ពេលនេះ លោក Elon Musk បានក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លើពិភពលោក​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

លោក Jeff Bezos ដែលត្រូវជានាយកប្រតិបត្តិប្រចាំ វេបសាយលក់ទំនិញអនឡាញ Amazon ធំជាងគេមួយ បានរកឃើញអ្នកជំនួសតំណែងថ្មីហើយ ដោយលោក Elon Musk ក្លាយទៅជាជាមហាសេដ្ឋីមានជាងគេបង្អស់លើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីបានយកឈ្នះលោក Bill Gates ដើម្បីក្លាយទៅជាមហាសេដ្ឋី ដែលមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក កាលពីប៉ុន្មានខែមុននេះហើយ ដោយលោក Elon Musk បានបន្ដឡើងដល់លំដាប់កំពូលយ៉ាងលឿន ស្ទើរតែមិនគួរឲ្យជឿឡើយ។

មូលហេតុចម្បង ដែលបានធ្វើឲ្យលោក Elon Musk កើនទ្រព្យសម្បត្តិលឿនយ៉ាងនេះ ក៏ដោយសារតែ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានប្រទះឃើញកើនឡើងជាបន្ដបន្ទាប់ ជាពិសេសនៅមួយរយៈពេលចុងក្រោយនេះ។ ហេតុដូច្នេះហើយ ព្រោះតែលោក Elon Musk កាន់កាប់ភាគហ៊ុនប្រមាណជាង 20% នៃក្រុមហ៊ុន Tesla ទើបបានទ្រព្យសម្បត្តិរបស់គាត់ ចាប់ផ្ដើមកើនឡើងលឿន គួរឲ្យកត់សម្គាល់មែនទែន។ 

គួរបញ្ជាក់ផងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅ លោក Elon Musk គឺមានទ្រព្យសម្បត្តិខ្ទង់ 128 ពាន់លានដុល្លាររួចមកហើយ រីឯលោក Jeff Bezos មានទ្រព្យសម្បត្តិខ្ទង់ 182 ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងតំណែងលេខ 1 ក្នុងពេលនោះផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោក Elon Musk ក៏បានកើនឡើងយ៉ាងលឿនដល់ទៅខ្ទង់ 188 ពាន់លានដុល្លារឯណោះ ដោយឡែក លោក Jeff Bezos កំពុងស្ថិតនៅក្រោមបន្ដិច នោះគឺមានទ្រព្យសម្បត្តិខ្ទង់ 187 ពាន់លានដុល្លារ។

ទើបតែខែវិច្ឆិកា ឆ្នាំមុនកន្លងទៅប៉ុណ្ណោះ ដែលលោក Elon Musk បានយកឈ្នះលោក Bill Gates ក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក ហើយមកដល់ពេលនេះ ក៏ឡើងលំដាប់កំពូលយ៉ាងលឿនតែម្ដង។ បើមើលទៅលើទ្រព្យសម្បត្តិរវាងលោក Jeff Bezos និងលោក Elon Musk មិនសូវជាខុសគ្នាឆ្ងាយនោះទេ ដូច្នេះហើយ នាពេលអនាគតខាងមុខ មេ Amazon ទំនងជានៅមានឱកាសតទៀត ដើម្បីដណ្ដើមយកតំណែងរបស់គាត់វិញក៏អាចថាបាន។

ដោយ​ ៖ Bloomberg
អត្ថបទទាក់ទង