អំឡុងឆ្នាំ 2020 កន្លងទៅនេះ App Store រកចំណូលបានដល់ទៅខ្ទង់ 64 ពាន់លានដុល្លារឯណោះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

Apple បានក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយ ដែលមានប្រាក់សរុបរហូតដល់ទៅ 2 ទ្រីលានដុល្លារឯណោះ និងបានធ្វើឲ្យលោក Tim Cook (CEO ប្រចាំ Apple) ក្លាយជាមហាសេដ្ឋីពាន់លាន ថែមទៀតផង កាលពីឆ្នាំ 2020 កន្លងទៅនេះ។ បើយោងតាមទិន្នន័យថ្មី ដោយក្រុមសារព័ត៌មាន CNBC បានរាយការណ៍មកថា គ្រាន់តែ App Store តែឯង បាននាំយកប្រាក់ចំណូលទៅឲ្យ Apple បានប្រមាណជាង 64 ពាន់លានដុល្លារ នៅអំឡុងឆ្នាំ 2020 ហើយបន្ដកើនឡើងច្រើនជាងឆ្នាំមុនៗទាំងអស់។

ខណៈពេលដែល កាលពីឆ្នាំ 2019 ក្រុមហ៊ុន Apple បានប្រមូលប្រាក់ចំណូលពី App Store បានច្រើនជាងឆ្នាំ 2018 ត្រឹមតែ 3.1% ប៉ុណ្ណោះ ដោយឡែក សម្រាប់ឆ្នាំ 2020 មុននេះវិញ គឺប្រទះឃើញកើនឡើងដល់ទៅខ្ទង់ 28% បើប្រៀបធៀបទៅនឹងក្នុងឆ្នាំ 2019 នោះ។ ហេតុដូច្នេះហើយ នេះក៏មានន័យថា វីរុសកូវីដ-19 បានជួយធ្វើឲ្យអ្នកប្រើប្រាស់ទិញកម្មវិធី ឬហ្គេមពី App Store ច្រើនជាងមុន ព្រោះតែពួកគេមានពេលទំនេរច្រើននៅផ្ទះ ហើយមិនអាចធ្វើសកម្មភាពផ្សេងៗ នៅក្រៅផ្ទះបានច្រើន ដូចជាក្នុងឆ្នាំមុនៗទៀត។ បន្ទាប់ពីទទួលរងការរិះគន់ថា Apple មានអំណាចខ្លាំងពេក ហើយបិទសិទ្ធិប្រកួតប្រជែងមក ទើបបានជាពេលថ្មីៗនេះ ពួកគេបានសម្រេចចិត្តឲ្យស្នើសុំកាត់ថ្លៃពន្ធ App Store មកត្រឹម 15% វិញ (ថ្លៃពន្ធពេញ 30%) សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី ឬហ្គេម ដែលរកប្រាក់ចំណូលបានក្រោម 1 លានដុល្លារ ជាដើម។

ហាក់បីដូចជា រូបភាពបង្ហាញពីក្រាបសសរនៅខាងលើនេះ គឺបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ប្រាក់ចំណូលចេញពី App Store បានកើនឡើងរហូត ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ 2014 រហូតដល់ឆ្នាំ 2020 ផងដែរ។ យ៉ាងណាមិញ ដោយសារតែ App Store ក៏ត្រូវបានធ្វើឲ្យគេមិនពេញចិត្តជាមួយ Apple ដែរ ដោយក្រុមហ៊ុន Epic Games និង Facebook ចោទប្រកាន់ថា Apple មានអំណោចគ្រប់គ្រងពេក ហើយមិនមានសិទ្ធិសេរីដូចជា Play Store របស់ Google ឡើយ។

ដោយ​ ៖ CNBC
អត្ថបទទាក់ទង