iPad ទទួលបានហ្គេមដំបូងបង្អស់ ជាមួយការបញ្ជាលេងដោយប្រើ Mouse និងក្ដារចុចតែម្ដង​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពី Apple បានបន្ថែមការគាំទ្រឲ្យប្រើប្រាស់ Mouse, Trackpad និងក្ដារចុចយ៉ាងពេញលេញបាន សម្រាប់ពពួក iPad ដំណើរការនៅលើជំនាន់ iPadOS 14 កន្លងមក ដោយទើបនឹងពេលថ្មីៗនេះ យើងក៏ប្រទះឃើញមានហ្គេមមួយ បានអាប់ដោតឲ្យអ្នកលេង ធ្វើការបញ្ជាលេងជាមួយ Mouse និងក្ដារចុចលើកដំបូង ថែមទៀតផង។ ហ្គេមមួយនោះគឺមានឈ្មោះហៅថា Pascal’s Wager តម្លៃ 4.99 ដុល្លារនៅលើ App Store ហើយវាបានក្លាយទៅជា ហ្គេមដំបូងបង្អស់សម្រាប់ iPad ដែលអាចបញ្ជាលេងតាម Mouse និងក្ដារចុចបានដោយជោគជ័យ។

Pascal's Wager ជាហ្គេមប្រភេទ ARPG (Action Role-Playing Game) ដែលមានការវាយប្រហារយ៉ាងសកម្ម លាយជាមួយវេទមន្ត ដើម្បីឆ្លងកាត់សត្រូវបិសាច ពីមួយវគ្គទៅមួយវគ្គ ទៅតាមសាច់រឿងរបស់វា។ ពេលនេះ ក្រុមហ៊ុនបង្កើតហ្គេមឈ្មោះថា Giant Network បានសម្រេចចិត្តផ្ដល់ជូនការគាំទ្រ ឲ្យអ្នកលេងលើ iPad ជំនាន់ iPadOS 14 ឡើងទៅទាំងអស់ ធ្វើការបញ្ជាលេងដោយប្រើ Mouse និងក្ដារចុចបានសេរី ហាក់បីដូចជា ការបញ្ជាលេងនៅលើកុំព្យូទ័រអ៊ីចឹងដែរ។ តាំងពីពេលមុនៗមក ហ្គេម Pascal's Wager ក៏បានឲ្យអ្នកលេងរបស់ខ្លួន ធ្វើការតភ្ជាប់ដៃបញ្ជា Xbox ឬ PlayStation ដើម្បីបញ្ជាលេងបានដូចគ្នា ហើយរហូតមកដល់ពេលថ្មីៗនេះ ទើបចាប់ផ្ដើមផ្ដល់ជូនជម្រើសបន្ថែមទៀត ជាមួយការបញ្ជាលេងដោយប្រើ Mouse និងក្ដារចុចនេះ។

***ដើម្បីចូលទៅទស្សានាវីដេអូខ្លី ដែលដាក់បង្ហាញពីការបញ្ជាលេងលើ iPad សូមចុចទីនេះ

នាពេលបច្ចុប្បន្ននេះ ហ្គេម Pascal’s Wager កំពុងតែដាក់ឲ្យជាវលេងនៅលើ App Store និង Play Store ជាមួយតម្លៃខ្ទង់ 4.99 ដុល្លារ ដោយវាទទួលបានផ្កាយខ្ពស់គ្រាន់បើ (4.3/5 លើ App Store និង 4.4/5 លើ Play Store)។ ប្រសិនបើប្រិយមិត្តកំពុងតែមាន iPad ដើរលើ iPadOS 14 ឡើងទៅ គឺអាចធ្វើការសាកល្បងជាវលេងបាន ដើម្បីទទួលយកបទពិសោធន៍ថ្មីជាមួយ Mouse និងក្ដារចុច ជំនួសឲ្យការថាច់ស្រ្គីនវិញ។

ដោយ​ ៖ App Store
អត្ថបទទាក់ទង