិទ្ធផលថ្មីៗរបស់ Intel ដែលបានធ្វើការដាក់បង្ហាញ នោះគឺត្រូវជាស៊ីភីយូលំដាប់កំពូល Core i9-11900K របស់ពួកគេតែម្ដង ជាមួយកម្លាំងខ្លាំងជាងមុនច្រើន និងគ្រោងដាក់លក់លើទីផ្សារ នៅត្រីមាសទី 1 នៃឆ្នាំ 2021 ជាលើកដំបូង។

អ្វីដែល Intel បានលើកឡើងមកត្រួសៗ អំពីលក្ខណៈសម្បត្តិរបស់ Core i9-11900K នោះគឺមានដូចជា មុខងារ AI អាចធ្វើការបានល្អប្រសើរជាងមុន, ក្រាហ្វិកកាតជាប់ល្អជាងមុន 50% និងចំនួន IPC (Instructions Per Cycle) ច្រើនជាងមុនខ្ទង់ 19% ជាដើម។ បើយោងតាមការប្រកាសដោយ Intel ផ្ទាល់តែម្ដង គឺមានបញ្ជាក់ប្រាប់ឲ្យដឹងថា ស៊ីភីយូលំដាប់កំពូលនេះ បានផ្ទុក 8 Cores និង 16 Threads ជាមួយសមត្ថភាពអាចប្រឹងរហូតដល់ល្បឿន 5.3GHz ក៏ដូចជាគាំទ្រ RAM ប្រភេទ DDR4 ក្នុងល្បឿន 3,200MHz, គាំទ្រ PCIe 4.0 រហូតដល់ 20 Lanes, គាំទ្រឈីប 500 Series ស៊េរីថ្មី ព្រមទាំងគាំទ្រជាមួយឈីប 400 Series ជំនាន់មុនផងដែរ។ គួរបញ្ជាក់ផងថា ស៊ីភីយូ Core i9-11900K នៅតែមានទំហំ 14nm ដដែលទេ ប៉ុន្ដែពួកគេបានប្រើប្រាស់ Core ប្រភេទថ្មី Cypress Cove ដែលមាននៅលើស៊ីភីយូទំហំ 10nm ដូច្នេះហើយ Intel សន្យាថា វានឹងមានសមត្ថភាពខ្លាំងជាង ស៊ីភីយូទំហំ 14nm ជំនាន់ពីមុនៗមក។

ចំណែកឯមូលហេតុដែល ស៊ីភីយូ Core i9-11900K មានចំនួន Core និង Thread តិចជាងស៊ីភីយូ Core i9-10900K ជំនាន់មុន (10 Cores & 20 Threads) ក៏ដោយសារតែ ចំនួន Core យកមកប្រើប្រាស់ពីស៊ីភីយូ 10nm គឺកំពុងអភិវឌ្ឍន៍ឲ្យគាំទ្រត្រឹមតែ 8 Cores សិនប៉ុណ្ណោះ នេះបើយោងតាម Intel ធ្វើការពន្យល់ដោយផ្ទាល់។ នាពេលបច្ចុប្បន្ននេះ Intel មិនទាន់បានប្រាប់ពី តម្លៃរបស់ស៊ីភីយូកំពូល Core i9-11900K នៅឡើយទេ ប៉ុន្ដែត្រូវបានគេរំពឹងទុកថា នឹងអាចដឹងក្នុងពេលឆាប់ៗនេះហើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង