Facebook នឹងនាំយកបទពិសោធន៍ថ្មី តាមរយៈការលុបបំបាត់ប៊ូតុង Like ចេញពីផេក​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

មនុស្សមួយចំនួនក៏បានដឹងរួចមកហើយថា ប៊ូតុង Like គឺមានដើមកំណើតដំបូងៗចេញមកពី Vimeo កាលពីអំឡុងឆ្នាំ 2005 ដោយក្រុមហ៊ុន Facebook បានធ្វើឲ្យមុខងារមួយនេះ មានភាពល្បីល្បាញខ្លាំង ក្រោយពីបានដាក់បញ្ចូលទៅក្នុង វេបសាយបណ្ដាញសង្គមរបស់ពួកគេ ចាប់តាំងពីឆ្នាំ 2007 មកដល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ Facebook កំពុងតែប្រកាសនាំយកបទពិសោធន៍ថ្មី ឬការផ្លាស់ប្ដូរថ្មី ដោយជាការដកប៊ូតុង Like ចេញពីផេក ហើយផ្ដោតសំខាន់ទៅលើចំនួន Followers វិញ។

នេះពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ព្រមទាំងមិនបានរំពឹងទុកមុនឡើយ ដោយអ្នកប្រើប្រាស់ទាំងអស់ សុទ្ធតែធ្លាប់បានដឹងថា ប៊ូតុង Like ជាមុខងារចម្បងដ៏សំខាន់មួយ ដែលធ្វើឲ្យគេស្គាល់ និងចូលចិត្ត Facebook អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ស្របនឹងពេលប្រកាសគម្រោងថ្មីនេះ Facebook បានពន្យល់ប្រាប់ថា ពួកគេចង់ឲ្យអ្នកគ្រប់គ្រងផេក អាចទំនាក់ទំនងបានល្អ ជាមួយអ្នកគាំទ្រពិតប្រាកដ ជាងអ្នកដែលចេះតែចុច Like ផេករបស់ពួកគេចោល។

ការចុច Follow លើផេកណាមួយ គឺមានឱកាសទទួលបានដំណឹង និងប្រទះឃើញលោតចេញលើ News Feed របស់អ្នកប្រើប្រាស់ ច្រើនជាងការចុច Like ធម្មតា រៀងរាល់ពេលដែលបង្ហោះរូបភាព ឬវីដេអូថ្មីៗ ជាដើម។ ហេតុដុច្នេះហើយ នាពេលឆាប់ៗនេះ ផេករបស់ Facebook នឹងបាត់បង់ចំនួន Like ហើយដាក់បង្ហាញពីចំនួន Follower ពិតប្រាកដវិញ រីឯអ្នកគ្រប់គ្រងផេក ក៏មានសិទ្ធិក្នុងការចុច Follow ទៅគណនីរបស់អ្នកគាំទ្រណាម្នាក់វិញបានដែរ។

ហាក់បីដូចជា Instagram អ៊ីចឹងដែរ ដោយ Facebook នឹងផ្ដោតសំខាន់ទៅលើប៊ូតុង Follow វិញ ប្រសិនបើចង់តាមដានផេកណាមួយ នៅក្នុងពេលខាងមុខនេះ។ ជាការពិតណាស់ អ្នកប្រើប្រាស់ទាំងអស់ នៅតែអាចចុច Like ទៅលើរូបភាព, វីដេអូ ឬតំណភ្ជាប់ណាមួយ ដែលផេកបានបង្ហោះឡើងមកដដែល គ្រាន់តែបាត់បង់ចំនួន Like សរុបរបស់ផេកនោះទេ។

ដោយ​ ៖ Facebook
អត្ថបទទាក់ទង